ព័ត៌មានសិល្បៈ និងកម្សាន្ត

សុគន្ធ នីសា សារភាពថាទៅមិនរួច

ខុសពីតារាភាគច្រើនដែលអះអាងថាខ្លួននឹងធ្វើឲ្យបានតាមអ្វីដែលមហាជនចង់បាន សម្រាប់តារាចម្រៀងអ្នកនាង សុគន្ធ និសា បែរជាសារភាពថាអ្នកនាង នឹងមិនអាចទៅរួចនោះទេ ដោយអ្នកនាងបានទាំងប្រកាសយ៉ាងក្ដែងៗថាសុំមិនអាចលើសអ្វីដែលបានឃើញបានឡើយ។ អ្នកនាងបានថ្លែងបែបនេះ ក្នុងឱកាសបង្ហាញមុខលើកដំបូងក្នុងកម្មវិធីតន្ត្រីបន្តផ្ទាល់រៀងរាល់ថ្ងៃអាទិត្យរបស់ប៉ុស្ដិ៍លេខ៥ «Carabao TV5 Spark Concert»កាលពីថ្ងៃទី២៤ មិថុនា បើទោះជាម្នាក់ៗកត់សម្គាល់ឃើញថានាងកាន់តែល្អក្នុងទេពកោល្យទាំងនោះ។

សុគន្ធ និសា និយាយថា អ្នកនាងមិនអាចបញ្ចេញក្បាច់រាំបានលើសពីអ្វីដែលទស្សនាបានឃើញចំពោះសមត្ថភាពរបស់នាងកន្លងមកនោះទេ ដោយនាងបញ្ជាក់ថា បើទោះជាតារារូបណាអាចរាំបានរស់រវើកជាងហ្នឹង ក៏អ្នកនាងនឹងមិនប្រជែងនោះដែរ ដោយសារតែអ្នកនាងស្គាល់ច្បាស់ពីសមត្ថភាពរបស់ខ្លួន។ ឆ្លើយតបនឹងការសរសើររបស់ពិធីការិនីដែលអះអាងថា អ្នកនាងពេលនេះ កាន់តែខ្យូតជាងមុន និងរាំបានល្អ អ្នកនាងនិយាយថា«បានតែប៉ុណ្ណឹងៗទេឲ្យលើសហ្នឹងអត់កើតទេ ព្រោះយើងដឹងថាយើងទៅអត់កើត!!»។ យ៉ាងណាការប្រកាសថាមិនអាចទៅរួចរបស់នាង ក៏មើលទៅមិនអន់ជាងតារាយុវវ័យដែលមានឈ្មោះខាងពូកែរាំបានរស់រវើកនោះដែរ ក្នុងពេលដែលបកស្រាយបទចម្រៀង៣បទជាបទញាក់ជាប់គ្នានៅប៉ុស្ដិ៍លេខ៥នោះ ក៏ស៊ីសង្វាក់បានល្អជាមួយក្រុមរាំមិនដូចមុន។

សុគន្ធ នីសា ក៏បានប្រកាសថាអ្នកនាងនឹងទទួលយកការការសម្ដែងភាពយន្តតាមការចាត់ចែងរបស់ហង្សមាស ឲ្យបានពេញទំហឹង ដើម្បីបង្ហាញថាអ្នកនាងគឺអាចធ្វើបាននូវអ្វីដែលខាងក្រុមហ៊ុនដាក់ឲ្យ បើទោះជាការងាកទៅសម្ដែងច្រើន នឹងធ្វើឲ្យអ្នកនាងរយាលពីការពង្រឹងបទចម្រៀង និងពង្រឹងក្បាច់រាំ។ អ្នកនាងថាខ្លួនចង់សម្ដែង មិនមែនដើម្បីចង់ក្លាយជាតារាឆ្នើមផ្នែកសម្ដែងកុននោះទេ ប៉ុន្តែគឺគ្រាន់តែចង់បង្ហាញទស្សនិកថាក្នុងនាមជាតារាសិល្ប: ឲ្យតែអាចធ្វើអ្វីបានគឺត្រូវតែធ្វើប៉ុណ្ណោះ។ ក្នុងការបង្ហាញខ្លួននៅប៉ុស្ដិ៍លេខ៥ នោះអ្នកនាងនៅតែលេចធ្លោរក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីរបស់ខារ៉ាបាវនោះ ដោយការតែងខ្លួនរបស់អ្នកនាងក៏មើលទៅទាក់ភ្នែកផងដែរ។ ជាមួយនឹងការដាក់ខ្លួនថាអ្នកនាងមិនអាចទៅរួចសម្រាប់ការរាំរែកឲ្យរស់រវើក នឹងខ្លាំងជាងហ្នឹងនោះ គឺអ្នកគាំទ្ររបស់អ្នកនាងបែរជាផ្ដោតការសរសើរទៅវិញថា ថាអ្នកនាងក៏រាំបានលូយនោះដែរ បើទោះមិនទាន់ហ៊ានបញ្ចេញក្បាច់កាចៗដូចគ្នានឹងតារាជាគូប្រជែង៕

មតិយោបល់