ភ្នំពេញៈ កវិនិពន្ធចម្រៀងក្នុងផលិតកម្មថោន លោក ងួន សុបិន្ត បានថ្លែងប្រាប់ Post News នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឲ្យដឹងថា ពីមុនមកអ្នកនិពន្ធ បងប្អូនខ្មែរយើងសឹងតែមិនមានតម្លៃក្នុងចិត្តគាត់ អ្នកនិពន្ធស្មើនឹងសូន្យ ។
ទម្រាំនឹងវិវត្តន៍ខ្លួន ក្លាយជាកវីនិពន្ធចម្រៀងក្នុងផលិតកម្ម ថោន លោក ងួន សុបិន្ត បានហែលឆ្លងនូវភាពលំបាកជាច្រើន ក្នុងជីវិត ទម្រាំមានថ្ងៃនេះ ។
កវីនិពន្ធខាងលើបានលើកឡើងថា បើសិនជាយើងជាអ្នកនិពន្ធថ្មី យើងសរសេរបទឲ្យទៅអ្នកចម្រៀងដែលមានឈ្មោះល្បី គេមិនយកភ្នែកមើលតែម្តង (ភាគច្រើន) ។ ផ្ទុយពីចំណុចអវិជ្ជមាននេះ លោកថា បើសិនជាយើងមានកេរ្តិ៍ឈ្មោះហើយ ទោះបីជាអត្ថបទយើងបែបណាក៏ដោយ ក៏គេព្យាយាមច្រៀង របៀបថា ប្រេន ចឹងអ្នកចម្រៀងគួរតែតោងគិតថា អ្នកនិពន្ធធ្វើទៅ ដោយការស្រឡាញ់ ទឹកចិត្ត គឺគ្មានចង់បានអ្វីមកវិញ ព្រោះកម្រៃ ដែលមកពីការនិពន្ធតិចតួចបំផុត មិនអាចផ្គត់ផ្គង់ជីវភាពបាន។
អ្នកចម្រៀង ខុសពីអ្នកនិពន្ធត្រង់ថា គាត់ច្រៀងហើយជោគជ័យ គាត់មានខនសឺត គាត់អាចរកកម្រៃបាន ប្រចាំថ្ងៃប្រចាំខែ រហូតដល់បទមួយហ្នឹងសាប តែអ្នកនិពន្ធមិនមានទេ ដោយយប់ព្រលប់ឡើង ត្រូវសរសេរដោយខែខ្លះ តាំងពីក្បាលព្រលប់ ដល់ព្រឹកវិញដែរ ។
លោក ងួន សុបិន្តថា «សម្រាប់អ្នកនិពន្ធពីមុនមក បងប្អូនខ្មែរមិនដែលដឹងថា អ្នកនិពន្ធលំបាកម៉េច អ្នកខ្លះសឹងថាមិនមានតម្លៃក្នុងចិត្តគាត់ ក្រៅពីអ្នកចម្រៀង អ្នកនិពន្ធគ្មានតម្លៃ អ្នកនិពន្ធស្មើសូន្យ(សម័យមុន) »។
ដោយឡែកសម្រាប់សម័យបច្ចុប្បន្ននេះ ខ្ញុំមើលតាមលក្ខណ្ឌ ដែលបងប្អូនយើងមិនសូវនឹកនា មិនសូវជាឲ្យតម្លៃ ប៉ុន្តែគាត់ភ្លេចគិតថា គ្រប់យ៉ាងផ្តើមឡើងដោយអ្នកនិពន្ធ បើគ្មានអ្នកនិពន្ធទេ អ្នកចម្រៀងក៏គ្មានបទចម្រៀងដែរ អ្នកនិពន្ធមានរូបារម្មណ៍ ដែលអណ្តែត ដល់ទី១ មុនអ្នកចម្រៀង ចឹងអ្នកនិពន្ធបង្កើតអ្វីៗ បានមុនអ្នកចម្រៀងទាំងអស់ ។ នេះគឺជាសម្តី លោក ងួន សុបិន្ត បានបន្ថែម។
បើទោះបីជាកម្រៃ ដែលទទួលបាន ពីការនិពន្ធទំនុកច្រៀង បានតិចតួច កវីល្បីឈ្មោះ ខាងលើ បានបញ្ជាក់ថា លោកនឹងមិនបោះបង់អាជីពមួយនេះទេ នៅពេលខាងមុខ ។
និយាយអំពីដំណើរជីវិត លោក ងួន សុបិន្ត នៅឆ្នាំ២០០៥ ជាបុគ្គលិកនៅផលិតកម្ម U2 និង CB ដែលមានចាងហ្វាង លោក ឈាង ចេនឡា នៅផ្នែកលក់ និងបានព្យាយាមរៀនសូត្រពី ច័ន្ទ មល្លីកា សាយ កែវសុខ និងបងប្រុស មាស សុខ រតនៈ ដោយចាត់ទុកអ្នកទាំងបីជាគ្រូ ។
បញ្ជាក់ផងដែរថា សម្រាប់ លោក ងួន សុបិន្ត បាននិពន្ធបទចម្រៀងដំបូងបំផុតគឺបទ «ថ្ងៃស្អែកអូនការ» ច្រៀងដោយលោក ខេម និងបច្ចុប្បន្នលោកជា អ្នកដឹកនាំសម្តែង ជាតួសម្តែង លើអាជីពអ្នកនិពន្ធ ៕
មតិយោបល់