ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ៅ ស៊ីណាត ថាតាមដំណើរ ក្រោយដឹងលទ្ធផល ស្វាមី

ផ្ទុយពីជំហរកាលពីមុនថាត្រូវតែសម្រេចចិត្តបែកបាក់ជាមួយលោក ហោ សែមវិសាល ជាស្វាមីទី២ ក្រោយស្វាមីទី១ទទួលមរណភាព អ្នកនាង ម៉ៅ ស៊ីណាត បែរជាប្រកាសមើលថែស្វាមីវិញ ដោយមិនខ្វល់ពីការរិះគន់។ អ្នកនាងថាខ្លួនមិនអាចទុកស្វាមីចោលនៅក្នុងកាល:ទេស:នេះទេ ជាពិសេសនៅពេលដែលបានដឹងថាស្វាមីមានលទ្ធផលអាក្រក់មួយ ក្រោយការសង្គ្រោះបន្ទាន់។

អ្នកនាង ម៉ៅ ស៊ីណាត និយាយថា លោកសែមវិសាល ពិតជាគួរសង្វេគណាស់ ដែលលោកគ្រោះថ្នាក់ដល់ថ្នាក់សង្គ្រោះបន្ទាន់ប៉ុណ្ណឹងទៅហើយ បែរជាគ្មានបងប្អូន និងក្រុមគ្រួសារមកមើលខុសត្រូវ ក្នុងពេលដែលបានដឹងថារវាងអ្នកនាង និងលោក បានសម្រេចចិត្តបែកគ្នាមុនពេលគ្រោះថ្នាក់។

អ្នកនាងថាតាំងពីថ្ងៃសម្រាកចូលពេទ្យដំបូងរហូតមកទល់ម៉ោងនេះ អ្នកនាងជាអ្នកមើលការខុសត្រូវលោក វិសាលរហូត ដោយសារតែគ្រួសាររបស់លោក មមាញឹកការងារ ដកឃ្លាមិនបាន។ អ្នកនាង កាន់តែសង្វេគដែលស្វាមីរបស់ខ្លួនមានរបួសធ្ងន់ធ្ងរដល់ម្លឹង ប៉ុន្តែមានមនុស្សស្និទ្ធស្នាលនឹងលោកតិចបំផុត ចេញមុខខ្វាយខ្វល់ ដែលតម្រូវឲ្យអ្នកនាងមិនអាចព្រលែងដៃ។ អ្នកនាងថា ឈប់ខ្វល់ពីការរិះគន់ទាំងអស់ បើទោះជាមានការលើកឡើងថា ទើបតែប្រកាសបែកបាក់គ្នាសោះ។

អ្នកនាងនិយាយថា«តើឲ្យខ្ញុំបោះបង់ខ្ញុំកើតទេ បើគាត់ឈឺចង់ស្លាប់ហើយហ្នឹង ទោះមិចក៍គាត់ជាឪពុកកូនខ្ញុំដែរ”។ រាល់ថ្ងៃអ្នកនាងបង្ខំចិត្តបីកូនបណ្ដើរ រត់បណ្ដើរ មើលថែស្វាមីបណ្ដើរដល់ពេទ្យ ដោយសារតែចិត្តមិនដាច់។ អ្នកនាងថា ស្ថានភាពគ្រោះថ្នាក់របស់ស្វាមី បើអ្នកនាងអត់អើរពើរម្នាក់ទៀត គឺមិនខុសពីទុកឲ្យស្លាប់នោះទេ ទើបអ្នកនាងត្រូវតែចេញមុខដុតដៃដុតជើង ស្របគ្នាដែលសាច់ញាតិលោក សុទ្ធតែរវល់នឹងការងាររៀងខ្លួន ហើយស្នើឲ្យអ្នកនាង ជួយមើលខុសត្រូវនោះផង។ អ្នកនាងថាខ្លួនចង់ឈឺ ចាប់តាំងពីចេញមុខកំដរស្វាមី ជាពិសេសនៅពេលដឹងថា ស្ថានភាពជំងឺរបស់ស្វាមី បើទោះជាក្បាល និងជើងអត់មានបញ្ហា ប៉ុន្តែសួតដែលគ្រាំដោយប៉ះទង្គិចខ្លាំង គឺត្រូវប្រឈមវះកាត់។

អ្នកនាង ម៉ៅ ស៊ីណាតនិយាយថា ក្រុមគ្រូពេទ្យនៅខាងមន្ទីរពេទ្យទាហានព្រះកេតុមាលា ដុតដៃដុងជើងទទួលព្យាបាលស្វាមីខ្លាំងណាស់ ដ្បិតថាការសម្រាកព្យាបាលនោះ មិនតម្រូវបង់ថ្លៃ ព្រោះតែស្វាមីរបស់អ្នកនាងមានក្របខណ្ឌទាហាន។ អ្នកនាងថាសរសើរខ្លាំងណាស់ ដែលខាងគ្រូពេទ្យខ្នះខ្នែងពេញទំហឹង ធ្វើឲ្យអ្នកនាងកក់ក្ដៅ បូករួមទាំងគម្រោងវះកាត់សួតឲ្យផង បើមធ្យោបាយព្យាបាលសួងដែលគ្រាំខ្លាំង មិនអាចគេចផុតពីការវះកាត់៕

មតិយោបល់