យោងតាម ការតាមដានទូទាំងសកលលោក បានឲ្យដឹងថា តារាចម្រៀងប៉ុប របស់ កូរ៉េខាងត្បូង PSY នៅ តែបន្តបំបែកកំណត់ត្រាថ្មីៗទៀត នៅក្នុងគេហទំព័រកំសាន្ត Youtube ដែលមិនធ្លាប់មាននោះឡើយ ក្នុងប្រវត្តិសាស្ត្រ នៃបទចម្រៀងអន្តរជាតិនានាកន្លងមក ។ចំពោះវីដេអូចម្រៀង Gentleman ដែលជាបទចម្រៀងចេញផ្សាយ កាលពីឆ្នាំ២០១៣ និងជាផលិតផលបន្ទាប់ពីបទ Gangnam Style ដែលផលិតកាលពីឆ្នាំ ២០១២នោះ បានបំបែក កំណត់ត្រាថ្មី ដោយមានអ្នកចូលទស្សនាច្រើនដង ជាងគេ ក្នុងពេលតែមួយថ្ងៃ គឺ៣៨លានដង កាលពីថ្ងៃទី១៤ ខែមេសា កន្លងទៅនេះ។ នេះបើតាមទិន្នន័យ ដែលចេញ ដោយក្រុមហ៊ុន Google កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០១៤ ។
ចំពោះកំណត់ត្រាមួយទៀត សម្រាប់បទ Gentleman គឺការទទួលបានអ្នកចូលទស្សនាចំនួន ២១៥លានដង តែក្នុង រយៈពេល ១០ថ្ងៃ បន្ទាប់ពីវាបានដាក់ឲ្យទស្សនាជាសាធារណៈក្នុង Youtube កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០១៣ ។ ដោយឡែកកាលពីបទ Gangnam Style នោះ វាត្រូវការរយៈពេលរហូតដល់ ១ខែឯណោះ ទើបទទួលបានអ្នក ទស្សនា ១០០លានដង ។
កាលពីសប្តាហ៍មុននេះ Google ក៏បានបង្ហាញឲ្យដឹងផងដែរថា វីដេអូចម្រៀង Gangnam Style ដែលត្រូវបានចាត់ទុក ជាវីដេអូ ដែលមានអ្នកទស្សនាច្រើនជាងគេបំផុតក្នុង Youtube នោះ នៅតែឈរនៅលេខរៀងកំពូលជានិច្ច ដោយ ក្រុមហ៊ុននេះ ត្រូវធ្វើការ Updateរៀងរាល់ពេល ៕
មតិយោបល់