ព័ត៌មានសិល្បៈ និងកម្សាន្ត

សុខ សោម៉ាវត្តី និងញ៉ែម សុគន្ធ ស្នើអោយទទួលខុសត្រូវលើការប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍

តារាល្បីៗច្រើននាក់បានបង្ហាញពីការចាប់អារម្មណ៍លើករណីគ្រោះថ្នាក់ចរចរណ៍ក្នុងពេលពួកគេបានជួបជុំគ្នាក្នុងវេទិកាជុំវិញពីការបើកលក់កញ្ចប់ធានារ៉ាប់រងពីគ្រោះថ្នាក់ចរាចរណ៍របស់ក្រុមហ៊ុន អេច អាយ ម៉ាក្រូ អិនសួរេន ដែលជាក្រុមហ៊ុនវិនិយោគថៃ និងអូស្រ្តាលី កាលពីថ្ងៃទី២៩ ឧសភា កន្លងទៅ។ ក្នុងចំណោមនោះតារាសម្ដែងល្បីឈ្មោះ២រូប គឺអ្នកនាងសុខ សោម៉ាវត្តី និងលោកញ៉ែម សុគន្ធ បានស្នើដោយទទូចតែម្ដង ថាពលរដ្ឋខ្មែរជាពិសេសអ្នកមានសកម្មភាពត្រូវធ្វើដំណើរច្រើន គួរតែមានកញ្ចប់មួយនេះ ដើម្បីការពារអាយុជីវិត។

អ្នកនាងសុខ សោម៉ាវត្តី និយាយថាគ្រោះថ្នាក់ចរាចរណ៍មិនមានអ្នកចង់ធ្វើអោយកើតមានឡើងនោះទេ ប៉ុន្តែបញ្ហាដែលត្រូវប្រឈមគឺស្ទើរតែមានគ្រប់បុគ្គលទាំងអស់នៅលើដងផ្លូវ។ អ្នកនាងថាវាជារឿងប្រសើរណាស់ដែលពលរដ្ឋខ្មែរចំណាយត្រឹមតែចំនួនមួយតិចតួចជារៀងរាល់ខែ ហើយដល់ពេលកើតមានបញ្ហាអាចមានកញ្ចប់ដោះស្រាយសម្រាប់ប្រពន្ធកូន ឬក្រុមគ្រួសារដែលត្រូវទទួលបន្ទុក។ អ្នកនាងថាក្រោយពីបានស្ដាប់ពីគោលការណ៍គឺអតិថិជនតម្រូវអោយបង់ត្រឹមមួយខែពី១៧ដុល្លារ រហូតដល់៨០ដុល្លារប៉ុណ្ណោះជារៀងរាល់ខែសម្រាប់អ្នកប្រើប្រាស់ម៉ូតូ រម៉កកង់បី រហូតដល់អ្នកបើកឡានធំៗ ដែលចំនួននេះអ្នកនាងថាពលរដ្ឋអាចមានលទ្ធភាព ហើយគួរតែចាប់អារម្មណ៍ធ្វើការចំណាយ។

លោកញ៉ែម សុគន្ធ និយាយថាទោះជាមានការប្រុងប្រយ័ត្នកម្រិតណាក៏ដោយក៏ស្ថានភាពគ្រោះថ្នាក់នៅតែកើតមានឡើងដោយសារតែមានបុគ្គលខ្លះប្រើប្រាស់យានជំនិះមិនគោរពច្បាប់។ លោកថាជារឿងប្រសើរដែលក្រុមហ៊ុនបរទេសបានសម្រេចបោះទុនបង្កើតអោយមានកញ្ចប់ធានារ៉ាប់រងមួយនេះ ដែលលោកយល់ថាមិនមែនត្រឹមតែលោកនោះទេត្រូវប្រើ គឺពលរដ្ឋដែលមានលទ្ធភាពផ្សេងទៀតក៏គួរកុំប្រហែស។ លោកថានេះជាការទទួលខុសត្រូវរបស់បុគ្គលគ្រប់រូប ដើម្បីអោយគ្រួសារ ឬប្រពន្ធកូន ទទួលបាននូវអត្ថប្រយោជន៍មួយក្រោយពេលជននោះបានជូបគ្រោះថ្នាក់ជាយថាហេតុ។ លោកសារិន វ៉ាត់ណាត់ដាណៃ នាយកក្រុមហ៊ុន H.I Micro Insurance បានអះអាងថា ដោយសារតែស្ថានភាពប្រទេសកម្ពុជាកើតមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន ហើយភាគច្រើនអ្នកមានបញ្ហាមិនទទួលបានកញ្ចប់ណាមួយដើម្បីដោះស្រាយ ទើបលលោកសម្រេចចិត្តដឹកដៃគូមកធ្វើសេវាកម្មមួយនេះ។ មកទល់ពេលនេះលោកថាមានតារាសិល្បៈច្រើនឡើងបានចាប់អារម្មណ៍ទទួលទិញគម្រោងមួយនេះ ដែលលោកបានចាត់ទុកថាតារាល្បីៗទាំងនោះ គឺបានរួមចំណែកជួយអ្នកមិនទាន់មានការទទួលខុសត្រូវផ្សេងទៀតផ្ដោតការចាប់អារម្មណ៍៕

មតិយោបល់