គឺជារឿងអយុត្តិធម៌យ៉ាងខ្លាំងដែលនារីរងគ្រោះពីការប្រើអំពើហិង្សារម្នាក់ ដោយត្រូវទាំងអតីតសង្សារបង្ហោះរូបអាក្រាតធ្វើឲ្យនាងរងការអាម៉ាស់ឡើងផ្អើលប្រទេសផង តែជនដែលបានបង្ករឿងនៅតែមានសេរីភាព ហើយសូម្បីតែតុលាការក៏បានត្រឹមកោះហៅៗ ក្នុងពេលភាគីជាជនបង្កជាកូនលោកផ្កាយ៣មិនខ្ចីអើពើ។ អ្វីដែលគួរឲ្យឈឺចាប់បំផុតនោះ គឺម្ដាយរបស់ខាងប្រុសដែលជាចាស់ទុំម្នាក់ ក្រៅពីមិនខ្ចីចេញមុខដោះស្រាយជំនួសកូនប្រុស គឺថែមទាំងជំរុញឲ្យវ៉ានីឡា និងគ្រួសារដាក់បណ្ដឹងតាមចិត្ត ដោយគ្រួសាររបស់គេប្រាប់ថា មិនខ្ចីនឹងខ្វល់ទៀត។
ក្នុងកិច្ចសម្ភាសន៍កម្មវិធី «Komsan Talkshow» របស់ផេក Post Komsan កាលពីយប់ថ្ងៃទី២២ មិថុនា តារាចម្រៀងនាងវ៉ានីឡា បានអះអាងថារយៈពេលមួយឆ្នាំគត់ដែលនាងអត់ដែលបានទទួលតម្រុយថាខ្លួននឹងមានដំណោះស្រាយបែបណាទាល់តែសោះ ក្រោយពីនាងសម្រេចដាក់បណ្ដឹងទៅកាន់តុលាការចោទអតីតសង្សាររបស់នាងពីបទប្រើប្រាស់អំពើហិង្សារដោយចេតនា និងបង្ហោះរូបអាក្រាតរបស់នាងជាសាធារណៈ។ នាងថាភាគីខាងប្រុសអត់មានអ្នកណាអើពើរនឹងចំណាត់ការរបស់ក្រសួងមហាផ្ទៃ ឬតុលាការសូម្បីតែបន្តិច ក្នុងពេលដែលនាងក៏សួរខ្លួនឯងថាហេតុអ្វីរឿងរ៉ាវកើតឡើងចំពោះខ្លួនដោយមានភស្ដុតាងគ្រប់គ្រាន់អស់ទៅហើយតែត្រូវប្រព័ន្ធច្បាប់ធ្វើការយូរទៅៗ ដែលហាក់ដូចជាចង់បណ្ដោយឲ្យរឿងមួយនោះរសាត់បាត់ស្ងប់ស្ងាត់។
នាងថាបន្តថា ឲ្យតែនឹកដល់រឿងរ៉ាវនោះ គឺនាងថាពិបាកយល់ ជាពិសេសនៅពេលតុលាការកោះហៅអតីតសង្សាររបស់នាងម្ដងជា២ដង តែចុងក្រោយគឺលោកគុយ សិទ្ធិស័ក្ដ ដែលជាអ្នកបំពាននាង ក្រៅពីមិនចូលខ្លួនមកបំភ្លឺទាំងនៅក្រសួងមហាផ្ទៃ និងនៅតុលាការហើយ គឺបានទាំងបោះពាក្យឲ្យនាងថា«កុំសង្ឃឹម»។ នាងថា ខ្លួនធ្លាប់បានសុំឲ្យម្ដាយរបស់អតីតសង្សារជួយចេញមុខដោះស្រាយ តែលោកស្រីដែលត្រូវគេឲ្យងារ ជាជំទាវ ដោយសារតែមានស្វាមីពាក់ផ្កាយ៣នោះ មិនបានមកនិយាយជាមួយនាងទេ គឺបានផ្ដាំតាមអង្គរក្សថាឲ្យនាងទៅប្ដឹងដល់ណាប្ដឹងទៅ គឺលោកស្រីមិនខ្វល់។
នេះជាការឈឺចាប់មួយ ដែលបុគ្គលម្នាក់អាងអំណាច អាងបុណ្យស័ក្ដិ មាក់ងាយដល់ប្រព័ន្ធច្បាប់ ក្នុងពេលប្រព័ន្ធច្បាប់ទៀតសោត ក៏មិនមានចំណាត់ការស្មើភាពចំពោះបុគ្គលដែលបានធ្វើខុស និងបំពានច្បាប់។ ករណីបណ្ដឹងរបស់នាងដែលអូសបន្លាយដល់មួយឆ្នាំ(គិតត្រឹមអំឡុងខែមិថុនាក្នុងឆ្នាំ២០១៧នេះ) បានក្លាយជាការរិះគន់ជាថ្មីដល់ប្រព័ន្ធតុលាការ ជាពិសេសបន្ទាប់ពីរឿងរ៉ាវនេះត្រូវបានគេដឹងថាមានភស្ដុតាង និងសាក្សីគ្រប់គ្រាន់អស់ទៅហើយ ប៉ុន្តែលោកគុយ សិទ្ធិស័ក្ដ ដែលជាអតីតសង្សារនិងជាកូនលោកផ្កាយ៣រស់នៅយ៉ាងមានសេរីភាព ដោយគ្មានច្បាប់ណាមួយចេញមុខចាត់ការក្រោយពីលោកមិនចូលខ្លួនតាមការកោះហៅរបស់តុលាការ និងក្រសួងមហាផ្ទៃ ម្ដងជាពីរដង ដែលមិនខុសពីមើលងាយដល់អ្នកអនុវត្តច្បាប់នោះ។
យ៉ាងណាមិញមានការលើកឡើងថាមន្ត្រីដែលចាត់ការលើបណ្ដឹងនេះ អាចធ្វើឲ្យតែល្អមើលដោយមានចេតនាពន្យារពេលឲ្យរឿងរ៉ាវស្ងប់ស្ងាត់ ទើបបានត្រឹមតែកោះហៅ ហើយសាមីខ្លួនមិនចូលខ្លួនដោះស្រាយក៏នៅតែមានគ្មានចំណាត់កាត់តឹងរឹង៕
មតិយោបល់