ភ្នំពេញៈ កាលពីយប់ថ្ងៃទី១០ កញ្ញា តារាសម្ដែងស្រស់សោភាអ្នកនាងពេជ្រ ខេនឌី បានប្រារព្ធពិធីបង្កក់កូនប្រុសវ័យទើបមួយខែយ៉ាងអធឹកអធមនៅបុរី999 ខាងក្រោយផ្សារហេងលី។ ពិធីនេះបើទោះជាមានវត្តមានតារាសិល្បៈមិនច្រើន ប៉ុន្តែសម្រាប់ភ្ញៀវកិត្តិយសជាអ្នកមុខអ្នកការ និងជាពិសេសគឺអ្នកជំនួញគឺមានច្រើន។
តារាសម្ដែងពេជ្រ ខេនឌី ដែលមានស្នាដៃសម្ដែងរាប់មិនអស់នៅតាមផលិតកម្មក្រៅស្រុកដូចជាផលិតរ៉ៃមាស តោមាស និងបុប្ផាជាដើមនោះ បានអះអាងថាក្រោយការបាត់មុខមួយរយៈនាងក៏បានភពប្រសព្វជាមួយបុរសជាអ្នកជំនួញចិន និងបង្កើតបានកូនប្រុសម្នាក់ឈ្មោះ យាន ខៃខៃ ដែលទើបកើតបានមួយខែ។ អ្នកនាងថាការពិតអ្នកនាងមានបំណងចង់ធ្វើពិធីបង្កក់ ពេលកូនប្រុសអាយុបាន១ឆ្នាំឯណោះទេ ប៉ុន្តែមកពីស្វាមីអ្នកនាងក៏ចង់ជួបជុំមិត្តភ័ក្រ្ត ហើយនាងក៏មានបំណងអញ្ជើញតារាៗឲ្យមកជួបជុំក្រោយពីបាត់មុខមួយរយៈផង ទើបសម្រេចធ្វើកម្មវិធីនៅថ្ងៃទី១០ កញ្ញានេះតែម្ដង។ អ្នកនាងប្រកាសត្រលប់ចូលការសម្ដែងវិញនៅពេលកូនប្រុសធំបន្តិច ដោយសារតែស្វាមីរបស់អ្នកនាងដែលជាអ្នកជំនួញធំដុំនៅស្រុកខ្មែរ គឺស្រឡាញ់សិល្បៈ និងចង់ឃើញអ្នកនាងបន្តការសម្ដែងផងដែរ។ អ្នកនាងថាស្វាមីរបស់ខ្លួនជាជនជាតិចិន ហើយលោកជាបុរសចិត្តទូលាយ និងមិនចេះតែប្រច័ណ្ឌត្រឹមរឿងសម្ដែងនោះទេ ទើបអ្នកនាងប្រកាសត្រលប់ចូលសម្ដែងវិញ។
ងាកមកកាន់កម្មវិធីបង្កក់កូនរបស់អ្នកនាងវិញ គេឃើញវត្តមានតារាល្បីៗដូចជា កញ្ញាថន លក្ខិណា លោកអ៊ឹម ជីវ៉ា កញ្ញាលី ច័ន្ទសីហា និងគូដណ្ដឹង លោកចន អាឡិចហ្សូរ៉ា លោករតនៈ វិសិដ្ឋ លោកយូឌីស្កូ និងកញ្ញាផាភួងជាដើម។ នៅយប់នោះលោកគ្រូសាន គឹមស៊ាន ដែលជាគ្រូតាល្បុកត្តោក៏មានវត្តមានផងដែរ ដោយសារតែលោកគឺជាតាជីដូនមួយរបស់អ្នកនាងពេជ្រ ខេនឌី៕
មតិយោបល់