តាំងពីណាពីណាណីមក គេមិនដែលឃើញតារាចម្រៀងល្បីឈ្មោះ អ្នកនាង យក់ ឋិតរដ្ឋា បណ្ដើរមុខកូនប្រុសច្បងចូលក្នុងកម្មវិធីសិល្បៈធំៗនោះទេ ដោយអ្នកនាងទម្លាប់បណ្ដើរតែស្វាមីតែម្នាក់គត់ប្រៀបដូចជាក្រមុំកំលោះទៅក្នុងកម្មវិធីផ្សេងៗ។
អ៊ីចឹងហើយទើបម្នាក់ៗ ចាប់អារម្មណ៍ក្នុងពេលដែលអ្នកនាងដឹកដៃកូនប្រុសវ័យ១០ឆ្នាំរបស់ខ្លួនដែលមានរូបរាងសង្ហារមិនធម្មតា នៅក្នុងកម្មវិធីសិល្បៈធំដុំកាលពីថ្ងៃទី២៨ ឧសភា ដែលសូម្បីតែអ្នកនាង និងស្វាមី ក៏សារភាពថានោះ ជាការបង្ហាញមុខកូនប្រុសជាលើកដំបូងផងដែរ។
អ្នកនាង យក់ ឋិតរដ្ឋា និយាយថា នេះជាលើកទី១ ដែលអ្នកនាងបានបង្ហាញមុខកូនប្រុសច្បងឈ្មោះ ឃុំ រដ្ឋាណាលីដូ នៅក្នុងកម្មវិធីសិល្បៈធំដុំ ដោយសារតែអ្នកនាងយល់ថានោះជាពិធីសម្ពោធភាពយន្តដែលអ្នកនាងបានសម្ដែងសារជាថ្មី ក្រោយពីបញ្ចប់អាជីពសម្ដែងអស់ច្រើនឆ្នាំ។
អ្នកនាងថាក្នុងរឿង«ចិញ្ចៀនខ្មោច» អ្នកនាងបានសម្ដែងជាតួឯកម្ដាយ ដោយបានសម្ដែងជាម្ដាយជាមួយនឹងស្វាមីគឺលោក ឃុំ ប៉ុណ្ណាដែត ទើបអ្នកនាងសម្រេចយកកូនប្រុសមកទស្សនាភាពយន្តដែលខ្លួនបានសម្ដែង ដើម្បីអោយកូនប្រុសបានឃើញពីស្នាដៃរបស់ឪពុកម្ដាយនៅក្នុងភាពយន្ត។ យ៉ាងណាមិញអ្នកនាងថា អត់មានបំណងអោយកូនប្រុសបន្តអាជីពសម្ដែង ឬចម្រៀងរបស់អ្នកនាង និងស្វាមីនោះទេ ដោយសារតែអ្នកនាងដឹងថាកូនប្រុសមិនមានចំណូលចិត្ត។ អ្នកនាងថា កូនប្រុសរបស់អ្នកនាងបើមានជំនាញគឺមានតែជំនាញដើរម៉ូដប៉ុណ្ណោះ ទើបអ្នកនាងយល់ថាសម្រាប់អាជីពចម្រៀង ឬសម្ដែងគឺគេមិនមាននោះទេ។
អ្នកនាងថាការដែលបង្ហាញមុខកូនប្រុស មិនមែនដើម្បីស្វែងរកទីផ្សារអោយកូនប្រុស បន្តតំណែងរបស់ខ្លួននោះទេ ដោយសារតែអ្នកនាងមានបំណងអោយកូនសិក្សាអោយបានខ្ពស់ ហើយឈោងចាប់អាជីពមួយផ្សេងដែលមិនមែនជាការងារសិល្បៈច្រើនជាង។
អ្នកនាងបញ្ជាក់ថា អ្នកនាងខកខានការសម្ដែងភាពយន្តមិនក្រោមច្រើនឆ្នាំនោះទេ ដោយទើបតែទទួលសម្ដែងក្នុងរឿង«ចិញ្ចៀនខ្មោច»របស់ផលិតកម្ម LD ដែលគ្រោងដាក់បញ្ចាំងនៅថ្ងៃទី៣១ ឧសភា ខាងមុខប៉ុណ្ណោះ ខណៈដែលភាពយន្តនេះគឺអ្នកនាងបានសម្ដែងជាមួយស្វាមីសារជាថ្មី ហើយមានទាំងបទចម្រៀងសម្រាប់ដាក់នៅក្នុងភាពយន្តនោះផង ទើបអ្នកនាងសម្រេចដឹកដៃកូនប្រុសដែលជាដំណក់ឈាមកូនច្បង អោយមកទស្សនាការសម្ដែង ទុកជាអនុស្សាវរីយ៍។ អ្នកនាងថាកូនប្រុសមិនសូវមានចំណូលចិត្តមកក្នុងកម្មវិធីសិល្បៈនោះទេ ហើយម្យ៉ាងមកពីកូនរវល់រៀនផង ទើបក្នុងពេលកន្លងមក អ្នកនាងមិនដែលបង្ហាញមុខកូនប្រុសអោយស្គាល់មិត្តអ្នកសិល្បៈ៕
មតិយោបល់