ព័ត៌មានជាតិ

រថយន្ត២គ្រឿងពន្លះគ្នា ១ខ្ទាតទៅបុកទ្រូងផ្លូវ ១ទៀតខ្ទាតមកបុកផ្ទះប្រជាពលរដ្ឋ

ភ្នំពេញ: បុរស​ម្នាក់​ស្រវឹងធ្លាក់ភ្នែក​ បើក​រថយន្ត​បាឡែន​មួយ​គ្រឿង​ បោះ​ពួយ​យ៉ាង​លឿន​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​បាឡែន​មួយ​គ្រឿង​ បណ្តាលឲ្យ​រថយន្ត​មួយ​គ្រឿង​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ និង​មួយ​គ្រឿង​ទៀត​ជ្រុល​ទៅ​បុក​ទ្វារ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ រងការ​ខូចខាត​ទាំងសងខាង​។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​ឡើង​កាល​ពី​វេលាម៉ោង​១១និង​៥០នាទី​យប់​ ថ្ងៃ​ទី​១៥​ ខែ​មិថុនា​ ឆ្នាំ​២០១៨ត្រង់​ចំណុច​ក្បែរ​វិទ្យាល័យ​ជា​ស៊ីម​សាមគ្គី​ តាម​បណ្ដោយ​ផ្លូវ​២៧១​ កែង​និង​ផ្លូវ​បេតុង​​ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡាង​ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ​ គេឃើញ​បុរស២នាក់​​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ កាមរីបាឡែន​ ពណ៌ស្ករ ពាក់ស្លាក់លេខ​ ភ្នំពេញ​ 2AC-3067​ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ ចេញពី​ខាង​ក្រោយ​វិទ្យាល័យ​ជា​ស៊ីម​សាមគ្គី​ឆ្ពោះ ​ទៅ​ផ្លូវ២៧១។ លុះមក​ដល់​ចំណុច​កើត​ហេតុ​រថយន្ដ​ខាងលើ​ក៏​បាន​បត់​ស្ដាំ​ទៅ​ផ្លូវ​២៧១ បំណង​ឆ្ពោះ​ទៅស្តុបណូគារ​​ ខណ:ពេល​នេះ​ស្រាប់​តែ​មាន​រថយន្តបង្ក​មួយ​គ្រឿង​ទៀត​ម៉ាក​ កាមរីបាឡែន​ ពណ៌ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2AQ-0180 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថាន​ភាព​ស្រវឹង​ តាម​បណ្ដោយ​ផ្លូវ​២៧១​ ដោយបើកមកពីខាងស្ពាន​អាកាស​ស្ទឹង​មានជ័យ​ឆ្ពោះ​ទៅ​ស្តុប​ណូគារ​ ក្នងល្បឿន​យ៉ាង​លឿន​។ រួច​រថយន្ដ​បង្ក​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​រងគ្រោះ​ខាង​លើ​ចំ​កង់​ខាង​មុខ​ចំ​ហៀង​ខាងឆ្វេង​បណ្តាលឲ្យ​រថយន្ត​រង​គ្រោះ​ជ្រុល​ចង្កូត​ទៅ​ខាងស្ដាំ​ទៅ​ទ្វារ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​ក្បែរ​នោះរង​ការខូចខាត​វាចបន្តិចបន្តួច​។ រីឯ​រថយន្ត​រង​គ្រោះ​រងការ​ខូចខាត​ដាច់​ក្រឡេ​កង់​ខាង​មុខ​ចំហៀងខាងឆ្វេង​ ដោយ​ឡែក​រថយន្ត​បង្ក​បាន​ជ្រុល​ចង្កូត​ទៅ​ខាងឆ្វេង​ទៅបុក​និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់វាចអស់២កង់។​ ចំណែក​ឯ​រថយន្ត​រងការ​ខូចខាត​ក្រពឹត​កាងនិងដាច់ក្រឡេ​កង់​ខាងមុខ​ទាំង​សង​ខាង​ទៅមុខ​លែង​រួច​ ។

ក្រោយពេលកើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បានចុះមកដល់​ចំណុច​កើត​ហេតុ​ហើយ​បាន​ទាក់​ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើ​ការ​វាស់​វែង​ស្ទួច​យក​រថយន្ត​ទាំង២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

មតិយោបល់