ក្ដីស្រម៉ៃរបស់តារាចម្រៀងវ័យក្មេងកញ្ញា សោភា ទេពី គឺចង់ក្លាយជាតារាចម្រៀងរបស់ផលិតកម្មហង្សមាស តាំងពីបានក្លាយខ្លួនជាបេក្ខនារីលេចធ្លោប្រចាំកម្មវិធី Cambodia Idol រដូវកាលទី៣ មកម្ល៉េះ ដោយនាងរំពឹងថានឹងត្រូវបានហង្សមាសជ្រើសអោយក្លាយជាតារាចម្រៀងនោះផង។ យ៉ាងណាមិញ នាងអះអាថា ខ្លួនត្រូវបានផលិតកម្មធំៗទាក់ទងជាច្រើន ប៉ុន្តែបណ្ដាលមកពីចាំអ៊ុតនៅហង្សមាសសិន ទើបនាងមិនទាន់ពិចារណា។
ការបង្ហាញខ្លួននៅលើវេទិកា«Carabao TV5 Spark Concert»នោះ កញ្ញា សោភា ទេពី និយាយថា ក្រោយពេលឡើងកូដនាងមានផលិតកម្មច្រើនឡើងទាក់ទងអោយនាងចូលច្រៀង ប៉ុន្តែនាងមិនទាន់ចង់ចូលនោះទេ ដោយសារតែនាងនៅចាំសម្ដីហង្សមាសថាអោយនាងនៅតែស្ងៀមសិនដើម្បីអោយហង្សមាសគិតគូ។ នាងថាហង្សមាសបានប្រាប់អោយនាងប្រឹងប្រែងតាំងពីពេលធ្លាក់ពីកម្មវិធីចម្រៀងភ្លាមៗម្ល៉េះ ទើបនាងនៅចាំសម្ដីមួយនោះ ហើយសម្រេចចិត្តមិនចូលផលិតកម្មណាមួយ ក្រែងលហង្សមាសស្វាគមន៍អោយក្លាយជាតារាចម្រៀងដូចអ្វីដែលបានបង្ហើប។ នាងថាខ្លួននៅតែលតោលមិនចូលផលិតកម្មណាមួយ ព្រោះតែហេតុផលនោះ ហើយបើកុំរង់ចាំអ៊ុតមើលហង្សមាស គឺនាងនឹងក្លាយជាតារាចម្រៀងរបស់ផលិតកម្មមួយបាត់ទៅហើយ។ យ៉ាងណាមិញ នាងថាខ្លួននៅតែមានបទចម្រៀងផ្ទាល់ខ្លួនជារឿយៗដដែលទៀតដោយសារតែមិនមានផលិតកម្មចម្រៀងមែន ប៉ុន្តែនាងបានផលិតចម្រៀងទាំង Original Song និងបទចម្លងយកមកច្រៀងឡើងមានការចាប់អារម្មណ៍។
វត្តមានរបស់ សោភា ទេពី លើឆាកប៉ុស្ដិ៍លេខ៥នោះ នាងត្រូវគេកត់សម្គាល់ថាទទួលការគាំទ្រមិនធម្មតា ដោយសារតែនាងបកស្រាយបទចម្រៀងបែបរ៉ក់ ហើយស្រែកបានយ៉ាងខ្ពស់ ដោយសូម្បីតែពិធីករពិធីការិនីក៏សរសើរមិនដាច់ពីមាត់។ នាងគឺជាតារាចម្រៀងដែលចេញប្រភពពី របាំបុរាណ និងចម្រៀងបុរាណនោះទេ ប៉ុន្តែក្រោយពេលបានក្លាយជាតារាចម្រៀង ក៏ចាប់អាជីពចម្រៀងរ៉ក់ និងញាក់ស្ទើរតែបាត់អាជីពពីខាងដើម។ នាងថាខ្លួនកាន់តែមានទីផ្សារ ចាប់តាំងពីបានចាប់អាជីពបកស្រាយតែបទចម្រៀងរ៉ក់ នាងពេលចុងក្រោយ៕
មតិយោបល់