មកទល់ពេលនេះគេចាប់អារម្មណ៍ថា Trailer រឿង«ចេនឡា២»កាន់តែមានការចាប់អារម្មណ៍ទ្វេរដង ខណៈដែលរឿងមួយនេះក៏ត្រូវប្រកាសនឹងដាក់បញ្ចាំងជាផ្លូវការនៅដើមខែវិច្ឆិកានេះ។ អ្វីដែលគេកាន់តែផ្ដោតការចាប់អារម្មណ៍ខ្លាំងបន្ថែមទៅទៀតនោះ គឺតួឯកប្រុសនៅក្នុងរឿងនេះ ជាលោកយូ ស៊ុនអេង ដែលត្រូវគេស្គាល់ថាជាអ្នកដឹកនាំរឿងវ័យក្មេង ទើបបញ្ចប់ការសិក្សាផ្នែក Graphic និងផលិតកុនមកពីសិង្ហបុរីនោះតែម្ដង។
លោកយូ ស៊ុនអេង បានអះអាងថាលោកបានបញ្ចប់ការសិក្សានៅក្នុងប្រទេសសិង្ហបុរីប្រមាណជា២ឆ្នាំមកហើយ ហើយលោកក៏បានប្រើប្រាស់ជំនាញGraphic របស់ខ្លួន ចូលរួមផលិតកុននិងថតឈុតខ្លីជាមួយនឹងផលិតករសិង្ហបុរីរហូតដល់ទទួលបានបទពិសោធន៍មុនបោះជំហានមកផលិតកុនក្នុងរឿង«ចេនឡា២»នេះផងដែរ។
លោកថារយៈពេលមុនចុះមកដល់ប្រទេសកម្ពុជាលោកមានស្នាដៃមិនតិចនោះទេជាមួយផលិតករកុននៅក្នុងប្រទេសសិង្ហបុរី ប៉ុន្តែមកពីលោកចង់បម្រើនៅក្នុងប្រទេសគេ និងចង់យកជំនាញរបស់ខ្លួនមករំលេចវិស័យភាពយន្តនៅក្នុងប្រទេសកម្ពុជា ទើបលោកសម្រេចចុះមកកម្ពុជាវិញ។ ក្រោយត្រលប់ពីប្រទេសសិង្ហបុរី លោកថាជាលើកទី១ដែលលោកបានសហការជាមួយផលិតកម្មរ៉ុកផលិតរឿង«ចេនឡា២»ដោយក្នុងរឿងនេះលោកជាអ្នកនិពន្ធសាច់រឿង និងជាដឹកនាំសម្ដែងតែម្ដង លើកលែងតែឈុតស្នេហា និងមនោសញ្ចេតនាមួយចំនួនក្នុងរឿងដែល លោក លី ម៉េង ជាតំណាងផលិតកម្មរ៉ុកបានជួយចាត់ចែង។
លោកថានៅក្នុងរឿងនេះឆ្លុះបញ្ចាំងពីការបាញ់បោះ និងសភាពបាញ់ប្រហាររបស់ទ័ពព្រៃ និងក្រុមរដ្ឋាភិបាល ទើបលោកយល់ថាការដឹកនាំសម្ដែងមិនមែនជារឿងងាយស្រួលនោះទេ។ លោកថាការផលិតរឿងនេះ នឹងជួយឲ្យលោកលេចធ្លោក្នុងការទទួលស្គាល់ ដោយសារតែរឿង«ចេនឡា២»ជារឿងប្រភេទបាញ់បោះ និងស៊ើបអង្កេតជាលើកទី១របស់ផលិតកម្មរ៉ុក។
លោកយូ ស៊ុនអេង ថាខ្លួនគឺជាតួអង្គនៅក្នុងផ្ទៃរឿង ដោយខាងផលិតកម្មរ៉ុកជាអ្នកជំរុញអោយសម្ដែងតែម្ដង បន្ទាប់ពីកត់សម្គាល់ថាលោកក្រៅពីជំនាញខាង Graphic ខាងដឹកនាំសម្ដែង និងនិពន្ធរឿង ក៏មានរូបរាងសង្ហារ និងសាច់ដុំធំៗដែលសមនឹងតួបាញ់បោះ។
លោកមានគម្រោងរំលេចស្នាដៃផលិត និងសម្ដែងរឿងក្នុងពេលបន្តបន្ទាប់ដើម្បីអោយមានឈ្មោះបោះសំឡេងនៅក្នុងវិស័យភាពយន្ត។ លោករំពឹងយ៉ាងខ្លាំងថារឿង«ចេនឡា២»ដែលលោកនិងផលិតកម្មរ៉ុករួមគ្នាផលិតនឹងទទួលជោគជ័យខ្លាំងក្នុងពេលដាក់បញ្ចាំងនៅថ្ងៃទី៥ វិច្ឆិកាខាងមុខ។
ម្យ៉ាងមកពីលោកបានសម្ដែងជាតួឯកនៅក្នុងរឿងនេះផងទើបលោកមានទំនុកចិត្តខ្ពស់ថាស្នាដៃដំបូងរបស់ខ្លួន នឹងធ្វើអោយលោកលេចធ្លោក្នុងនាមជាផលិតករ និងជាតួកុនម្នាក់៕








មតិយោបល់