ព័ត៌មានសិល្បៈ និងកម្សាន្ត

បុណ្យសព ជីដូនដ៏កម្សត់របស់ ពេជ្រ ថៃ ធ្វើឡើងក្នុងភាពសោះកក្រោះ

ក្រោយប្រកាសអោយដឹងថា លោកយាយដ៏កម្សត់របស់ តារាចម្រៀងតូចល្អិតពេជ្រ ថៃ ទទួលមរណភាពកាលពីយប់ថ្ងៃទី៦ សីហា គេឃើញតារាចម្រៀងរូបនេះ បង្ហោះរូបធ្វើបុណ្យជីដូនរបស់ខ្លួនយ៉ាងសោះកក្រោះ ដែលគ្រាន់តែឃើញទិដ្ឋភាពពិធីបុណ្យនោះ គឺអណោធអធ័មតែម្ដង។ ពេជ្រ ថៃ ត្រូវគេឃើញទ្រហ៊ោយំ ចង់ខ្សោះទឹកភ្នែក ខណៈដែលឪពុកម្ដាយរបស់ប្អូន ដែលចេញទៅធ្វើការនៅក្នុងប្រទេសថៃ ក៏បង្ហាញវត្តមានចូលរួម។

ពេជ្រ ថៃ បានបង្ហោះជាសាធារណៈថា «មរណភាពរបស់លោកយាយ គឺជាទុក្ខដ៏ធំមហិមារបស់ចៅ ចៅសូមបួងសួងដល់អារុក្ខអារៈអ្នកតា វត្ថុស័ក្ដសិទ្ធ ក្នុងលោក សូមកើតជាចៅរបស់លោកយាយគ្រប់ៗជាតិ»។ ក្នុងពេលជីដូនទើបទទួលមរណភាពភ្លាមៗ ប្អូនក៏បានបង្ហោះថា«ម៉ែចាស់របស់ខ្ញុំបាទ ទទួលមរណភាពហើយ សូមអោយម៉ែចាស់ទៅកាន់សុគតិភព ហើយចៅប្រាថ្នាជាតិណាណា សូមអោយក្លាយជាចៅលោកយាយជានិច្ច!»។ ប្អូនអះអាងថាខ្លួនចាកចេញពីភ្នំពេញ ទៅមើលលោកយាយកម្សត់មួយរយៈមកហើយ ទើបក្នុងរយៈពេលនេះ ប្អូនមិនមានសកម្មភាពច្រៀងរាំលើឆាក ហើយស្ងាត់សកម្មភាពសិល្បៈ។

អ៊ីចឹងហើយទើបប្អូនប្រុសក្ដុកក្ដួលដោយសារតែលោកយាយរបស់ប្អូន ក៏ជាម្ដាយដែលមើលថែប្អូនតាំងពីតូចផងដែរ ដោយសារតែរយៈកាលកន្លងមកពេជ្រ ថៃ គឺមិនខុសពីក្មេងប្រុសដែលមានតែលោកយាយ នៅពេលដែលឪពុកម្ដាយរបស់ប្អូនចេញទៅធ្វើការនៅប្រទេសថៃអស់។

លោក សុខ រ៉ាស៊ី ពិធីករហង្សមាស ដែលមានទំនាក់ទំនងជិតស្និទ្ធិ បានអះអាងថា ជីដូនរបស់លោកប្អូនប្រុសពេជ្រ ថៃ មានជំងឺជរាពាធច្រើនខែមកហើយ ដោយលោកដែលបានដឹងពីស្ថានភាពនោះ ក្រោយពេល ពេជ្រ ថៃ សម្រេចចិត្តចាកចេញពី ភ្នំពេញ កន្លែងដែលប្អូនប្ដូរមកសិក្សា និងច្រៀង អោយទៅមើលថែជីដូននៅមុនដង្ហើមចុងក្រោយនោះផង។ លោកបានបង្ហោះថា«សូមចូលរួមរំលែកទុក្ខប្អូនប្រុស ពេជ្រ ថៃ ដែលលោកយាយរបស់ប្អូនបានទទួលមរណភាព ដោយរោគាពាធ ស្រណោះណាស់ដែលពេលដែលប្អូន ប្រាប់ថាប្អូនមិនបានរស់នៅភ្នំពេញទេ ត្រូវទៅមើលថែលោកយាយនៅបាត់ដំំបង ដោយសារលោកយាយកាន់តែទ្រុឌទ្រមហើយ ហើយលោកយាយតែងតែរវើរវាយរកតែចៅ ពេជ្រ ថៃ ដោយសារតែជាចៅដែលលោកយាយមើលថែតាំងពីតូច និងជាចៅកម្សត់! សូមអោយលោកយាយបានទៅកាន់សុគតិភព» ដែលអ្នកណាអានហើយក៏ក្ដុកក្ដូលជំនួស៕

មតិយោបល់