ព័ត៌មានសិល្បៈ និងកម្សាន្ត

Update: ភិន សុដាលីស សុំទោសឪពុក និងហែករឿងអាស្រូវប៉ែន ចំរ៉ុង

ភ្នំពេញៈ ក្នុងវេទិកាសន្និសីទកាលពីល្ងាចថ្ងៃទី២៥កក្កដាមុននេះ អ្នកមេម៉ាយវ័យក្មេងនាង ភិន សុដាលីស បានអះអាងថា អ្វីដែលខ្លួនប្រឆាំងចំពោះឪពុក ដោយបានទាំងប្រើពាក្យសម្ដីមិនសមរម្យចំពោះលោកផងក្នុងពេលងប់ស្រឡាញ់លោក ប៉ែន ចំរ៉ុង គឺជារឿងខុសឆ្គង។ នាងក៏បានប្រកាសសុំទោសមហាជន និងស្នើកុំឲ្យយុវ​តីគ្រប់រូបយកគំរូតាមខ្លួននោះផង។

តារារូបនេះនិយាយថា ក្នុងពេលស្នេហារវាងនាង និងលោកប៉ែន ចំរ៉ុង ស្ថិតក្នុងភាពល្អូកល្អិន នាងថា អារម្មណ៍របស់ខ្លួននៅក្នុងពេលនោះ គឺមានតែការស្ដាប់តាមលោក ប៉ែន ចំរ៉ុង ម្នាក់គត់ ដោយសុខចិត្តលះបង់គ្រប់យ៉ាង បូករួមទាំងហ៊ានប្រមាថមាក់ងាយមកលោក អ៉ិន ដើម្បីការពារប្រុសស្នេហ៍នោះផង។ នាងថា នៅក្នុងពេលនោះមិនខុសពីមនុស្សមោហ៍បាំង និងមិនស្គាល់ល្អអាក្រក់នោះទេ ទើបក្រោយពេលលោកប៉ែន ចំរ៉ុង បោះបង់ដោយខ្លួនស្ថិតក្នុងសភាពពរពោះកូនក្នុងផ្ទៃនោះផង ហាក់ធ្វើឲ្យនាងកើតមានវិប្បដិសារី។ នាងថា ខ្លួនមានកំហុងធ្ងន់ណាស់ ដែលបានសាងបាបចំពោះឪពុក និងបានផ្គាប់ចិត្តប្រុសស្នេហ៍ តែទីបំផុតបានត្រឹមទឹកភ្នែកដែលនាងនៅតែបន្តចងចាំ។ នាងសុំឲ្យមហាជនឈប់ប្រកាន់ខឹងខ្លួន និងកុំដើម្បីស្នេហាហើយហ៊ានប្រឆាំងឪពុកម្ដាយដូចនាង ដោយសារគំនិតចាស់ទុំ គឺដឹងជ្រៅជាងដែលយុវវ័យដូចគ្នា មិនអាចថ្លឹងបាន។

ជាមួយនឹងការប្រកាសសុំទោស នាងក៏បានបើកកកាយពីហេតុផលដែលនាំឲ្យនាង និងលោកប៉ែន ចំរ៉ុង លែងលះដោយនាងបញ្ជាក់ថា គឺមិនមានហេតុផលផ្ទុះជម្លោះដូចអ្វីដែលបានប៉ាន់ស្មាននោះទេ។ ប៉ុន្តែគឺមកពីលោកប៉ែន ចំរ៉ុង មានបំណងលេងសើច ទើបក្រោយពេលបានចុះអេតាស៊ីវិលក៏កើតទំនាស់ និងបានបញ្ចេញទង្វើឲ្យនាងនូវកំហុសគ្រប់យ៉ាង ដែលនាងបញ្ជាក់ថា គឺខ្លួនធ្វើអីក៏ខុសធ្វើអីខុស រហូតដាក់ពាក្យសុំលែងនាង ដោយនាងមិនបានដឹងនោះ គឺបណ្ដាលមកពីបញ្ហាអ្វី។ ភិន សុដាលីស បញ្ជាក់ថា អ្វីដែលនាងហួសចិត្ត គឺចំរ៉ុង បានដាក់មូលហេតុក្នុងការសុំលែង ដោយនាងមិនបានរំលេចរឿងនោះដូចការចោទប្រកាន់ទាល់តែសោះ។ យ៉ាងណាក៏ដោយ នាងថាមិនស្ដាយក្រោយទេ ហើយក៏មានអារម្មណ៍ស្រឡះចិត្តផងដែរ បន្ទាប់ប៉ែន ចំរ៉ុង ធ្វើឲ្យនាងបានដឹងក្រយៅ និងមានសេរីភាពម្ដងទៀត៕

មតិយោបល់