ព័ត៌មានសិល្បៈ និងកម្សាន្ត

Pool Party យប់មិញ សប្បាយកប់

បើទោះជាអ្នកចូលរួមក្នុងព្រឹត្តិការណ៍ Pool Party នៅមជ្ឈមណ្ឌលកម្សាន្ត 3G Quare ស្ថិតនៅជិតរដ្ឋសភាពថ្មី និងកោះពេជ្រ ត្រូវគេកត់សម្គាល់ថាមិនសូវមកលេងបាញ់ទឹក និងប្រឡែងលេងជាមួយពពុះសាប៊ូ ដោយប្រមូលផ្ដុំតែនៅខាងលើនៅកន្លែងអង្គុយផឹកស៊ី ក៏អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះមួយចំនួន នៅតែបង្ហាញសកម្មភាពលេងបាញ់ទឹក បោះគ្នាចូលអាងហែលទឹក និងរាំលេងជាមួយនឹងតន្ត្រី ក្រោមវត្តមានតារាល្បីៗផងដែរ។ យ៉ាងណាមិញ កម្មវិធីត្រូវគេរំពឹងថានឹងកាន់តែមានការចូលរួមសស្រាក់សស្រាំកាន់តែខ្លាំង ជាពិសេសនៅពេលបរិបទនៃកម្មវិធីដែលពេញនិយមនៅបរទេសមួយនេះ កាន់តែជ្រួតជ្រាបក្នុងផ្នត់គំនិតអ្នកចូលរួមនៅកម្ពុជា។

កម្មវិធីដែលបានធ្វើឡើងដោយមានសកម្មភាពលេងត្រាំទឹក បាញ់ពពុះសាប៊ូ បាញ់ទឹកដោយបំពង់ធំ និងបាញ់ទឹកដាក់គ្នាដោយកាំភ្លើងបាញ់ទឹកស្ទើរតែគ្រប់ដៃពីអ្នកចូលរួមមួយនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសពីពាក់កណ្ដាលអាធ្រាតុឡើងទៅ គឺអ្នកសម្រុកមកលេងមានចំនួនកាន់តែច្រើន។ អ្នកចូលរួមដល់រង្វង់រាប់រយ ត្រូវគេឃើញមានអ្នកចេញមានអ្នកចូល ខណ:ដែលតារាល្បីរួមមាននាយព្រែក កញ្ញារ៉ូលីន កញ្ញារ៉េត ស៊ូហ្សាណា តារាចម្រៀងម្ចាស់បទ«អតីត»លោកShutter និងតារាថៃ រឹតតែធ្វើឲ្យព្រឹត្តិការណ៍មួយនេះទាក់ទាញ និងប្លែកអារម្មណ៍ ជាពិសេសនៅពេលសកម្មភាពរាំរែកត្រូវបានបាញ់អមដោយពពុះសាប៊ូ និងបាញ់ទឹក។

ក្រៅពីតារាចម្រៀងចម្រៀង និងតារាកំប្លែង ក្នុងកម្មវិធីនោះ ក៏មានវត្តមានតារាចាស់ក្មេងប្រចាំនៅគ្រួសារតារាកម្ពុជាប្រមាណជា៣០រូប ដោយក្នុងចំណោមតារាទាំំងនោះ ក្រៅពីចូលរួមលេងហ្គេម ក៏បានបង្ហាញសកម្មភាពលេងហែលទឹក លេងបាញ់ទឹក និងរាំលេងយ៉ាងសប្បាយរីករាយផងដែរ។

តំណាងអ្នករៀបចំព្រឹត្តិការណ៍បាញ់ទឹក និងហែលទឹក Pool Party បានអះអាងថា ព្រឹត្តិការណ៍មួយនេះ បើរៀបចំឲ្យល្អ និងឲ្យសប្បាយដូចគ្នានៅក្រៅប្រទេស គឺត្រូវការអាងទឹកច្រើន អាងទឹកធំ និងទីធ្លារធំ ប៉ុន្តែបណ្ដាលមកទីតាំងនៅក្នុងប្រទេសកម្ពុជាពិបាករកកន្លែងបែបនេះ ទើបការរៀបចំបានត្រឹមតែធ្វើអាងទឹកចំនួន៣ដើម្បីឲ្យអ្នកចូលរួមបានត្រាំលេង និងបានសប្បាយនៅក្នុងព្រឹត្តិការណ៍នោះ។ យ៉ាងណាមិញ បើមានការគាំទ្រកាន់តែខ្លាំង នោះនៅឆ្នាំក្រោយPool Party នឹងរៀបចំឲ្យកាន់តែល្អ ហើយទាក់ទាញអ្នកចូលរួមក្នុងចំណោមអ្នកចូលចិត្តសប្បាយនឹងកម្មវិធីភាគច្រើន៕

មតិយោបល់