ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រឺខ្លួន! ពេលឮ ប៊េបី និង រុន ណាកូ ទម្លាយរឿងមុន និងក្រោយ ទទួលពាន

តាំងពីបានទទួលពានជាតារាលេចធ្លោប្រចាំឆ្នាំដោយឡែកពីគ្នា នៅក្នុងព្រឹត្តិការណ៍ប្រកួតឈុតបុរាណទ្រង់ទ្រាយធំ ក្រោមការរៀបចំរបស់«គ្រួសារតារាកម្ពុជា»ដោយមានរដ្ឋមន្ត្រីក្រសួងព័ត៌មានជាគណអធិបតី កាលពីថ្ងៃទី៩ កក្កដា ឆ្នាំ២០១៨ តារាសម្ដែង២រូប គឺកញ្ញា ប៊េប៊ី និងលោក រុន ណាកូ បានអះអាងថាព្រឹត្តិការណ៍មួយនេះ បានជួយអោយអ្នកទាំងពីរខ្ទរខ្ទារកេរ្តិ៍ឈ្មោះលើសលប់យ៉ាងខ្លាំងមកទល់នឹងពេលនេះ។

បន្ថែមពីលើអារម្មណ៍រំភើប អ្នកទាំងពីរក៏បានទម្លាយស្រដៀង ពីរឿងព្រឺក្បាលមួយចំនួនដែលបានកើតឡើង នៅមុន និងក្រោយលើកពាន។

កញ្ញា ប៊េប៊ី និយាយថា មុនពេលគ្រងឈុត«ព្រះនាងឥន្ទ្រទេវី» កញ្ញា និងលោក នូ សុភេន ជាអ្នកច្នៃម៉ូដ បានធ្វើពិធីសែនព្រេនរួចរាល់អស់ហើយ តែអ្នកច្នៃបានហាមកុំអោយនាងធ្វើអ្វីផ្ដេសផ្ដាស់ និងកុំអោយភ្លាត់មាត់និយាយមិនល្អ។ ប៉ុន្តែនៅប៉ុន្មាននាទីក្រោយទៅដល់កន្លែងប្រកួត នាងគ្រាន់តែភ្លាត់មាត់ថាមកុដនេះ ដូចពិបាកៗម៉េចទេ ស្រាប់តែធ្ងន់យកៗតែម្ដង ដែលហាក់ដូចជានាងបន្ថែមទម្ងន់ដុំថ្មលើក្បាលធ្វើអោយនាងពិបាកទ្រាំ។

នាងថា ស្ថានភាពពេលនោះ មិនខុសពីនាងទូលផ្ទាំងថ្មនោះទេ ហើយគ្រាន់តែនាងថ្ងូរប្រាប់អ្នកទៅជាមួយនាងថា ទ្រាំអត់បានទេ គឺពិបាកណាស់ ក៏រឹតតែរួតរឹតខ្លួន និងសង្កត់លើក្បាលដល់ថ្នាក់ មិនអាចអោយនាងអង្គុយកើត។ អ្វីដែលជាអច្ឆរិយៈ គឺគ្រាន់តែនាងបិទភ្នែក ហើយបួងសួងថា«បើឈុតដែលនាងគ្រងនេះ ពិតជាមានបារមីព្រះនាងឥន្ទ្រទេវី មកឃុំគ្រងមែន សូមអោយព្រះនាងជួយនាងមានស្មារតីរឹងប៉ឹងឡើងវិញ និងសូមអោយឈុតដែលនាងបានស្លៀកនេះ បានឈ្នះពានអោយសមនឹងកិត្តិយសរបស់ព្រះនាង និងកុំប្រកាន់កូនចៅបើកូនចៅខុសឆ្គង!!» ស្រាប់តែសភាពធ្វើទុក្ខដែលបានកើតឡើងដល់ថ្នាក់ចង់ផ្លាស់ឈុតនោះចោលកណ្ដាលទី ក៏ប្រែដូចគេដក ហើយធ្វើអោយនាងក្រោកឈរ ក្នុងពេលមានការប្រកាសអោយតារាបង្ហាញខ្លួននូវឈុតបុរាណ ដែលហាក់ដូចជាមានអ្វីមកជួយជ្រោងនឹងអោយដើរបាន និងឈរបាន។ អ្វីដែលកាន់តែធ្វើអោយនាងព្រឺក្បាលទៅទៀត គឺគ្រាន់តែនាងត្រូវបានប្រកាសថាលើកពាន«តារាលេចធ្លោប្រចាំឆ្នាំផ្នែកគ្រងឈុតកម្រក្នុងសម័យបានស័ក្ដសម» ស្រាប់តែ ឃើញព្រះនាងឥន្ទ្រទេវីរំលេចខ្លួនមួយភាំងឈរញញឹម ធ្វើអោយនាងព្រឺខ្លួនតែម្ដង មកទល់ពេលនេះ។

មិនខុសគ្នាដែរ លោក រុន ណាកូ ដែលគ្រងឈុតព្រះបាទសុរិយវរ្ម័នទី២ អ្នកកសាងប្រាសាទអង្គរ ហើយទទួលបានពាន «តារាលេចធ្លោប្រចាំឆ្នាំផ្នែកគ្រងឈុតបុរាណស័ក្ដសម» ក៏ទម្លាយអោយដឹងពីហេតុការណ៍ចម្លែកស្រដៀងគ្នាធ្វើអោយអ្នកស្ដាប់ព្រឺក្បាលផងដែរ។

លោកថាក្នុងពេលកម្មវិធីបញ្ចប់ការបង្ហាញខ្លួនលើកទី១ គឺគ្រាន់តែលោកច្រឡំផឹកស្រាមួយក្អឹកព្រោះតែតារាជល់កែវប៉ុណ្ណោះ ក៏មានអាការៈរឹតរួតក្បាលមួយរំពេច សូម្បីតែមកុដដែលលោកបានពាក់ធំជាងក្បាល ដល់ថ្នាក់ញាត់កន្សែងដើម្បីអោយណែនពាក់កើត។ លោកថាស្ថានភាពមិនខុសពីរឿងស៊ុនអ៊ូខុង ត្រូវលោកគ្រូថាំងចេង សូត្រធម៌ធ្វើបាបនោះទេ ហើយពេលដែលលោកដោះមកុដដោយតាំងចិត្តថានឹងប្រហែលជានឹងបោះបង់ការប្រកួត ដោយសារតែឃើញតារាៗក៏គ្រងឈុតបុរាណបានស្អាតផង ស្រាប់តែស្ថានភាពរឹតរួតក្បាលកាន់តែខ្លាំងលើសដើម។

យ៉ាងណាមិញបើទោះជាលោកមិនសូវជឿរឿងអបិយជំនឿ ប៉ុន្តែនៅពេលដែលលោកបន់ស្រន់ស្រដៀងគ្នានឹងអ្វីដែលកញ្ញា ប៊េប៊ី បានលើកឡើង ស្រាប់តែមានអារម្មណ៍ធូរស្បើយ ហើយគ្រាន់តែត្រូវបានប្រកាសថាឈ្នះពានក្នុងចំណោមអ្នកឈ្នះពានទាំង៧រូប ស្រាប់តែហាក់ដូចជាមានអារម្មណ៍ថាម្ចាស់ឈុតមកនៅក្បែរខ្លួន ធ្វើអោយលោកព្រឺៗឆ្អឹងខ្នង ដល់ថ្នាក់មិនហ៊ាននិយាយប្រាប់គេ។ លោកថាស្ថានភាពពេលនោះ លោកបានត្រឹមតែនិយាយប្រាប់គេថា«ចុមខ្ញុំដូចចម្លែក!ម៉េចចទេ» ប៉ុន្តែមិនហ៊ាននិយាយអ្វីច្រើនឡើយ ដោយសារតែលោកខ្លាចខុសមាត់ ហើយមានរឿងអ្វីចម្លែកៗកើតឡើងថែមទៀត៕

មតិយោបល់