ក្នុងដំណើរត្រលប់មកពីធ្វើគណកម្មការការប្រកួតព្យាណូនៅក្នុងប្រទេសថៃ កាលពីល្ងាចថ្ងៃទី២៥ កក្កដា លោកសូ ស្រណោះ ដែលត្រូវគេស្គាល់ថាជាបណ្ឌិត្យព្យាណូល្បីឈ្មោះនៅកម្ពុជា បន្ទាប់ពីបានបញ្ចប់ការសិក្សានៅជប៉ុននោះ បានអះអាងថាលោកបានទទួលជោគជ័យក្នុងការតស៊ូមតិ ដូចការគ្រោងទុក ខណៈដែលមុនចេញទៅធ្វើគណកម្មការ លោកបានប្រកាសថានឹងធ្វើការទាមទាររឿងមួយដើម្បីកូនខ្មែរ។ យ៉ាងណាមិញ លោកថានៅមិនទាន់ដល់គោលដៅដែលលោកចង់បាននោះទេ ដោយសារតែលោកនៅតែធ្វើរឿងច្រើនទៀត ដើម្បីអោយអន្តរជាតិកាន់តែស្គាល់ពីមុខមាត់របស់កូនខ្មែរ។
លោក សូ ស្រណោះ បានថ្លែងបញ្ជាក់ក្រោយចុះពីលើយន្តហោះថា លោកសប្បាយចិត្តយ៉ាងខ្លាំងដែលលោកធ្វើការតស៊ូមតិជាមួយគណកម្មការដើម្បីស្នើអោយការរៀបចំឆ្នាំក្រោយ សុំអោយកូនខ្មែរបានចូលរួមប្រកួតផ្នែកព្យាណូនៅក្នុងព្រឹត្តិការណ៍នេះ ហើយជាលទ្ធផលគឺគណកម្មការបានឯកភាពយល់ព្រម។
លោកថាការប្រកួតដែលលោកចេញទៅធ្វើគណកម្មការនៅក្នុងប្រទេសថៃនេះ ជាការរៀបចំគណកម្មការមកពីប្រទេសជប៉ុន ហើយបានអញ្ជើញគណកម្មការ៦ប្រទេសចូលរួមដោយមានរូបលោកជាតំណាងរបស់កម្ពុជាផងដែរ ប៉ុន្តែសម្រាប់បេក្ខជនបេក្ខនារីគឺមានតែជនជាតិថៃប៉ុណ្ណោះ ទើបលោកតស៊ូមតិអោយព្រឹត្តិការណ៍នេះ រៀបចំជាលក្ខណៈអាស៊ាន ដើម្បីអោយកូនខ្មែរបានចូលរួមប្រកួតផង។ សំណើរនៅក្នុងពេលនោះ លោកថាគ្រាន់តែមានបំណងចង់ជូនជាយោបល់ដើម្បីអោយគណកម្មការកែប្រែទម្រង់ ហើយបើការប្រកួតនោះផ្លាស់អោយមានការចូលរួមប្រកួតជាច្រើនប្រទេសគឺល្អតែប៉ុណ្ណោះ ដោយមិនរំពឹងថាគណកម្មការទទួលយកឡើយ ទើបលោកយល់សប្បាយចិត្តនៅពេលក្រោយការពិភាក្សា ភាគីខាងអ្នករៀបចំបានទទួលយកសំណើររបស់លោក ហើយបានស្នើអោយលោកត្រៀមខ្លួនយកសិស្សដែលមានជំនាញព្យាណូមកធ្វើការប្រកួតប្រជែង។ លោកថាបើទោះជា ការប្រកួតព្យាណូឆ្នាំក្រោយ នៅតែបន្តធ្វើនៅក្នុងប្រទេសថៃ ក៏ការប្រកួតឆ្នាំក្រោយ នឹងប្ដូរពីការប្រកួតតែជនជាតិថៃសុទ្ធសាធ មកជាការប្រកួតជាលក្ខណៈអាស៊ានវិញ ដែលពេលនោះលោកនឹងរៀបចំសិស្សជំនាញព្យាណូអោយយចូលបង្ហាញសមត្ថភាព។
លោកសូ ស្រណោះ បន្តថា ផ្អែកតាមវិញ្ញាសារដែលលោកបានឃើញនៅក្នុងព្រឹត្តិការណ៍នោះ លោកថាសមត្ថភាពកូនសិស្សរបស់លោកដែលបានហ្វឹកហាត់ច្រើនជាង៣ឆ្នាំយ៉ាងហោច៦នាក់នឹងមានលទ្ធភាពគ្រប់គ្រាន់ធ្វើការប្រកួតប្រជែង ដោយលោកថាទម្រាំដល់ឆ្នាំក្រោយ លោកពិតជាអាចបណ្ដុះអ្នកខ្លាំងរហូតដល់១០នាក់អោយក្លាយជាអ្នកចូលប្រកួត។ លោកថាអ្វីដែលខ្លួនបានតស៊ូមតិ នឹងផ្ដល់ឱកាសអោយកូនខ្មែរដែលមានជំនាញព្យាណូមានលទ្ធភាពបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ ហើយក៏ជាការលើកទឹកចិត្តអោយអ្នកឈោងឆាប់អាជីពមួយនេះ កាន់តែមានមុខមាត់ និងមានការទទួលស្គាល់កាន់តែខ្លាំងផងដែរ ប្រសិនបើការប្រកួតទាំងមូលអាចធ្វើអោយកូនខ្មែរណាម្នាក់ដណ្ដើមបានលេខ១ ស្របគ្នាដែលជំនាញព្យាណូនេះ កាន់តែមានកូនខ្មែរច្រើនឡើងហាត់រៀន៕
មតិយោបល់