ព័ត៌មានសិល្បៈ និងកម្សាន្ត

មានរឿងអ្វី បាន ម៉ា រីណា ប្រកាសបិទជំនួញ

ក្នុងមួយរយ:មុនគេកត់សម្គាល់ថាតារាសម្ដែង កញ្ញា ម៉ា រីណា មិនសូវខ្វាយខ្វល់នឹងការសម្ដែងប៉ុន្មានឡើយ ដោយសារតែនាងរវល់តែរឿងមុខជំនួញបើកហាងផឹកស៊ីមួយកន្លែង ដោយមានឱកាសបានសម្ដែងច្រើនរឿងទាំងភាពយន្តខ្នាតធំ ភាពយន្តទូរទស្សន៍ និងថតស្ពត។
យ៉ាងណាមិញ នាងថាការងារមុខជំនួញប្រឈមនឹងការបិទចោលហើយ ដោយសារតែមានការប្រកួតប្រជែងខ្លាំង ខណ:ដែលនាងក៏ប្រកាសថាបើមុខជំនួញនោះដួលរលំ នោះនឹងប្រឡូកការសម្ដែងឲ្យខ្លាំងវិញ។

តារាសម្ដែងដែលផ្សងព្រេងមកពីខេត្តបន្ទាយមានជ័យរូបនេះ និយាយថាកញ្ញានឹងបិទហាងផឹកស៊ីរបស់ខ្លួនក្នុងពេលដ៏ខ្លីហើយ ដើម្បីកុំឲ្យឈឺក្បាលនឹងមុខរបរដែលហត់ច្រើនចំណេញតិចមួយនេះ ហើយក៏មានពាក្យមិនល្អប៉ះពាល់ខ្លួនផង ព្រោះតែនាងគឺជាថៅកែ ដែលត្រូវទទួលភ្ញៀវ និងពេលខ្លះត្រូវស្វាគមន៍ភ្ញៀវដែលចូលមកកាន់ហាង។ នាងថាខ្លួនសម្រេចចិត្តបិទចោលមិនយូរនោះ ដោយសារតែការបើកហាងមួយនេះ ក៏ធ្វើឲ្យនាងខាតបង់ច្រើនដែរ ជាពិសេសគឺដើរលេងច្រើនព្រោះតែពេលបិទហាងក៏ចេះតែមានមិត្តភ័ក្រ្តបបួលទៅកម្មវិធីនេះកម្មវិធីនោះ ហើយនាងពិបាកប្រកែក ព្រោះតែអ្នកទាំងនោះក៏ជាមិត្តភក្តិសំខាន់ ដែលជួយការងារក្នុងមុខជំនួញផងដែរ។ នាងថាបើបានបិទហាង គឺមិត្តទាំងនោះនឹងអស់ការបបួលទៀតហើយ ហើយនាងក៏មានលេសគ្រប់គ្រាន់មិនដើរជាមួយផងដែរ ដោយសារតែគេមិនអាចមករកនាងនៅហាង និងមិនមានអ្វីត្រូវពឹងពាក់នឹងការជួយមើលខុសត្រូវហាងផង។
នាងថាខ្លួនបើកហាងមួយរយ:អស់លុយច្រើនណាស់ ពោលគឺអស់ទាំងដើម និងអស់ទាំងការសេពគប់មិត្តភក្តិដោយសារតែមិត្តទាំងនោះមកជួយគាំទ្រដល់ហាង ហើយនាងក៏ត្រូវយកចិត្តយកថ្លើមមិត្តភក្តិទាំងនោះ ដោយបង្ខំចិត្តទៅណេះទៅណោះជាមួយអ្នកទាំងនោះវិញ ដែលតម្រូវឲ្យនាងចាយលុយ។

កញ្ញា ម៉ា រីណា និយាយថា នាងសម្រេចចិត្តបិទហាង មិនមែនដោយសារតែខាតខ្លាំងនោះទេ ប៉ុន្តែអ្វីដែលនាងចង់គេចគឺចង់គេចចោលការណាត់ ដែលនាងប្រាប់ថាពិបាកប្រកែកកន្លងមកតែម្ដង។ ម្យ៉ាងនាងចង់យកពេលទៅសម្ដែង និងទៅថតជាជំនួសនោះផង ទើបនាងប្រាប់ថាបើបិទហាងនោះ គឺទីមួយនឹងដាច់ជើងអ្នកបបួលផឹកស៊ី និងដើរបង្ហួស និងសំខាន់ជាងគេគឺបានងាកទៅទទួលការងារសិល្ប:ឲ្យពេញទំហឹងទៅវិញ។

នាងថាមិនមែនស្អប់ការសេពគប់មិត្តភ័ក្រ្តនោះទេ ប៉ុន្តែបណ្ដាលមកពីការដើរផឹកស៊ីខ្លះក៏ធ្វើឲ្យនាងប៉ះពាល់ដល់សុខភាព ទើបនាងយល់ថាមានតែការបិទជំនួញ ហើយយកពេលទៅថតកុនឲ្យខ្លាំងម្ដងទៀតប៉ុណ្ណោះ ទើបនាងមិនសូវមានអ្នកបបួលដើរ បបួលផឹក និងមិនសូវចាយលុយអស់ច្រើនដែលនាងប្រាប់អ្វីដែលនាងបានធ្វើកន្លងមក គឺដោយសារតែពិបាកប្រកែក។

នាងថាខ្លួននឹងទទួលតែការងារផឹកស៊ីក្នុងកម្មវិធីសិល្ប:តូចធំដែលជៀសមិនផុតប៉ុណ្ណោះ ប៉ុន្តែបើដើរជះលុយឥតប្រយោជន៍ ហើយខូចសុខភាពដូចមុន គឺនាងប្រកាសបញ្ឈប់តែម្ដង ដើម្បីអាចសន្សំលុយបានខ្លះ៕

មតិយោបល់