ព័ត៌មានសិល្បៈ និងកម្សាន្ត

ពានឆ្នើមចំនួន៦ ប្រកាសផ្ដល់ជូនតារាសិល្បៈ ថ្ងៃបំពាក់មេដាយកិត្តិយស

យោងតាមការទម្លាយពី«គ្រួសារតារាកម្ពុជា» ព្រឹត្តិការណ៍ជប់លៀងគម្រប់២ឆ្នាំរបស់ខ្លួន មិនត្រឹមតែមានពិធីបំពាក់មេដាយកិត្តិយសប្រភេទសំរិទ្ធិ ប្រភេទប្រាក់ និងប្រភេទមាស ជូនដល់សិល្បករសិល្បការិនី ដែលមានស្នាដៃក្នុងកិច្ចការសប្បុរសធម៌ប្រចាំក្រុមប៉ុណ្ណោះទេ ពិធីនោះក៏មានបប្រកួតប្រជែងផ្នែកសំលៀកបំពាក់បុរាណ ពីសំណាក់តារាសិល្បៈ និងអ្នកចូលរួមផងដែរ។ ពានតារាឆ្នើមផ្នែកគ្រងឈុតបុរាណលេចធ្លោចំនួន៦ នឹងត្រូវប្រកាសឡើងនៅក្នុងកម្មវិធី ខណៈដែលក្នុងពេលនេះតារាសិល្បៈដែលមានឈ្មោះទទួលយកមេដាយកិត្តិយស ក៏ត្រៀមខ្លួនប្រជែងយកពានទាំង៧នេះយ៉ាងសស្រាក់សស្រាំផងដែរ។

លោក ផាត់ តារារដ្ឋ ស្ថាបនិក«គ្រួសារតារាកម្ពុជា» និងជាអ្នករៀបចំព្រឹត្តិការណ៍នេះបានអះអាងថា ដើម្បីលើកទឺកចិត្តតារាៗ ដែលចូលរួមជួយសង្គម ក៏ដូចជាដើម្បីលើកតម្លៃរបស់តារាសិល្បៈ ដែលមានស្នាដៃក្នុងសកម្មភាពក្រុម ទើបលោកសម្រេចរៀបចំកម្មវិធីនេះឡើង នៅថ្ងៃទី៩ ខែកក្កដា នៅភោជនីយដ្ឋាន Terrace TK ស្ថិតនៅម្ដុំផ្សារបាយ័នទួលគោក លើផ្លូវបុរីសាន់វ៉េ។ នៅក្នុងពិធីនេះ លោកបានស្នើអោយតារាសិល្បៈដែលចូលរួមទទួលមេដាយកិត្តិយស និងភ្ញៀវកិត្តិយស ស្លៀកឈុតបុរាណតាមឯកទេសរៀងខ្លួន ដើម្បីរំលេចឈុតបុរាណអោយរស់ឡើងវិញនៅក្នុងក្រសែភ្នែកមហាជន។ ដើម្បីជាការលើកទឹកចិត្តអោយឈុតបុរាណទាំងនេះកាន់តែមានតម្លៃទៅទៀត លោកបានសម្រេចធ្វើពិធីប្រកាសអ្នកឈ្នះពានសម្រាប់អ្នកស្លៀកពាក់ដែលលេចធ្លោផង ដើម្បីលើកទឹកចិត្តអ្នកស្វះស្វែងរកឈុតបុរាណទាំំងនោះនៅក្នុងពិធី។

លោក ផាត់ តារារដ្ឋ បន្តថាពានទាំង៦រួបមាន ពានតារាលេចធ្លោ ផ្នែកគ្រងឈុតបុរាណបានស័ក្ដសម និងត្រូវទម្រង់(ប្រុសស្រី) ពានតារាលេចធ្លោ ផ្នែកគ្រងបំផុសឈុតកម្រក្នុងសម័យបុរាណ (ប្រុសស្រី) និងពានតារាលេចធ្លោ ផ្នែករំលេចឈុតបុរាណកែច្នៃ (ប្រុសស្រី)។ ក្រៅពីពានទាំង៦ ក៏នឹងមានការប្រកាសចំណាត់ថ្នាក់កិត្តិយសដល់តារាសិល្បៈ ដែលមានស្នាដៃក្នុង«គ្រួសារតារាកម្ពុជា»ទាំងក្នុងក្រុម និងក្រុមជាច្រើនតំណែងទៀតផងដែរ ដើម្បីលើកកិត្តិយសតារាសិល្បៈខ្មែរដែលបានចូលរួម។ លោកថានឹងធ្វើអោយតារាដែលគ្រងឈុតបុរាណ កាន់តែរំភើបជាមួយនឹងការប្រកាសពានទាំង៦ ខណៈដែលអ្នកឈ្នះពាន ក៏មានការបំផុសអោយផ្សាយគគ្រឹកកគ្រេងនៅលើបណ្ដាញសារព័ត៌មាន។ លោកថាកម្មវិធីនេះ ក៏នឹងមានការចូលរួមបំពាក់មេដាយ និងប្រគល់ពាន ដោយមន្ត្រីជាន់ខ្ពស់ប្រចាំក្រសួងវប្បធម៌ ក្រសួងព័ត៌មាន ពីស្ថាប័នធំៗ និងជាពិសេស គឺពីផលិតករជើងចាស់យ៉ាងច្រើនកុះករ ដោយលោកបានចាត់ទុកថានោះជាជំនួបសិល្បករជើងចាស់ និងជំនាន់ថ្មីដ៏ធំ ដែលធ្វើអោយទាំងតារាជើងចាស់ និងអ្នកជំនាន់ក្រោយ មានកិត្តិយសនៅក្នុងសង្គមនោះផង៕

មតិយោបល់