កូរ៉េៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ក្រុងព្យុងយ៉ាង នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅកាន់តំបន់ព្រំដែនគ្មានយោធា ដើម្បីធ្វើកិច្ចប្រជុំកំពូលប្រវត្តិសាស្ត្រ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅលើដីដែលបែងចែកប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។
កិច្ចប្រជុំនេះ បានធ្វើទ្បើងនៅភាគខាងត្បូងនៃភូមិប៉ាន់មីនជុម ដែលជាទីតាំងបានបញ្ចប់នៅក្នុងបទឈប់បាញ់គ្នា ចាប់តាំងពីសង្គ្រាមកូរ៉េ (១៩៥០-៥៣) ដែលវានឹងក្លាយជាជំនួបប្រជុំកម្រិតខ្ពស់បំផុត រវាងអន្តរកូរ៉េ បន្ទាប់ពីមានវិបត្តិការទូត ទាក់ទងបញ្ហានុយក្លេអ៊ែរកន្លងមក ហើយតាមរយៈកិច្ចប្រជុំនេះ នឹងបើកផ្លូវសម្រាប់កិច្ចប្រជុំកំពូលមួយទៀត ដែលរំពឹងទុកធ្វើនាពេលខាងមុខ រវាងលោកគីម និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ KCNA របស់កូរ៉េខាងជើង បាននិយាយថា លោក គីម នឹងបើកចំហរចំពោះការពិភាក្សាគ្រប់បញ្ហាទាំងអស់ ដើម្បីលើកកម្ពស់ទំនាក់ទំនងអន្តរកូរ៉េ ក៏ដូចជាសម្រេចបាននូវសន្តិភាព ភាពចម្រុងចម្រើន និងការបង្រួបបង្រួមទ្បើងវិញ នៅលើឧបទ្វីបកូរ៉េ។
សូមជំរាបថា លោក មូន ត្រូវបានគេដឹងថា នឹងទទួលស្វាគមន៍ការមកដល់របស់លោក គីម នៅប្លុកផ្លូវបេតុងជាតំបន់ព្រំដែនគ្មានយោធា រវាងកូរ៉េទាំងពីរ ដើម្បីចាប់ផ្តើមឱកាសនៃកិច្ចប្រជុំដ៏កម្រមួយ៕
មតិយោបល់