ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៉ិន សរសើរកូនក្រុម ក្រោយទទួលជ័យជម្នះជាថ្មី

ក្រោយពីទទួលជ័យជម្នះលើក្រុមបាល់ទាត់ Lan Property ដែលជាក្រុមខ្លាំងមួយក្នុងចំណោមក្រុមបាល់ទាត់ដែលបង្កើតដោយក្រុមហ៊ុនឯកជន លោកអ៉ិន មេក្រុមបាល់ទាត់ Mohahang All Stars Football Team បានសម្ដែងការអរគុណដល់កូនក្រុមដែលភាគច្រើនគឺជាតារាសម្ដែងក្នុងពិភពសិល្បៈយ៉ាងខ្លាំង ដោយលោកប្រកាសថាអ្វីដែលទទួលបាននេះ គឺដោយសារតែកម្លាំងសាមគ្គី។ នេះគឺជាជ័យជម្នះមួយថ្មី ដែលក្រុមមហាហង្សសម្រេចបាន បន្ទាប់ពីលោក អ៉ិន បានផ្ដើមគំនិត និងបោះទុនបង្កើតក្រុមបាល់ទាត់ដែលមានតារាសម្ដែងភាគច្រើនអោយលេចរូបរាង។

ការប្រកួតដែលត្រូវបញ្ចប់ដោយលទ្ធផល ៣-១ ឈ្នះលើក្រុម Lan Property ស៊ុតចូលដោយកីឡាករ និងជាតារាសម្ដែង លោក ហេង នរៈកក្កដា បន្ទាប់ពីស៊ុតបំប៉ោងសំណាញ់បាន២គ្រាប់ម្នាក់ឯង ហើយមួយគ្រាប់ទៀត ដោយក្រុមបច្ចេកទេសរបស់ផលិតកម្មមហាហង្ស។ លោក អ៉ិន និយាយថាជ័យជម្នះដែលបានកើតឡើង មិនមែនជាលើកទី១នោះទេ ដោយសារតែក្រុមបាល់ទាត់មហាហង្សចាប់តាំងពីបានបង្កើតឡើងគឺមានជ័យជម្នះរាប់ភ្លេចមកហើយ ដែលជ័យជម្នះទាំងនោះសុទ្ធតែជាអ្វីដែលផ្ដើមចេញពីការសាមគ្គី។ លោកថាសប្បាយចិត្តយ៉ាងខ្លាំង ដែលក្រុមបាល់ទាត់ដ្បិតថាសមាជិកកូនក្រុមស្ទើរតែ៨០ភាគរយគឺជាតារាសម្ដែង ដោយរួមមានទាំងតារាប្រចាំក្នុងក្រុមមហាហង្ស និងមួយចំនួនជាតារាដែលមិនបានថតរឿងអោយផលិតកម្មទាល់តែសោះ។

លោកថាការប្រកួតដែលបានធ្វើឡើងកាលពីយប់ថ្ងៃទី៨ មិថុនា នោះ លោកកាន់តែកត់សម្គាល់ថា កូនក្រុមរបស់លោកមានការលើកស្ទួយវិស័យបាល់ទាត់ខ្លាំងឡើង ដោយសូម្បីតែការចេញប្រកួតម្ដងៗ ក្រៅពីមិនទទួលបានប្រាក់កម្រៃដូចគ្នាកីឡាករអាជីព ក៏ថែមទាំងអស់លុយពីហោប៉ៅផ្ទាល់ខ្លួនបន្ថែម។ លោកថាតារាៗទាំងអស់ ភាគច្រើនគឺជាតារាសម្ដែងដែលមានការងាររវល់ដកឃ្លាមិនរួច ប៉ុន្តែអោយតែដល់ពេលក្រុមមហាហង្សឡើងប្រកួតម្ដងៗ គឹមិនដែលបាត់មុខ ព្រោះតែស្រឡាញ់ ហើយអ្វីដែលលោកសំឡឹងឃើញ គឺតារាទាំងនោះក៏មានបេះដូងត្រូវគ្នា ចេះតែចែកតួនាទីគ្នា ទើបធ្វើអោយក្រុមមហាហង្សទទួលជ័យជម្នះលើក្រុមម្ខាងទៀតមុននេះ៕

មតិយោបល់