ព័ត៌មានសិល្បៈ និងកម្សាន្ត

មិននឹកស្មានបុរសម្នាក់នេះ ជាអ្នកនៅពីក្រោយម្ចាស់ពានទាំង៤

គ្មានអ្នកណាមិនដឹងនោះទេ ថាការប្រកួតឈុតបុរាណរបស់«គ្រួសារតារាកម្ពុជា»កាលពីថ្ងៃទី៩ កក្កដា បានជួយអោយតារា៧រូប បានក្លាយជាម្ចាស់ពានតារាលេចធ្លោប្រចាំឆ្នាំ ដោយទទួលបានកិត្តិយសដល់ថ្នាក់កក្រើកពិភពសិល្បៈ។ ព្រឹត្តិការណ៍កាន់តែត្រូវបានគេចាប់អារម្មណ៍បន្ថែមទៀត នៅពេលដែលដឹងថា ម្ចាស់ពាន៤រូប មានសំណាងលើកពានដោយសារតែបុគ្គលតែម្នាក់ជាអ្នកនៅពីក្រោយ។

ក្រោយបញ្ចប់ការប្រកួតគេសុទ្ធតែដឹងថា ឈុតរបស់រំដួលលិចទឹក ឈុតរបស់លោកម៉ែន អម្រុងរ័ត្ន និងឈុតរបស់កញ្ញា ភី សម័យសុទ្ធតែឈុតដែលអ្នកទាំង៣បានច្នៃដោយផ្ទាល់ ឬជាឈុតដែលមានការរួមចំណែកដោយអ្នកកែច្នៃដោយឡែកៗពីគ្នាតែម្នាក់ៗ។ ប៉ុន្តែបើក្រឡេកមកមើលឈុតរបស់ កញ្ញា ប៊េប៊ី លោក រុន ណាកូ អ្នកនាង ម៉ៅ ស៊ីណាត និងលោក ស៊ិន សុធារិទ្ធ គឺជាឈុតដែលច្នៃដោយអ្នកជំនាញតែម្នាក់គត់ ទើបធ្វើអោយបុគ្គលម្នាក់នោះត្រូវបានគេទទួលស្គាល់ពីស្នាដៃច្នៃប្រឌិតយ៉ាងខ្លាំង ជាពិសេសគឺការស្រាវជ្រាវ និងច្នៃឈុតបុរាណដែលលើកមុខមាត់វប្បធម៌ជាតិ។

លោក នូ សុផេន អនុប្រធាននាយកដ្ឋានផលិតកម្មវិធីប្រចាំទូរទស្សន៍អប្សរា ជាអ្នកស្រាវជ្រាវ និង ជាអ្នកច្នៃម៉ូដបុរាណ អោយកញ្ញា ប៊េប៊ី អ្នកនាងម៉ៅ ស៊ីណាត លោករុន ណាកូ និងលោកស៊ិន សុធារិទ្ធ ហើយបានលើកពាន បានអះអាងថា មុនការប្រកួតចាប់ផ្ដើម តារាច្រើននាក់របស់«គ្រួសារតារាកម្ពុជា» បានទាក់ទងមកដោយផ្ទាល់ ស្នើអោយលោកជួយច្នៃឈុតបុរាណ ដើម្បីអោយពួកគេបានចូលរួមប្រកួតនៅក្នុងកម្មវិធី ដោយលោកទទួលពាក្យរបស់តារាទាំងនោះ និងប្រើការគិតលើការស្រាវជ្រាវ និងចំណាយដើមទុនដើម្បីបញ្ចេញស្នាដៃអោយត្រូវនឹងចំណូលចិត្តរបស់ខ្លួនតែម្ដង។ លោកថាតារាៗរហូតដល់ជិត១០រូប បានស្លៀកឈុតដែលលោកកែច្នៃទៅក្នុងព្រឹត្តិការណ៍នោះ តែលោកមិននឹកស្មានថាឈុតរបស់លោកទទួលបានពានដល់ទៅ៤ក្នុងចំណោម៧ពានសំខាន់ៗនោះទេ ដោយសារតែព្រឹត្តិការណ៍នោះក៏មានអ្នកជំនាញកែច្នៃឈុតជាច្រើនទៀត បានផ្ដល់ឈុត និងច្នៃឈុតអោយតារាផ្សេងៗបានចូលប្រកួតផងដែរ។

លោកសម្ដែងការភ្ញាក់ផ្អើលដែលឈុតព្រះនាងឥន្ទ្រទេវី របស់កញ្ញាប៊េប៊ី ឈុតស្រីស្នំនៅសម័យអង្គររបស់អ្នកនាងម៉ៅ ស៊ីណាត ឈុតព្រះបាទសុរិយវរ្ម័នទី២ ដែលជាស្ដេចកសាងប្រាសាទអង្គររបស់ លោករុន ណាកូ និង ឈុតកងទាហាននៅសម័យអង្គររបស់លោក ស៊ិន សុធារិទ្ធ ត្រូវបានគណកម្មការផ្ដល់ពិន្ទុអោយលើកពានយ៉ាងអស្ចារ្យនៅក្នុងថ្ងៃនោះ។ លោកនៅតែយល់ហេតុផល ដែលនាំអោយឈុតរបស់ខ្លួនដល់ទៅ៤បានក្លាយជាម្ចាស់ពាន គឺដោយសារតែលោកជ្រើសតារាដែលគ្រងឈុតទាំងនោះបានត្រូវទម្រង់មុខ និងដងខ្លួន ទើបធ្វើអោយឈុតទាំង៤ក្រោយពេលស្លៀកប្រកួតមានភាពលេចធ្លោ។ លោកថាខ្លួនចំណាយពេលវេលាស្រាវជ្រាវ កែច្នៃ និងថវិកាដើម្បីចាត់ចែង មិនស្ដាយកម្លាំងទេនៅពេលស្នាដៃដែលខំប្រឹងប្រែងទទួលបានការទទួលស្គាល់តាមរយៈការប្រកួតប្រជែងស្នាដៃបែបនេះ។ លោកថាការគ្រងឈុតបុរាណ បើទោះជាឈុតទាំងនោះមានភាពទាក់ទាញ តែបើការជ្រើសតារាមិនសមនឹងរូបសម្រស់ នោះភាពលេចធ្លោក៏មិនមាននោះដែរ ទើបលោកយល់ថាហេតុផលដែលឈុតរបស់លោកដល់ទៅ៤បានលើកពាន គឺដោយសារតែរាងរៅ និងមុខមាត់របស់អ្នកគ្រងត្រូវនឹងឈុតដែលលោកបានច្នៃ៕

មតិយោបល់