ព័ត៌មានជាតិ

ជិះម៉ូតូបត់ឆ្លងផ្លូវ ទៅប៉ះគ្នាជាមួយរថយន្ត ស្លាប់ម្នាក់ នៅកណ្ដាល

កណ្តាល: នៅវេលាម៉ោង ៤ និង១០នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យស្លាប់បុរសម្នាក់ នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រ៤០-៤១ ចំណុចភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ម៉ូតូម៉ាក SUZUKI STEP ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1Q-4313 បើកបរដោយឈ្មោះ ជី ស្រេង ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បើកបរក្នុងទិសដៅ ពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១។ លុះមកដល់កន្លែងកើតហេតុ បានបើកបត់ឆ្លងពីឆ្វេងទៅស្តាំពីជើងទៅត្បូង បានបុកជាមួយរថយន្តមួយគ្រឿង ម៉ាកSSANG YONG ISTANA ពណ៌លឿង ប្រភេទដឹកអ្នកដំណើរធុនតូច គ្មានស្លាកលេខ តាកុងមិនស្គាល់អត្តសញ្ញាណ ដែលបើកបរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង (ពីលិចទៅកើត) បណ្តាលស្លាប់អ្នកបើកម៉ូតូ ឈ្មោះជី ស្រេង (នៅមន្ទីរពេទ្យឃុំសំរោងធំ ) ចំណែកម៉ូតូ និងរថយន្តខូចស្រាល។

ក្រោយកើតហេតុ វត្ថុតាងម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ច យកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនិតិវិធី រីឯអ្នករត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕

មតិយោបល់