ភ្នំពេញៈ តារាសម្តែងស្រីសិចស៊ី វណ្ណ វលក្ខណ៍ បើកបររថយន្តស៊េរីទំនើបមួយគ្រឿង ច្រឡំផ្លូវបត់ចូលផ្ទះ ក៏បើកជ្រុលទៅធ្លាក់កង់ចូលច្រកចំណតក្រោមដីរបស់អាគារកំពុងជួសជុលមួយកន្លែង សំណាងល្អមិនបង្កឲ្យរងការខូចខាតនោះទេ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខអាគារកំពុងជួសជុលមួយកន្លែង នៅទល់មុខវិទ្យាល័យជាស៊ីមសាម្គី តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរូបស្រស់ម្នាក់ បានបើកបររថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក ឡង់គ្រីស័រ ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុតកើតហេតុ រថយន្តខាងលើក៏រេចង្កូតទៅខាងស្តាំ ជ្រុលទៅធ្លាក់កង់រថយន្តខាងមុខចំហៀងខាងឆ្វេងចូលច្រកចូលចំណតក្រោមដីរបស់អាគារខាងលើ។
ក្រោយកើតហេតុនារីរូបស្រស់ខាងលើ បានចុះពីលើរថយន្ត ហើយបានឲ្យប្រជាពលរដ្ឋនៅក្បែរនោះ ជួយលើករថយន្តរបស់ខ្លួនយកមកលើវិញ ថែមទាំងបានប្រាប់ថា រថយន្តរបស់នាង គឺទើបតែទិញថ្ងៃមិញទេ រួចក៏បានគេចចេញពីកន្លែងកើតហេតុបាត់ទៅ។
ភ្លាមៗផងដែរសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ចំណុចកើតហេតុ ដោយរថយន្តមិនបង្កឲ្យមានការខូច និងគ្រោះថ្នាក់ដល់អ្នកដទៃ សមត្ថកិច្ចក៏បានទាក់ទៅហៅម្ចាស់រថយន្ត ដើម្បីឲ្យមកធ្វើការស្ទូចយករថយន្តត្រលប់ទៅវិញ៕
មតិយោបល់