ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៉ិន បកស្រាយ ក្រោយគេចោទថារឿងជំពាក់លុយ

បន្ទាប់ពីមានសារព័ត៌មានផ្សាយថាលោក អ៉ិន ដែលត្រូវគេស្គាល់ថាផលិតករល្បីឈ្មោះរបស់ផលិតកម្មមហាហង្សជំពាក់លុយថ្លៃផ្សាយពាណិជ្ជកម្ម និងជំពាក់អ្នកកាសែតនោះ គេឃើញផលិតកររូបនេះ ចេញមុខប្រតិកម្មជាសាធារណៈតែម្ដងនៅលើបណ្ដាញសារព័ត៌មាន ដោយលោកបានទាំងចាត់ទុកថានោះជាការបង្ខូចឈ្មោះ និងថាអ្នកផ្សាយចំពោះលោកទាំងនោះ មិនមានវិជ្ជាជីវៈព័ត៌មាននោះផង។

លោកអ៉ិន និយាយថា លោកមិនដែលបានចុះកុងត្រាផ្សព្វផ្សាយពីការងាររបស់លោក ឬពីផលិតកម្មរបស់លោក ជាមួយបណ្ដាអ្នកកាសែតណាទេ គឺលោកគ្រាន់តែមានការងារជាច្រើនអញ្ជើញបណ្ដាស្ថាប័នអ្នកកាសែតអោយមកយកព័ត៌មាន ហើយក៏បានគិតគូរកម្រៃថ្លៃសាំងអោយទៅវិញ ជាការជួយគ្នាទៅវិញទៅមកប៉ុណ្ណោះ មិនមែនជាការជួល ឬកុងត្រាផ្សាយនោះទេ។ លោកថាខ្លួនមានកម្មវិធីក្រុងពាលីរឿង និងសម្ពោធរឿងច្រើន ហើយតាមភាពជាក់ស្ដែង អ្នកកាសែតមួយចំនួនដែលមិនត្រូវបានអញ្ជើញក៏មកថត និងផ្សាយនោះដែរ ប៉ុន្តែលោកនៅតែគិតគិតកម្រៃសាំងជូន បើទោះជាបានដឹងនោះថាការងាររបស់អ្នកកាសែតផ្នែកព័ត៌មានកម្សាន្ត ដែលត្រូវមកយកព័ត៌មាន។

លោកនៅតែអះអាងថាថវិកាទាំងនោះមិនមែនជាប្រាក់ផ្សព្វផ្សាយពាណិជ្ជកម្មទេ ហើយលោកក៏សារភាពថាមិនបានចាត់ចែងអោយក្រុមការងារបើកជូនអ្នកកាសែតក្រោយការចុះផ្សាយពីការងាររបស់ខ្លួនបានទាំងស្រុងនោះដែរ ដោយសារតែលោករវល់នឹងការងារផ្សេង ហើយការងារមួយនេះ គឺក្រុមការងាររបស់លោកមិនបានជូនដំណឹង និងបានចាត់ចែងថវិកាដែលលោកទម្លាក់អោយទៅការងារផ្សេង។ លោកថាលោកមិនដែលកើតមានបញ្ហារឿងកញ្ចប់ថ្លៃសាំងអ្នកសារព័ត៌មាននោះទេ ប៉ុន្តែបណ្ដាលមកពីបណ្ដាប៉ុស្ដិ៍ទូរទស្សន៍ និងរោងកុន ក៏មិនទាន់បង្វិលលុយអោយលោកនោះដែរ ទើបបណ្ដាលអោយលោកធ្វេសប្រហែសក្នុងការបង្វិលលុយនេះ តែក៏មិននឹកស្មានថាអ្នកកាសែតមួយចំនួន គឺគ្រាន់តែបើកលុយដែលក្រុមហ៊ុនរបស់លោកផ្ដល់អោយក្នុងនាមថ្លៃសាំងនោះមិនទាន់ក៏បែរជាប្រកាសថាលោកជំពាក់លុយថ្លៃផ្សាយពាណិជ្ជកម្ម ដែលលោកនិយាយថាការប្រកាសបែបនោះ គឺហាក់ដូចជាលោកទិញទំព័រផ្សព្វផ្សាយនៅលើកាសែត ហើយមិនទទួលខុសត្រូវដោយមិនបង់លុយអោយ។

លោកប្រកាសអោយអ្នកកាសែតទាំងអស់មកយកលុយនៅក្រុមហ៊ុនរបស់លោក ខណៈដែលលោកក៏បានប្រកាសថាការពិតថវិកាដែលខ្វះលើអ្នកកាសែតនោះ លោកក៏បានឮថាក្រុមការងាររបស់លោកនឹងបើកអោយនៅសប្ដាហ៍នេះផងដែរ ដោយសារតែខាងប៉ុស្ដិ៍ទូរទស្សន៍ក៏បង្វិលលុយទាំងម៉ឺនដុល្លារអោយលោកក្រោយពីជំពាក់ច្រើនខែ ប៉ុន្តែមិនទាន់បានគិតគូរផង ក៏ស្រាប់តែមានការបង្ហោះបង្ខូចឈ្មោះបែបនោះ។

នៅលើហ្វេសប៊ុកលោកក៏បានសរសរថា«សូមអរគុណដល់អ្នកសារពត៍មានមូយចំនួនដែលចង់អោយខ្ញុំល្បីដល់ថ្នាក់ចុះផ្សាយពត៌មានមិនពិតថារូបខ្ញុំជំពាក់លុយថ្លៃផ្សាយពាណិជ្ជកម្មគេមិនសង ខ្ញុំចង់ប្រាប់ទៅពួកអ្នកសារពត៌មានមួយចំនួនដែលចុះផ្សាយថា តើមានឯកសារណាមួយដែលខ្ញុំជំពាក់គេ ពួកអ្នកជាមនុស្សគួប្រើខួក្បាលជាមនុស្ស កុំប្រើខួក្បាលជាឆ្កែចរិតថោកទាបជាងសត្វទៅទៀត ចូលចិត្តណាស់អារឿងបរិហាកេរ៏របស់អ្នកដ៏ទៃដើម្បីផលប្រយោជន៏ការសែតខ្លួនឯងនោះ។ខ្ញុំមិនខ្មាស់គេទេព្រោះមិនពិត សូមប្រើវិជ្ជាជីវះអោយបានត្រឹមត្រូវបើគ្មានភស្តុតាងកុំចេះតែចុះនាំអោយប្រជាជនទូទៅអស់ជំនឿលើសារពត៌មាននៅកម្ពុជា។» លោកសម្ដែងការខកចិត្ត ចំពោះបណ្ដាញផ្សព្វផ្សាយដែលបានផ្សាយពីលោក ខណៈដែលពេលកន្លងមក លោក និងក្រុមអ្នកសារព័ត៌មានក៏មានការងារត្រូវធ្វើជាមួយគ្នាជិតស្និទ្ធ ដែលមិនគួរថាត្រឹមតែបញ្ហាយឺតយ៉ាវ ហើយក៏ជាលុយតិចតួចដែលលោករវល់តែខ្វាយខ្វល់នឹងកិច្ចការធំផ្សេងប៉ុណ្ណឹង ស្រាប់តែឈានដល់ការបង្ខូចឈ្មោះលោក៕

មតិយោបល់