ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ឱក សុគន្ធកញ្ញា និង សុគន្ធ នីសា ទទូចសុំការគាំទ្រព្រមគ្នា

ភ្នំពេញៈ ខណៈដែលមហាជនខ្មែរ កាន់តែងាកមកគាំទ្របទនិពន្ធថ្មីនោះ តារាចម្រៀងស្រីល្បីឈ្មោះ២ដួងគឺ ឱក សុគន្ធកញ្ញា និង សុគន្ធ នីសា ក៏បានប្រកាសឲ្យដឹងពីគម្រោងបញ្ចេញបទនិពន្ធថ្មីរបស់ខ្លួនព្រមគ្នាផងដែរ ដើម្បីប្រជែងទីផ្សារ។ តារាទាំងពីរ បានទទូចឲ្យមានការគាំទ្រលើបទនិពន្ធរបស់ខ្លួន បន្ទាប់ពីបទនិពន្ធថ្មីត្បិតថា ទទួលបានការគាំទ្រនាពេលចុងក្រោយ ប៉ុន្តែក៏មិនប្រាកដថា សុទ្ធតែដោតចំអារម្មណ៍មហាជនដូចគ្នានឹងបទនិពន្ធថ្មីរបស់តារាចម្រៀង ពេជ្រ សោភា មុននេះដែរ។

នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ហង្សមាស បានបង្ហោះពាក់ព័ន្ធនឹងដំណឹងនេះថា ហង្សមាស នឹងបញ្ចេញបទនិពន្ធថ្មីឲ្យតារាចម្រៀងស្រី២ដួងគឺ ឱក សុគន្ធកញ្ញា និង សុគន្ធ នីសា ចេញលក់ព្រមគ្នា។ នៅក្នុងវីដេអូឃ្លីបនោះ តារាទាំងពីរ ក៏បានទទូចដោយផ្ទាល់មាត់ឲ្យជួយគាំទ្របទចម្រៀងរបស់ខ្លួន ដែលនឹងចេញលក់ក្នុងពេលខាងមុខនោះផង។ ឱក សុគន្ធកញ្ញា និង សុគន្ធ នីសា សុទ្ធតែបានបញ្ជាក់នៅក្នុងវីដេអូឃ្លីបថា ខ្លួនមានបទនិពន្ធថ្មីម្នាក់មួយបទ ដើម្បីត្រៀមចេញលក់ ហើយបន្ទាប់ពីការប្រកាសសុំឲ្យមានការគាំទ្របទរបស់អ្នកទាំងពីរ ក៏ត្រូវបានបន្លឺខ្លឹមសារ និងបទភ្លេង ដើម្បីកន្ត្រាក់នូវការចាប់អារម្មណ៍ផងដែរ។ ប៉ុន្តែគេមិនទាន់ដឹងថា បទនិពន្ធថ្មីទាំងនោះ ទទួលបានការគាំទ្រកម្រិតណានៅឡើយទេ ក្នុងពេលដែលបទនិពន្ធថ្មីរបស់ ឱក សុគន្ធកញ្ញា ច្រើនបទមកហើយ គឺទទួលបានផ្លែផ្កាតិចតួច បើធៀបនឹងបទនិពន្ធថ្មី ដែលបញ្ចេញដោយ មាស សុខសោភា ដោយ ពេជ្រ សោភា និងតារាចម្រៀងថ្មីៗមួយចំនួនទៀត។

យ៉ាងណាក៏ដោយ តាមរយៈឱកាសប្រូម៉ូតយ៉ាងពេញទំហឹងរបស់ហង្សមាស ទាំងទូរទស្សន៍ ទាំងវិទ្យុ និងលើទំព័រហ្វេសប៊ុកនៅក្នុងពេលនេះ គេអាចប្រាកដចិត្តច្រើនថា បទនិពន្ធថ្មីរបស់អ្នកទាំងពីរ អាចនឹងទទួលបានការគាំទ្រខ្ពស់ បន្ទាប់ពីតារាទាំងពីរ ក៏បានទទូចសុំជាសាធារណៈ។ ប៉ុន្តែអ្វីដែលប៉ាន់ស្មាន ក៏ត្រូវចាំមើលទីផ្សារជាក់ស្ដែងផងដែរ ក្នុងពេលដែលបទនិពន្ធថ្មីត្បិតថា បានទទួលការគាំទ្រនាពេលចុងក្រោយ ប៉ុន្តែក៏ផ្អែកលើឱកាស បទភ្លេងពីរោះ និងអត្ថន័យស៊ីជម្រៅឲ្យត្រូវចិត្តមហាជនផងដែរ។

ការទម្លាយរបស់ហង្សមាស ក៏បានបង្ហាញថា តារាចម្រៀង ឱក សុគន្ធកញ្ញា និង សុគន្ធ នីសា ត្រៀមខ្លួនគ្រប់គ្រាន់ក្នុងការវាយលុកបទនិពន្ធថ្មី ប្រកួតប្រជែងតារាចម្រៀងរួម និងក្រៅទ្រនំ ដោយមិនបន្តចេញតែបទចម្រៀងចម្លងពីបរទេសដូចអ្វីដែលមហាជនបានឃើញនោះដែរ។ ក្រោយជំហានវាយលុកទីផ្សារជាមួយបទនិពន្ធថ្មីនេះ បុគ្គលិករបស់ហង្សមាស បានទម្លាយឲ្យដឹងថា តារាស្រីទាំងពីរ ក៏នឹងមានអ្នកនិពន្ធបទថ្មីឲ្យផ្ទាល់ខ្លួន ដើម្បីនិរន្តរភាពសិល្បៈចម្រៀង៕

មតិយោបល់