ព័ត៌មានសិល្បៈ និងកម្សាន្ត

ពិធីឡើងផ្ទះនាយ ចឺម ផ្អើលអស់អ្នកខេត្តកំពង់ស្ពឺ

នរណាមិនស្គាល់ អតីតតារាកំប្លែង ដ៏មានប្រជាប្រិយភាព ពិសេសមានសម្រែកបានខ្ពស់ក្នុងបទចម្រៀង គឺនាយ ចឺម ដែលកំពុងតែល្បីល្បាញទាំងវ័យក្មេង។ ថ្វីត្បិតតែឈានជើងចូលសិល្បៈមិនបានប៉ុន្មានផង លោកអាចរកចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតសាងសង់ផ្ទះវីឡាធំថ្មីជូនអ្នកមានគុណ និងទើបតែរៀបចំធ្វើពិធីឡើងធំដុំកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នេះ។

វីឡាធំថ្មីដ៏ប្រណីតត្រូវបានពន្លកថ្មីវ័យក្មេង លោក សុខ មេសា ហៅ នាយ ចឺម សាងសង់ឡើងសម្រាប់តបស្នង សងគុណជូនលោកឳពុកអ្នកម្ដាយ ដែលមានទីតាំងនៅក្នុង ភូមិត្រាចកុះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលជាទីកំណើតរបស់លោក។ បន្ទាប់ពីលេចចេញជារូបរាងជាស្ថាពរ លោកក៏បានជ្រើសយកថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២០ ដើម្បីធ្វើពិធីសូត្រមន្ត និងជប់លៀងឡើងគេហដ្ឋានថ្មី ដើម្បីប្រគល់ជូនឪពុកម្ដាយរបស់លោក ក្នុងថ្ងៃតែមួយផ្ទាល់តែម្ដង ដែលធ្វើឡើងដល់ទៅ ១៥០តុឯណោះ។ ស្របជាមួយគ្នានេះដែរ ភ្ញៀវកិត្តិយសដែលលោកបានអញ្ជើញភាគច្រើន ជាសិល្បៈករទាំងចាស់និងថ្មីល្បីៗ បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ព្រមទាំងសាច់ញាតិក្រុមគ្រួសារ ទាំងជិតនិងឆ្ងាយរបស់លោកផ្ទាល់តែម្ដង។

លោកបង្ហើបថា ផ្ទះថ្មីនេះលោក បានចំណាយថវិកាទៅលើការសាងសង់ និងសម្ភារៈផ្សេងៗ គឺលើ ១០ ម៉ឺនដុល្លាឯណោះ។ ដែលជាថវិការរបស់លោកផ្ទាល់បានមកពីសិល្បៈ និងមួយផ្នែកទៀត លោកក៏បង់រំលោះ ជាមួយនឹងធនាគារខ្លះដែរ ដើម្បីឱ្យបានរួចរាល់ឆាប់រហ័ស។ លោកក៏បានថ្លែងអំណរគុណ ដល់ភ្ញៀវទាំងជិតទាំងឆ្ងាយ ដែលបានអញ្ជើញចូលរួមយ៉ាងច្រើនកកកុញរហូតសឹងគ្មានកន្លែងទទួលត្រឹមត្រូវ។

មតិតារាសិល្បៈភាគច្រើន ដែលបានចូលរួម បានសម្ដែងការរីករាយ និងកោតសរសើរ ដល់នាយ ចឺមជាខ្លាំង។ ទោះបីលោកមានវ័យក្មេងក៏ពិតមែនក្ដី ប៉ុន្តែសមត្ថភាពរបស់លោក អាចរកចំណូលបានច្រើនមិនធម្មតា ពិសេសនោះគឺលោក ចេះមានគំនិតទុកដាក់លុយកាក់ និងចេះគិតគូរដល់អ្នកមានគុណ។ អ្នកសិល្បៈរៀមច្បងជាច្រើន បានចាត់ទុកនាយចឺម គឺជាគម្រូដ៏ល្អ គួរឱ្យយកតម្រាប់តាម ពីព្រោះថា កម្រមានតារាវ័យក្មេងណាមានមហិច្ចតាខ្ពស់ដូចលោកនោះទេ៕

មតិយោបល់