មិនត្រឹមតែឡើងកូដក្នុងវិស័យសម្ដែង និងដើរម៉ូដប៉ុណ្ណោះ អតីតបេក្ខភាពកម្មវិធីពេជ្រកំពុងច្នៃកាលពីឆ្នាំ២០១៣ លោក រ៉ា វិរៈ ក៍ឡើងកាលីបក្នុងការងារថតស្ពតផងដែរ។ អ្វីដែលគេកាន់តែបង្ហាញការភ្ញាក់ផ្អើលនោះទៅទៀត គឺលោកទើបតែត្រូវគេដឹងថា ដូររថយន្តតម្លៃជិត១០ម៉ឺនដុល្លារក្ដៅៗ ក្នុងពេលដែលលោកក៏ត្រូវគេឃើញចេញចូលក្រៅប្រទេស ដូចឡើងចុះស្រុកកំណើត។
ប្រភពពីតារាសិល្បៈ បានអះអាងថា លោក រ៉ា វិរៈ គ្រាន់តែទិញរថយន្តចូលផ្ទះ ក្នុងវីឡានៅបុរីមួយនៅតាមបណ្ដោយផ្លូវជា សុផារ៉ា ភ្លាម ក៏ឡើងទៅថៃតែម្ដង ខណៈដែលការងារទាំងពីរសុទ្ធតែជាការចំណាយខ្ពស់។ ប្រភពនោះបន្តថា រថយន្តដែលលោកទើបតែទិញគឺប្រភេទឡង់គ្រីស័រឆ្នាំ២០១៥ ដោយតម្លៃរបស់រថយន្តនោះ គឺជាង៩ម៉ឺនដុល្លារ ដែលជាតម្លៃខ្ពស់មួយ បើធៀបនឹងប្រាក់ចំណូលដែលលោករកបានពីការងារសិល្បៈ។
យ៉ាងណាមិញ ប្រភពដែលបានទម្លាយពីភាពហ៊ឺហារបស់តារារូបនេះ បង្ហើបថាពួកគេមិនភ្ញាក់ផ្អើលនឹងភាពឡូយឆាយរបស់លោកនោះទេ ដោយសារតែលោក ត្រូវគេស្គាល់ជាយូរមកហើយ ថាជាកូនប្រុសសំណព្វចិត្តរបស់អ្នកជំនួញ និងជាមន្ត្រីរាជការផង ដែលមានជីវភាពល្អប្រសើរនៅក្នុងសង្គម។ ម្យ៉ាងលោកក៍ជាតារាឡើងកូដ ដែលក្ដោបក្ដាប់បានការងារសម្ដែង និងដើរម៉ូដ ដែលអាចរកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែផង ទើបដំណឹងដូរស៊េរីរថយន្តតម្លៃជិត១០ម៉ឺនដុល្លាររបស់លោក មិនមែនជារឿងចម្លែក។
លោក រ៉ា វិរៈ បានថ្លែងអោយដឹងពីប្រទេសថៃមកថា លិកពិតជាទើបតែប្ដូររថយន្តឡង់គ្រីស័រតម្លៃជាង៩ម៉ឺនដុល្លារក្ដៅៗពិតមែន ដោយទើបតែសែនចូលផ្ទះ កាលពីថ្ងៃទី៧ សីហា មុនលោកចេញទៅបំពេញការងារនៅក្នុងប្រទេសថៃប៉ុណ្ណោះ។ យ៉ាងណាមិញលោកថា ប្រភពលុយដែលនាំអោយលោកអាចដូររថយន្តនោះបាន គឺដោយសារតែលក់រថយន្តកាមេរីឆ្នាំ២០១២ចោល និងដោយសារតែលោកសន្សំបានច្រើនគួរសមពីការថតកុន និងដើរម៉ូដប៉ុណ្ណោះ។ លោកថាចិញ្ចឹមចិត្តចង់បានរថយន្តនោះ ក្រោយពេលបានថតជាមួយរថយន្តម៉ាកនោះ ទើបធ្វើអោយលោកសម្រេចចិត្តដូរយកតែម្ដង។ លោកថាខ្លួនគ្រាន់តែទិញរថយន្តចូលផ្ទះភ្លាន ក៍ចេញមកថៃភ្លែត ខណៈដែលចុះពីថៃទៅវិញ លោកក៍ត្រូវជាប់សម្ដែងយ៉ាងរដឹក ដោយសារតែលោកជាប់កុងត្រាសម្ដែងណែនដៃ ជាមួយនឹងផលិតកម្មក្នុងស្រុក៕
មតិយោបល់