ព័ត៌មានសិល្បៈ និងកម្សាន្ត

រំភើបជំនួស អតីតតារាចម្រៀង ចាន់ សម័យ បានទាំងលុយសង់ផ្ទះ និងដីព្រមគ្នា

បន្ទាប់ពីបើកកកាយទំព័រជីវិតជុំវិញភាពកម្សត់ ក្រោយពីបាត់បង់អាជីពជាអ្នកចម្រៀង លោក ចាន់ សម័យ ដែលធ្លាប់ល្បីឈ្មោះក្នុងពិភពចម្រៀងត្រូវបានយកចិត្តទុកដាក់ភ្លាមៗ ក្នុងការជ្រោមជ្រែងទាំងពីសំណាក់ប្រមុខដឹកនាំ និងសប្បុសជននានា។ យ៉ាងណាមិញ ក្នុងចំណោមសប្បុរសជនទាំងអស់ គេឃើញមានតែ២ប៉ុណ្ណោះ ដែលត្រូវគេកត់សម្គាល់ថាកំពុងជួយឲ្យអតីតតារាចម្រៀងរូបនេះ អាចមានសង្ឃឹមឡើងវិញ នោះគឺសម្ដេចតេជោ ដែលបានបរិច្ចាគ១ម៉ឺនដុល្លារឲ្យសង់ផ្ទះបាននៅ ហើយលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានប្រកាសផ្ដល់ដីមួយកន្លែង ដែលស្ថិតក្នុងគម្រោងពុះដីឡូលក់របស់ខ្លួន ដើម្បីឲ្យលោកមានដីគ្រាន់សង់ផ្ទះនៅ។

យោងតាមការប្រកាសឲ្យដឹងជាសាធារណ: និងការប្រកាសរបស់លោកអ៊ឹម ជីវ៉ា បានអះអាងថា លោកចាន់ សម័យ ដែលស្ថិតក្នុងសភាពទ័លខ្លាំង បានទទួលនូវការជ្រោមជ្រែងពីសប្បុរសជនច្រើនឡើង បន្ទាប់ពីលោកចេញមុខផ្សព្វផ្សាយ និងប្រកាសអំពាវនាវ។ អ្វីដែលលោកកាន់តែរំភើបនឹងសប្បាយចិត្តបំផុត គឺលោក ចាន់ សម័យ ត្រូវបានឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារ ដើម្បីឲ្យលោកចាន់ សម័យ មានលទ្ធភាពបានធ្វើផ្ទះនៅ ខណ:ដែលភ្លាមៗបន្ទាប់ពីសម្ដេចតេជោឧបត្ថម្ភ ១ម៉ឺនដុល្លារ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ប្រកាសផ្ដល់ដីមួយកន្លែង ដើម្បីឲ្យលោកមានដីផ្ទាល់ខ្លួនសង់ផ្ទះនៅ។

លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវមហាជនផ្ដល់រហស្សនាមថាឧកញ៉ាចិត្តធម៌ បានអះអាងថា លោកពិតជាសម្រេចចិត្តផ្ដល់ឲ្យលោក ចាន់ សម័យ នូវដីមួយប្លង់ស្ថិតនៅផ្លូវជាតិលេខ៣ ដែលជាតំបន់នៅក្បែរប្រជុំជន ដើម្បីឲ្យអតីតតារាចចម្រៀង លោក ចាន់ សម័យ បានសង់ផ្ទះនៅពិតមែន បន្ទាប់ពីបានដឹងថាសម្ដេចតេជោ ផ្ដល់ឲ្យ១ម៉ឺននដុល្លារ ដើម្បីឲ្យអតីតតារារូបនេះ មានដីសង់ផ្ទះ កុំឲ្យពិបាករកដីដើម្បីសង់ផ្ទះនៅក្រោយត្រូវបានសម្ដេចឧបត្ថម្ភ។ លោកថាដីដែលលោកគម្រោងឲ្យនោះ គឺជាដីស្ថិតក្នុងតំបន់ដែលមានពលរដ្ឋរស់នៅ អាចរស់នៅបាន ហើយបើទោះជានៅជាយក្រុងបន្តិចមែន ប៉ុន្តែអាចរស់នៅបានយ៉ាងស្រួល មិនមែនជាកន្លែងស្ងប់ស្ងាត់។ លោកមិនទាន់បញ្ជាក់ថាដីដែលឲ្យចាន់ សម័យ នឹងមានទំហំប៉ុន្មានឲ្យច្បាស់នោះទេ ដោយគ្រាន់តែបានបង្ហើបផ្ដល់ឲ្យក្នុងទំហំដែលអាចឲ្យចាន់ សម័យ សង់ផ្ទះបានសមរម្យសម្រាប់ជីវិត។

លោកបានប្រកាសទៀតថា ដីនោះបើទោះជាចាន់ សម័យ មិនសង់ផ្ទះនៅ ហើយចង់លក់ចោល ក៏លោកប្រគល់ឲ្យដែរ ដោយលោកប្រកាសថា ទោះចាន់ សម័យ គម្រោងយកធ្វើអីក៏ធ្វើទៅ។ យ៉ាងណាមិញ យោងតាមការផ្សាយផ្ទាល់ពីសប្បុរសជនដែលបានទៅជួប លោក ចាន់ សម័យ ដោយផ្ទាល់ គឺលោកនឹងសម្រេចចិត្តទទួលយកដីរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយលោកបញ្ជាក់ថានឹងសម្រេចចិត្តទៅសង់ផ្ទះនៅលើដីដែលប្រគល់ឲ្យនោះផង ក្នុងពេលដែលលោកចង់បានផ្ទះសម្បែងផ្ទាល់ខ្លួនបំផុត ក្រោយពេលធ្លាក់ខ្លួន៕

មតិយោបល់