ព័ត៌មានសិល្បៈ និងកម្សាន្ត

ភារ៉ាវ៉ាត់ តាវ៉ាន់ ប្រកាសបើកមុខក្នុងអាជីពសម្ដែង

នៅលើទឹកដីខេត្តសៀមរាប អ្នកឯកទេសផាត់មុខ និងតែងកូនក្រមុំលោក សំ សុគន្ធារ៉ា ហៅ ភារ៉ាវ៉ាត់ តាវ៉ាន់ ត្រូវគេស្គាល់ថា មានទីផ្សារខ្លាំងលើជំនាញខាងផ្នែកសម្អាងនេះ រហូតដល់ថ្នាក់ បោះបង់ក្ដីស្រម៉ៃចង់ប្រឡូកក្នុងអាជីពសម្ដែង។ យ៉ាងណាមិញ អតីតតារាថតឈុតសំលៀកបំពាក់រូបនេះ បានអះអាងថា ខ្លួននឹងហក់ចូលការសម្ដែងឲ្យពេញទំហឹង ក្នុងពេលខាងមុខ ដោយលោកគម្រោងនឹងធ្វើពិធីបើកមុខសម្រាប់អាជីពរបស់ខ្លួន នៅអំឡុងដើមខែមិថុនា ខាងមុខនេះផង។

លោក ភារ៉ាវ៉ាត់ តាវ៉ាន់ និយាយថា ដោយសារតែលោកមមាញឹកនឹងការដើរតុបតែងកូនក្រមុំ ទើបសម្រេចចិត្តបោះបង់អាជីពសម្ដែង ដែលបានជោគជ័យមួយប្រាវ កាលពីមួយរយៈមុន ជាពិសេសគឺអាជីពថតបង្ហាញម៉ូដស្ទីលប្លែកៗ និងម៉ូដសម្អាងជាដើម។ យ៉ាងណាមិញ លោកថាខ្លួននៅតែបន្តពាក់ព័ន្ធនឹងតារាសិល្បៈដដែល ដោយក្នុងពេលខាងមុខ លោកនឹងបង្ហាញខ្លួនថតMV ក្នុងបទចម្រៀងរបស់តារាសិល្បៈជាមិត្តភ័ក្រ្តមួយចំនួន ដើម្បីបើកមុខការងារសិល្បៈជាថ្មី។ នៅថ្ងៃទី៤ ខែមិថុនា ខាងមុខ លោកក៏មានគម្រោងធ្វើខួបធំដុំលើទឹកដីខេត្តសៀមរាប ដោយបានអញ្ជើញតារាសិល្បៈជាច្រើនចូលរួម ដើម្បីបង្ហាញថា តារាថតម៉ូដដែលធ្លាប់វាយលុកសិល្បៈ កាលពីមួយរយៈមុន សម្រេចចិត្តត្រលប់មកវិញក្នុងអាជីពសិល្បៈ។

លោកថានៅក្នុងថ្ងៃខួបកំណើតនោះ លោកនឹងតែងខ្លួនជាទម្រង់សម័យបារាំងឲ្យប្លែកភ្នែក ដើម្បីរំលេចសំលៀកបំពាក់ក្នុងសម័យនោះឲ្យមានការចងចាំឡើងវិញផង និងដើម្បីឲ្យមានការចាប់អារម្មណ៍នោះផង។ មកទល់ពេលនេះ លោកថាមានខាងផលិតករច្រើននាក់ ទាក់ទងឲ្យលោកថតម៉ូដ និងសម្ដែងផ្សេងៗ ប៉ុន្តែមកពីរស់នៅសៀមរាប ហើយពិបាកឡើងចុះមកកាន់ភ្នំពេញ ទើបលោកនឹងទទួលតែការងារសិល្បៈនៅខេត្តសៀមរាប និងខេត្តជិតខាង ក្រោយចប់ខួបកំណើត ដើម្បីឲ្យការងារដើរផាត់មុខ និងតែងតួកូនក្រមុំរបស់លោកមិនប៉ះពាល់ផង។

លោក ភារ៉ាវ៉ាត់ តាវ៉ាន់ ប្រកាសថាលោកនឹងចាប់អាជីពទាំងសម្អាង និងសម្ដែងឲ្យជាប់ទន្ទឹមគ្នា ដោយសារតែក្នុងពេលនេះ លោកក៏មានទំនាក់ទំនងជាមួយផលិតករ និងតារាច្រើននាក់ ដែលមិនពិបាកឲ្យលោកក្លាយខ្លួនជាតារាសម្ដែង និងតារាថតម៉ូដម្ដងទៀត។ ជាក់ស្ដែងគ្រាន់តែលោកប្រកាសទទួលសម្ដែងមានអ្នកផលិតMV មួយចំនួនមកហើយ ទាក់ទងឲ្យលោកសម្ដែងឲ្យ ដែលការងារនោះ នឹងលេចរូបរាងក្រោយថ្ងៃខួបកំណើតរបស់លោក។ លោករំពឹងថា ថ្ងៃខួបកំណើតរបស់ខ្លួន នឹងមានអ្នកសិល្បៈចូលច្រើន ជាពិសេសក្រុមអ្នកចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាននាពេលថ្មីៗ៕

មតិយោបល់