ព័ត៌មានសិល្បៈ និងកម្សាន្ត

Miss Global Cambodia ត្រលប់មកកម្ពុជា ស្របគ្នាម្ចាស់មកុដ ប្រឈមដកតំណែង

កាលពីយប់ថ្ងៃទី២៦ មេសា កញ្ញា ផរ រីណា (pho Ryna) កញ្ញាឯក Miss Global Cambodia 2017 វ័យ២៦ឆ្នាំជាកូនខ្មែរនៅអាមេរិក បានមកដល់កម្ពុជាសារជាថ្មី បន្ទាប់ពីនាងបានបញ្ចប់ការប្រកួត Miss Global International ឆ្នាំ២០១៧ កាលពីពេលថ្មីៗ ហើយវិលត្រលប់ទៅសហរដ្ឋអាមេរិកវិញ។ ដំណើរមកដល់កម្ពុជាលើកនេះ គឺមកក្នុងគម្រោងធ្វើសកម្មភាពសប្បុរសធម៌ លើកដំបូងលើទឹកដីកំណើតរបស់ខ្លួន ខណ:ដែលនាងនឹងចំណាយពេលជាមួយក្មេងៗ និងអង្គការក្មេងកំព្រារហូតដល់៣សប្ដាហ៍ បូករួមទាំងដំណើរទស្សនកិច្ច នៅតាមតំបន់សំខាន់ៗរបស់កម្ពុជាផង ដើម្បីពាំនូវចំណេះដឹងយកទៅផ្សព្វផ្សាយបន្តលើឆាកអន្តរជាតិ។

តំណាងកញ្ញាឯករូបនេះបញ្ជាក់ថា កញ្ញា ផរ រីណា នឹងស្នាក់នៅកម្ពុជារយ:ពេល៣សប្ដាហ៍ ដើម្បីធ្វើកិច្ចការសង្គមផង និងស្វែងយល់ពីកម្ពុជាផង ដោយនាងមកស្រុកលើកនេះ គឺមិនមែនក្នុងនាមជាតំណាងរបស់ Miss Global International នោះទេ ប៉ុន្តែជាលក្ខណ:ឯកជន ដើម្បីបានជិតស្និទ្ធជាមួយសហគមន៍មួយចំនួននៅកម្ពុជា។ បើទោះជាការប្រកួតបវរកញ្ញាពិភពអន្តរជាតិមួយនេះ ត្រូវបានលេចធ្លាយ ដោយរឿងអាស្រូវ តែកញ្ញាបញ្ជាក់ថា សុំមិនបញ្ចេញយោបល់នោះទេ ដោយទុកឲ្យតុលាការអាមេរិក និងគណកម្មការរៀបចំ ជាអ្នកដោះស្រាយ។

កញ្ញា ផរ រីណា បានថ្លែងថា នាងមិនអាចលើកឡើងជុំវិញករណីបវរកញ្ញាប្រេស៊ីល នឹងត្រូវប្រឈមដកមកុដ បន្ទាប់ពីរកឃើញអំពើពុករលួយ និងបក្ខពួក នៅក្នុងការប្រកួតនោះទេ ប៉ុន្តែអ្វីដែលនាងបង្ហាញខ្លួនលើកនេះ គឺដោយសារតែនាងចាប់អារម្មណ៍នឹងកម្ពុជា និងចង់មកធ្វើសកម្មភាពសប្បុរធម៌ នៅប្រទេសកំណើតរបស់ខ្លួនប៉ុណ្ណោះ។ នាងគម្រោងចុះទស្សនកិច្ចនៅតាមមណ្ឌលកុមារកំព្រា និងទីតាំងសំខាន់ៗ មួយចំនួនក្នុងខេត្ត សៀមរាប កំពង់ធំ កំពង់ឆ្នាំង និងខេត្តមួយចំនួនទៀត ក្នុងរយ:ពេលស្នាក់នៅនេះ។

កញ្ញា បានឲ្យដឹងទៀតថា សម្រាប់ពេលមកទស្សន:កិច្ចនេះ ក៏ទទួលដំណឹងថា មានផលិតកម្មចាប់អារម្មណ៍ អាចធ្វើការពិចារណាទទួលសម្តែង ប្រសិនបើមានពេលព្រោះនាងក៏មានជំនាញសិល្ប:ច្រើនដែរ៕

មតិយោបល់