ព័ត៌មានសិល្បៈ និងកម្សាន្ត

រៀម ច័ន្ទបូរមី និង សូលីដូ ចូលទុនគ្នាបើករបររាត្រី

ភ្នំពេញៈ ផ្តើមចេញពីកម្លាំងញើសឈាមពីវិថីសិល្បៈ កញ្ញា រៀ​ម​ ​ច័​ន្ទ​បូ​រ​មី​ និង សូលីដូ បានសម្រេច​ចិត្តចាប់ដៃគ្នា ចូលទុន​​បើក​របរ​រាត្រីមួយ​កន្លែងនៅ​ខាងលិច​ផលិតកម្មមហាហង្ស​ ផ្លូវ​៦០៨ សង្កាត់បឹងកក​១ ខណ្ឌទួលគោក។​
ក្រោយ​ចេញពីពេទ្យកាលម៉ែត លើបញ្ហាជងឺបេះដូង​ធ្វើទុក្ខ កញ្ញា រៀ​ម​ ​ច័​ន្ទ​បូ​រ​មី​ បានសម្រេចិត្តចូលទុនជាមួយ នឹងអតីត​តារាចម្រៀង សាន់ដេ លោក សូលីដូ និង​​អ្នកលេង​ភ្លេងម្នាក់ទៀត​ឈ្មោះ ប្រុស ក្នុងចំណែកទុនស្មើៗគ្នា ដើម្បីបើកហាង​​ស៊ីផឹក ស៊ី​អាយ​លែនដ៏ (Sea Island)។​​

ថ្លែងប្រាប់ Post News កាលពីរាត្រីថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៦ កញ្ញា រៀ​ម​ ​ច័​ន្ទ​បូ​រ​មី​​ បានឲ្យដឹងថា ហាងស៊ីផឹក នេះបានចំណាយទុនជាង​១ម៉ឺនដុល្លារ រួមគ្នា ដោយពេលនេះ បើកបានជិត​កន្លះខែ​ហើយ ដោយមានអតិថិជនចូលគាំទ្រ​ច្រើនកុះករ។​

ស្រីស្រស់​សាច់សខ្ចីដូចត្រកួនឈ្លក់ទឹកខែវស្សា ថា«ហាងស៊ីផឹកនេះ ខ្ញុំ​ចូលទុនគ្នា​៣នាក់ មានតារាចម្រៀង​សូលីដូ និង​បងអ្នកលេងភ្លេងម្នាក់ ដោយដាក់ម្នាក់​២ទៅ៣ពាន់ដុល្លារ ហើយក៏ត្រូវថែមថវិកាបន្តទៀត ដើម្បីធ្វើយ៉ាងណា​ឲ្យហាង​ស៊ីផឹកនេះ លូតលាស់ទៅមុខ​» ។​ ម្យ៉ាងវិញទៀត ទម្រាំតែ​អាចបើកហាង​ស៊ីផឹកនេះ នាងបានព្យាយាម​សន្សំថវិកា ដែលជាញើសជាឈាមនាង យ៉ាងលំបាក​ ។

កញ្ញា រៀ​ម​ ​ច័​ន្ទ​បូ​រ​មី បានអះអាងថា ម្ហូបនៅក្នុងហាង​របស់នាងមានតម្លៃសមរម្យ ឆ្ងាញ់​ៗ ក្នុងនោះមាន ​ស៊ុបត្រីឆ្លាម គ្រឿងសមុទ្រ​អាំង ពោះគោ និងសាច់គោ​ទឹកប្រហុក និងម្ហូប​ជាច្រើនមុខទៀត ដែលចម្អិន​ប្រកប​ដោយអនាម័យ​ជាទីបំផុត៕

មតិយោបល់