ព័ត៌មានអន្តរជាតិ

ទំនាក់ទំនងអាមេរិក និងកូរ៉េខាងជើង កាន់តែរីកចម្រើនខ្លាំង បន្ទាប់ពីលោក ត្រាំ ទទួលបានសំបុត្រពីលោក គីម

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញពីសុទិដ្ឋិនិយមអំពីកិច្ចប្រឹងប្រែង ដើម្បីបញ្ចប់ភាពតានតឹងកម្មវិធីនុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើង ដោយផ្ដោតលើជំហានការទូត បន្ទាប់ពីលោកបានទទួលលិខិតមួយពីលោក គីម ជុងអ៊ុន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា​ ឆ្នាំ២០១៨។

លិខិតដែលមានបួនកថាខណ្ឌ បានបង្ហាញការសប្បាយរីករាយជាខ្លាំង ដែលលោក គីម បានសំដែងនូវក្តីសង្ឃឹម សម្រាប់អនាគតថ្មី និងការនិយាយអំពីទំនុកចិត្តមិនប្រែប្រួលរបស់លោក ចំពោះលោក ត្រាំ ក្រោយពីរដ្ឋលេខាធិការលោក Mike Pompeo កាលពីថ្ងៃទី៦ ខែកក្កដា បានទៅដល់កូរ៉េខាងជើង ដើម្បីពិភាក្សាជាមួយរបបដឹកនាំរបស់លោក គីម។

ដោយលោក ត្រាំ បានបង្ហោះលិខិតមួយច្បាប់នោះ ជាមួយការសរសររៀបរាប់ថា «ជាការកត់សម្គាល់ដ៏ល្អមួយ ពីមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម និងជាការរីកចម្រើនដ៏អស្ចារ្យ ដែលត្រូវបានធ្វើទ្បើង!»

នៅក្នុងលិខិតមួយច្បាប់នោះ លោកគីម បានថ្លែងទៅកាន់លោក ត្រាំ ដោយសរសេររៀបរាប់អំពីជំនួបកំពូលប្រទេសទាំងពីរ កាលពីថ្ងៃទី ១២ ខែមិថុនា នៅសិង្ហបុរី និងសេចក្តីថ្លែងការណ៍រួម ដែលជាលទ្ធផលនៃដំណើរការចាប់ផ្តើមដ៏មានអត្ថន័យ»៕

មតិយោបល់