ព័ត៌មានសិល្បៈ និងកម្សាន្ត

ចាន់ តារាទី ត្រូវគេធ្វើឲ្យភាន់ច្រឡំ ថាឈឺធ្ងន់ និងធ្លាក់ខ្លួនក្រ!

បន្ទាប់ពីមានផេកមួយបានផុសរូបកម្សត់ៗធ្លាក់ខ្លួនឈឺរបស់អ្នកនាងចាន់ តារាទី ហើយសរសេរបង្ហោះថា«បងស្រីចាន់ តារាទីធ្លាក់ខ្លួនឈឺ ហើយត្រូវគេយកទុកចោលក្នុងខ្ទមចម្ការមួយ Story» បានធ្វើអោយមានការយល់ច្រឡំយ៉ាងខ្លាំងថាអ្នកនាងបានធ្លាក់ខ្លួនដូចក្នុងរូបនោះមែន។ យ៉ាងណាមិញ ក្រោយការទម្លាយថានេះជារូបភាពក្នុងពេលអ្នកនាងថតរឿង”ទូកបាត់ច្រវ៉ា” គេឃើញផេកដែលបានបង្ហោះនោះរងការជេរប្រទិចយ៉ាងចាស់ដៃ ដោយត្រូវគេចោទថាបានផុសបំភ្លៃការពិត ក្នុងបំណងទាក់ទាញការចែកចាយនោះ។

គ្មានអ្នកសិល្បៈ និងអ្នកសារព័ត៌មានណាម្នាក់មិនដឹងនោះទេ ថាទោះជាអ្នកនាងចាន់ តារាទី បានដាច់ដោចជាមួយស្វាមីជាមន្ត្រីផ្កាយ៤ក៏អ្នកនាងនៅតែមានជីវភាពរស់នៅហ៊ឺហារ និងឡូយឆាយ ដោយអ្នកនាងត្រូវគេឃើញរស់នៅក្នុងបុរីពិភពថ្មីនៅចម្ការដូងនោះផង។ អ្នកនាងទើបតែបានបង្ហាញខ្លួនក្នុងពិធីក្រុងពាលីថតរឿង«មរតកចុកឈាម»របស់ផលិតកម្មមហាហង្សកាលពីថ្ងៃទី១៧ មិថុនាមុននេះប៉ុណ្ណោះ ទើបរូបភាពកម្សត់ៗក្នុងខ្ទមរបស់អ្នកនាងអមដោយការបង្ហោះសំណេរធ្វើឲ្យមានការយល់ច្រឡំពីសំណាក់អ្នកមិនបានដឹងនោះ ក្លាយជាការរិះគន់យ៉ាងចាស់វិញពីសំណាក់អ្នកលេងហ្វេសប៊ុក។ ម្នាក់ៗនិយាយថានេះជាការកេងចំណេញដ៏អាក្រក់មួយ ក្នុងពេលដែលឈុតថតរឿងសោះតែបែរជាដាក់ត្រឹមតែ Story ធ្វើឲ្យគេមិនចាប់អារម្មណ៍ពីការបញ្ជាក់ថានោះជាឈុតសម្ដែងរឿង នៅតែមានការយល់ច្រឡំ។ អ្នកមិនចាប់អារម្មណ៍ថានេះជាឈុតថតរឿង បានបង្ហាញការជ្រួលច្របល់ ប៉ុន្តែនៅពេលមានការបកស្រាយក៏ផ្ដើមរិះគន់ចំពោះចេតនាធ្វើឲ្យមានការយល់ច្រឡំនោះវិញ។

អ្នកនាងចាន់ តារាទី មិនត្រូវបានសុំការបញ្ជាក់បានទេ ប៉ុន្តែអ្នកនាងធ្លាប់បានបញ្ជាក់ថាបើទោះជាពេលខាងមុខអ្នកនាងស្ថិតក្នុងសភាពលំបាកបែបណា ក៏អ្នកនាងមិនចូលចិត្តផុសសុំជំនួយ ឬសុំការអាណិតនោះដែរដោយសារតែអ្នកនាងចាត់ទុកថាខ្លួនមានកិត្តិយស និងមិនចង់ឲ្យមានពាក្យថាកាលនៅជាហ៊ឺហារឡូយឆាយ តែដល់ពេលឈឺគ្មានប្រាក់ព្យាបាល។ អ្នកនាងក៏រមែងបង្ហាញអារម្មណ៍អត់សប្បាយចិត្តចំពោះបណ្ដាញសារភាពណាមួយដែលចុះពីការត្អួញត្អែររបស់អ្នកនាងជាសាធារណៈនោះដែរ ដោយសារតែអ្នកនាងយល់ថានោះគឺជាការចុះផ្សាយក្នុងន័យឲ្យគេរិះគន់ និងមាក់ងាយ។ ជាមួយនឹងការបញ្ជាក់នេះ ទើបគេអាចយល់ថាអ្នកនាងពិតជាមិនសប្បាយចិត្តចំពោះការបង្ហោះរូបថតទាំងឡាយណាដែលធ្វើឲ្យមានការយល់ច្រឡំថាអ្នកនាងធ្លាក់ខ្លួនក្រ ឬធ្លាក់ខ្លួនឈឺហើយមិនមានប្រាក់ព្យាបាលដូចអ្វីដែលបានចែកចាយនោះទេ ដោយសារតែអ្នកនាងគឺជាតារាមួយរូបដែលបានប្រកាសថាមានការត្រៀមទុកនៅគ្រប់គម្រោងក្នុងជិវិត ហើយចូលមិនចិត្យដេកដួលរង់ចាំទទួលការអាណិតណាមួយ។ មកទល់ពេលនេះ រូបថតភាន់ច្រឡំរបស់អ្នកនាងនៅតែមានអ្នកគិតថាគឺជាការពិត បើទោះជាមានការអ្នកចេញមុខបកស្រាយ និងមានការរិះគន់ចំពោះការបង្ហោះនោះ យ៉ាងចាស់ដៃទៅហើយ៕

មតិយោបល់