ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យល្មមរឹតបន្តឹងសន្តិសុខហើយ! បុរសម្នាក់ត្រូវក្រុមចោរវាយប្លន់យកម៉ូតូបានសម្រេចទៀតហើយ!..

ភ្នំពេញៈ យុវជនម្នាក់ទើបនឹងត្រឡប់មកពីជួយលក់ដូរអីវ៉ាន់ឪពុកម្តាយវិញ ក៏ជិះម៉ូតូតែម្នាក់ឯងក្នុងបំណងត្រឡប់មកផ្ទះ ស្រាប់តែមកដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវក្រុមជនសង្ស័យជិះប្រដេញតាមធាក់ផ្តួលម៉ូតូ រួចប្លន់យកទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង១០និង៥០នាទី យប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ទល់មុខវត្តព្រៃស្ពឺ ស្ថិតក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

យុវជនរងគ្រោះ ដែលត្រូវចោរស្ទាក់ប្លន់ ម៉ូតូ មានឈ្មោះឆាន់ ឆារ៉ាន់ អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ។
ចំណែកម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់នោះ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JE-8180 ។

តាមសម្តីយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេទើបនឹងត្រឡប់មកពីជួយលក់អីវ៉ាន់ឪពុកម្តាយវិញ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយក៏បានជិះម៉ូតូតែម្នាក់ឯង ធ្វើដំណើរតាមណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ម្តុំវត្តស្លែង ខណ្ឌដង្កោ ស្រាប់តែមានជនសង្ស័យគ្នា៣នាក់ជិះម៉ូតូ១គ្រឿង មិនចាំម៉ាក បានជិះប្រដេញតាមពីក្រោយ រហូត លុះមកដល់មុខវត្តព្រៃស្ពឺ ជនសង្ស័យក៏បានជិះអែប រួចធាក់ម៉ូតូ១របស់គេបណ្តាលឱ្យដួល ហើយភ្លាមនោះជនសង្ស័យម្នាក់បានចុះមកលើកម៉ូតូរបស់គាត់ជិះចេញបាត់ តែម្តង៕

មតិយោបល់