ក្នុងឱកាសឡើងឆាកជាថ្មី នៅប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី២០ ឩសភា ក្នុងកម្មវិធី”Carabao TV5 Spark Concert” តារាចម្រៀងអ្នកនាង ពេជ្រ សោភា បានបកស្រាយបទចម្រៀងបែកបាក់ស្នេហា គួរឲ្យចាប់អារម្មណ៍ ស្របពេលដំណឹងផ្អែមល្ហែមរវាងនាង និង លោក ឆឹម សក្កដា ដែលធ្លាប់បង្ហាញថា ជាគូស្នេហ៍ស្ងប់ស្ងាត់។ យ៉ាងណាមិញ អ្នកនាងបញ្ជាក់ការបកស្រាយបទចម្រៀង មិនឆ្លុះបញ្ចាំងពីទំនាក់ជាមួយសង្សារនោះទេ។
អ្នកនាង ពេជ្រ សោភា និយាយថា រវាងអ្នកនាង និង លោក ឆឹម សក្កដា នៅតែដដែល បើទោះជាមួយរយៈចុងក្រោយនាង និងលោក មិនសូវផ្អែមល្ហែមដូចមុន។ អ្នកនាងថា ហេតុផលនៃការនិពន្ធបទចម្រៀងបែកបាក់ស្នេហា ហើយឡើងបកស្រាយនៅប៉ុស្តិ៍លេខ ៥ គឺដោយសារតែចង់ច្រៀងឲ្យត្រូវអារម្មណ៍អ្នកគាំទ្រប៉ុណ្ណោះ។
អ្នកនាងថាបទចម្រៀង «ស្រីចាស់» និងបទ «ផ្លូវ2» ដែលរៀបរាប់ពីការប្រេះស្រាំស្នេហា ប៉ុន្តែអត្ថន័យសម្រាប់បទចម្រៀង មិនពាក់ព័ន្ធនឹងភាពស្ងប់ស្ងាត់ ជាមួយលោក ឆឹម សក្កដា នោះទេ។ អ្នកនាងថា រវាងលោក និងនាង អត់ខ្វល់ពីភាពស្អិតរមួត ដូចស្នេហាក្មេងៗនោះទេ ប៉ុន្តែមុខសញ្ញាសំខាន់ គឺប្រឹងរកលុយ ដើម្បីផលប្រយោជន៍រៀងខ្លួន។ អ្នកនាងថា រវាងនាង និង លោក មិនទាន់មានដំណឹងល្អនោះទេ ដរាបណាភាគីម្ខាងៗ មិនទាន់មានលុយគ្រប់គ្រាន់៕
មតិយោបល់