ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនគួរជឿ! ម៉ៅ ប៊ុនរតនា មានស្នាដៃក្នុងសិល្បៈរាប់មិនអស់ តែមិនល្បី

​ ស្រទាប់មហាជន និងអ្នកសិល្បៈ ស្ទើរមិនបានដឹងថាលោក ម៉ៅ ប៊ុនរតនា ដែលជាម្ចាស់ហាង Mr.Man គឺជាតារាសិល្បៈកាលពីអតីតកាលនោះទេ ដោយសារតែការប្រឡូករបស់លោកនៅក្នុងអំឡុងពេលនោះ មិនទទួលជោគជ័យ ដូចគ្នានឹងពេលដែលលោកបានក្លាយជាម្ចាស់មុខជំនួញនាពេលនេះ។ លោកបានទម្លាយពីការងារច្រៀងរាំ និងសម្ដែងរាប់មិនអស់ ដោយក្នុងនោះស្នាដៃដែលលោកបានសម្ដែងក៏បានបន្សល់ទុកច្រើនផងដែរ មុនពេលបោះបង់ឈប់គិតគូរ ហើយងាកមកពីស៊ប់នឹងមុខជំនួញមួយដាច់ដោយឡែក។

លោក ម៉ៅ ប៊ុនរតនា បានរំលឹងពីអតីតកាលក្នុងសិល្បៈអោយដឹងថា ក្រោយពេលមានឱកាសបានក្លាយជាតារាចម្រៀង បន្ទាប់ពីបានចូលហ្វឹកហាត់ក្នុងក្លិបសិល្បៈមួយ លោកក៏មានមុខមាត់បានច្រៀងនៅតាមឆាកតន្ត្រីជាពិសេសតន្ត្រីខេត្តក្រុង និងកម្មវិធីតូចធំស្ទើរមិនមានពេលសម្រាកនោះទេ បើទោះជាប្រាក់កម្រៃនៅក្នុងពេលនោះ ទទួលបានមិនច្រើន។ លោកបានចំណាយពេលប្រឡូកក្នុងអាជីពចម្រៀងរហូតមានការទទួលស្គាល់ក្នុងចំណោមអ្នកប្រឡូកអាជីពចម្រៀងរួមគ្នា ទើបសម្រេចចិត្តចូលហ្វឹកហាត់ក្នុងក្លិបសិល្បៈរបស់លោកចេវ វិរៈបន្ថែមមួយទៀតកាលពីឆ្នាំ២០០៩ ព្រោះតែស្រឡាញ់អាជីពពិធីករ។ យ៉ាងណាមិញ លោកថាមិនបានទទួលផ្លែផ្កាពីអាជីពពិធីករនោះទេ ដោយបែរជាជោគជ័យក្នុងអាជីពសម្ដែងទៅវិញ បន្ទាប់ពីពេលគេចុះជ្រើសតួក្នុងក្លិប ហើយពេញចិត្តរូបសម្រស់របស់លោក។

ស្នាដៃដែលធ្វើអោយគេស្គាល់លោកក្នុងអាជីពសម្ដែងមុនពេលបាត់មុខ គឺភាពយន្តភាគរឿង«រលកស្នេហ៍ចម្រៀងជិវិត»របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ និងភាពយន្តមួយចំនួនទៀត ដែលលោកបានសម្ដែងជាមួយ លោក ទេព រិន្ទដារ៉ូ ជាដើម។ លោកថាមុនងាកមកធ្វើជំនួញ លោកច្រៀង និង សម្ដែងច្រើនណាស់ ប៉ុន្តែបណ្ដាលមកពីអត់ជោគជ័យ ពោលគឺអាចនិយាយបានថាមិនមានកេរ្តិ៍ឈ្មោះបោះសំលេងតាមការចង់បាន ទើបលោកសម្រេចចិត្តបោះបង់។ លោកថាចំណាយពេលប្រឡូកក្នុងអាជីពសិល្បៈមិនតិចឆ្នាំ អត់មានអ្នកស្គាល់ច្រើនទេ ប៉ុន្តែបែរជាមានអ្នកស្គាល់ច្រើនក្រោយបើកជំនួញលក់ខោអាវយីហោ Mr.Man ខណៈដែលលោកក៏ភ្ជាប់ទំនាក់ទំនងជាមួយតារាសិល្បៈ និងផលិតករកាន់តែច្រើន តាមរយៈការផ្ដល់សំលៀកបំពាក់ប្រចាំហាងអោយតារាៗ និងបានចូលរួមធ្វើសកម្មភាពសង្គម និងសិល្បៈជាច្រើនដើម្បីជ្រោមជ្រែងវិស័យសិល្បៈ។

លោក ម៉ៅ ប៊ុនរតនា បន្តថា បើលោកចង់ប្រឡូកអាជីពសម្ដែងគឺអាចនឹងមានអ្នកចាប់អារម្មណ៍ច្រើននៅក្នុងពេលនេះ ប៉ុន្តែមកពីលោកចង់ទុកឱកាសអោយក្មេងជំនាន់ក្រោយ ទើបលោកសម្រេចចិត្តបោះបង់ ហើយធ្វើជាអ្នកជ្រោមជ្រែងតារាសិល្បៈជំនាន់ក្រោយអោយមានឱកាសបានប្រឡូកអាជីពសិល្បៈវិញ៕

មតិយោបល់