ព័ត៌មានសិល្បៈ និងកម្សាន្ត

កក្រើកពិពរ័ណ៌គំនូរ ពេលឃើញតារាសិល្បៈរំលេចឈុតបុរាណ

ចាត់ទុកជាលើកទី២ដែលតារាសិល្បៈចាស់ក្មេងល្បីឈ្មោះបានរួមកម្លាំងគ្នា រំលេចឈុតបុរាណខុសៗសម័យកាលគ្នា ទៅចូលរួមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៌ផ្ទាំំងគំនូរធំមួយ ដែលបានធ្វើឡើងកាលល្ងាចពីថ្ងៃទី២៦ មេសា មជ្ឈមណ្ឌលវប្បធម៌បារាំង។
សម្លៀកបំពាក់ស្ទើរតែគ្រប់សម័យកាល រួមមានក្នុងសម័យលង្វែក សម័យលោកម្ចាស់ សម័យអាណានិគមបារាំង សម័យបុរេប្រវត្តិ និងសម័យផ្សេងទៀត សុទ្ធតែត្រូវបានក្រុមសិល្បករមួយក្រុមធំមកពី«គ្រួសារតារាកម្ពុជា» រំលេចយ៉ាងកក្រើកព្រឹត្តិការណ៍ ខណៈដែលពិធីមួយនោះ ក៏មានភ្ញៀវជាជនបរទេសកុះករសុំថត និងចាប់អារម្មណ៍ស្កេកស្កះ។

អ្នកនាង ឈួន សុវណ្ណឆៃ ដែលបានតែងជាក្នុងសម័យលង្វែកពណ៌ទឹកប្រាក់យ៉ាងស្រស់ស្អាត បានថ្លែងបញ្ជាក់ថា ជាលើកទី១ដែលអ្នកនាងបានចូលរួមក្នុងកម្មវិធីបែបនេះ ហើយកាន់តែសប្បាយទ្វេរដងពេលឃើញតារាសិល្បៈកុះករតែងតួក្នុងទម្រង់បុរាណបង្អួតគ្នា ដែលមិនខុសពីរួមគ្នាលើកកម្ពស់សិល្បៈបុរាណរបស់ខ្មែរ។

អ្នកនាងថាចង់ឃើញកម្មវិធីដែលមានលក្ខណៈសិល្បៈបែបលើកស្ទួយវប្បធម៌បុរាណបែបនេះអោយបានច្រើន ដើម្បីរំលេចអោយខ្មែរ និងក្មេងជំនាន់ក្រោយមើលឃើញពីតម្លៃរបស់សំលៀកបំពាក់របស់ខ្មែរឡើងវិញ។

អ្នកនាង ភិន សុដាលីស ដែលជាតារាស្រករក្រោយ ក៏បង្ហាញពីការពេញចិត្តពេញថ្លើម ក្នុងការចូលរួមនូវកម្មវិធីដែលមានលក្ខណៈជាទម្រង់វប្បធម៌បែបនេះផងដែរ បើទោះជានាងគឺជាតារាស្រករក្រោយដែលមើលឃើញតែភាពស៊ីវិល័យច្រើនជាងបុរាណ។ ក្នុងនាមជាតារាសិល្បៈម្នាក់ អ្នកនាងកោតសរសើរពីការចូលរួមរបស់«គ្រួសារតារាកម្ពុជា»យ៉ាងខ្លាំង ដែលសកម្មភាពនេះ គឺជាការរួមចំណែកមួយយ៉ាងធំ ដើម្បីសិល្បៈវប្បធម៌របស់ជាតិ ដែលជាទម្រង់បុរាណរបស់ជាតិ។

លោក សុះ ម៉ាច ដែលជាសិល្បកររៀមច្បងក៏បានថ្លែងកោតសរសើរចំពោះគំនិតនៃការរៀបចំរបស់«គ្រួសារតារាកម្ពុជា»និងអ្នករៀបចំកម្មវិធីនេះដែរ ជាពិសេសគឺក្រុមសិល្បករតែម្ដង ដោយសារតែមិនត្រឹមតែមិនទទួលបានផលប្រយោជន៍ណាមួយពីការចូលរួមប៉ុណ្ណោះទេ ប៉ុន្តែបានប្រើគ្រប់មធ្យោបាយ ដើម្បីបានតែងខ្លួនក្នុងទម្រង់បុរាណប្លែកៗ ដែលមានន័យថាលះបង់ទាំងកម្លាំងកាយ ទាំងពេលវេលា និងលុយកាក់ផ្ទាល់ខ្លួន ដើម្បីរួមចំណែកលើកស្ទួយវប្បធម៌។

សមាសភាពតារាសិល្បៈពី«គ្រួសារតារាកម្ពុជា»ដែលបានរំលេចឈុតប្រពៃណីស្ទើរតែគ្រប់ជំនាន់នៅក្នុងពិធីនោះរួមមាន សិល្បកររៀមច្បង លោក សុះ ម៉ាច, អ្នកនាងព្រំ រដ្ឋា, អ្នកនាងឈួន សុវណ្ណឆៃ, តារាសម្ដែង អ្នកនាងភិន សុដាលីស, លោកភឹម តារាវិបុល តារាសម្ដែង, កញ្ញារំដួលលិចទឹក, លោកលាង ឧត្តម តារាសម្ដែង, លោកស៊ិន សុធារិទ្ធិ តារាសម្ដែង, កញ្ញាអ៊ុង នីនិច តារាចម្រៀង, លោកថៃ ប៊ុននាង តារាសម្ដែង, លោកសន សុវណ្ណារ៉ា, លោកដួង តារាផាឌីន តារាចម្រៀង, អ្នកនាងចាន់ តារាគន្ធី តារាចម្រៀង, កញ្ញាមុន្នីរក្សា តារាសម្ដែង, លោក ឈឹម ចំរើន តារាសម្ដែង, កញ្ញារៀម ច័ន្ទបរមី តារាសម្ដែង, លោកខេន វណ្ណាថាត់ ពិធីករ, លោក លោកទេព រិទ្ធីនី តារាសម្ដែង, លោកហួរ សុផល តារាចម្រៀង, លោកឡុង សុខហៀង តារាសម្ដែង, លោកង៉ែត សុភ័ក្រ្ត តារាសម្ដែង, កញ្ញារក្សា តារាសម្ដែង, លោក មាស សៀវប៉ាយ តារាសម្ដែង, កញ្ញានី ម៉ារីណា តារាសម្ដែង, កញ្ញាមុន្នីរក្សា តារាសម្ដែង, កញ្ញាអូនពេជ្រ តារាសម្ដែង, និងសមាសភាពសិល្បករសិល្បការិនីជាច្រើនរូបទៀត ដែលត្រូវគេស្គាល់ថាសុទ្ធសឹងតែជាសមាជិករបស់គ្រួសារតារាកម្ពុជា។ ក្នុងនោះក៏មានតារាជាភ្ញៀវកិត្តិយសចូលរួមពីខាងក្រៅក្រុមផងដែរ៕

https://youtu.be/LoHtbblxgkA

មតិយោបល់