ភ្នំពេញ: ព័ត៌មានចុងក្រោយបានបញ្ជាក់ប្រាប់ភ្នាក់ងារ Post News ថា តារាចម្រៀងខេមថ្វីដ្បិតតែមិនទាន់ចេញមុខទទួលស្គាល់ជាសាធារណៈ ប៉ុន្តែបងស្រីរបស់លោកបានចុះទៅចចារ ដើម្បីដោះស្រាយជាមួយគ្រួសាររបស់អ្នកស្លាប់ហើយ ដោយមិនបានរត់គេចពីបញ្ហានោះឡើយ។ នៅមិនទាន់មានការព្រមព្រៀងណាមួយ ពីក្រុមគ្រួសាររបស់ជនរងគ្រោះនោះទេ ជាថ្នូរនិងសុំឲ្យគ្រួសារអ្នកស្លាប់កុំបន្តដាក់ពាក្យបណ្ដឹងនោះ។
ក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ Post News កាលពីយប់ថ្ងៃទី១៨ ឧសភា លោក លី ម៉ាត់លី បងបង្កើតរបស់លោក លី ការិន អ្នកស្លាប់ក្នុងឧបទ្ធហេតុបុករថយន្តជាមួយតារាចម្រៀង ខេម បានអះអាងថា ក្រោយពីបានបញ្ចុះសពប្អូនប្រុស របស់លោករួចរាល់ កាលពីម៉ោង២រសៀល ក្នុងថ្ងៃទី១៨ ឧសភា គឺបងស្រីរបស់អ្នកបើករថយន្ត ដែលលោកចង់សំដៅលើតារាចម្រៀង ខេម នោះគឺបានសុំខ្លួនដោះស្រាយ និងទទួលយកការទារសំណង ដើម្បីកុំឲ្យគ្រួសាររបស់លោក ដាក់ពាក្យបណ្ដឹងតាមរដ្ឋប្បវេណី។ លោកថាបងស្រីរបស់លោក ខេម បានមកដល់ផ្ទះរបស់លោក នៅភូមិគីឡូម៉ែតលេខ៦ សង្កាត់ច្រាំងចំរះ ខណ្ឌឫស្សីកែវ ដោយបានផ្ដល់ប្រាក់មួយចំនួនឲ្យគ្រួសាររបស់លោកចាត់ចែងបុណ្យសព ហើយក៏បានទទួលស្គាល់កំហុស បណ្ដាលឲ្យប្អូនប្រុសរបស់លោកត្រូវស្លាប់ ក្នុងហេតុការណ៍ប៉ះទង្គិចរថយន្តនោះផងដែរ។
លោកថាប្អូនរបស់លោក ដែលបានស្លាប់នោះ គឺជាកូនប្រុសពៅក្នុងគ្រួសារ និងមិនទាន់គ្រួសារ (ប្រពន្ធ) នៅឡើយទេ ហើយលោកក៏ហ៊ានធានាថាប្អូនរបស់លោក មិនបានស្រវឹងនៅមុនពេលគ្រោះថ្នាក់នោះឡើយ។ លោកថា ខ្លួនបានហិតមាត់របស់ប្អូនប្រុសក្រោយពេលដាច់ដង្ហើម ដោយមិនមានធំក្លិនសុរានោះទេ ដោយលោកថា ខ្លួនជាជនជាតិឥស្លាម គឺមិននិយាយនូវពាក្យមិនពិតនោះឡើយ។
លោកនិយាយថា «ឥឡូវហ្នឹង បងស្រីគាត់ មកដល់ចុះចារជាមួយយើងហើយ គាត់ក៏សន្យារផ្ដល់សំណងតាមការទាមទាររបស់ពួកយើងដែរ ប៉ុន្តែពួកខ្ញុំអត់ទាន់គិតឃើញថា ត្រូវទាមទារយ៉ាងមិចៗទេ ព្រោះជីវិតប្អូនខ្ញុំ ការពិតមិនអាចកាត់ថ្លៃដោយលុយបានទេ ប៉ុន្តែខ្ញុំក៏យល់ដែរថារឿងហ្នឹងគឺខាងគាត់ (ខេម) អត់មានចង់ឲ្យកើតឡើងទេ ចឹងពួកខ្ញុំក៏ត្រូវយល់គាត់ដែរ!»។
លោកថា គ្រួសាររបស់លោកគឺជាខ្មែរឥស្លាម ដែលមានដើមកំណើតជាជនជាតិជ្វារ ហើយគ្រួសាររបស់លោកក៏នឹងទទួលយកការដោះស្រាយ ពីគ្រួសាររបស់លោក ខេម នោះដែរ ដោយមិនចង់ប្ដឹងផ្ដល់នាំឲ្យលោកខូចឈ្មោះនោះទេ។
លោកនិយាយថា «ចាំមើលយើង ដោះស្រាយគ្នាសិន ព្រោះខាងគាត់ក៏សុខចិត្តតាមយើងដែរ ចឹងអ្វីៗគឺទាល់តែចប់ធ្វើបុណ្យឲ្យប្អូនខ្ញុំតាមប្រពៃណីឥស្លាមសិន ទើបនិងជជែកគ្នារឿងសំណង!»។ លោកបដិសេធបញ្ជាក់សំណង ជាថ្នូរនឹងការមិនដាក់ពាក្យបណ្ដឹង។
ភាគីតារាចម្រៀង ខេម នៅតែមិនអាចទាក់ទងឆ្លើយតប ដោយសារតែទូរស័ព្ទចូលគ្មានការ លើកឆ្លើយ។ យោងតាមតាមការបញ្ជាក់ របស់ក្រុមមន្ត្រីវាស់វែង បានអះអាងថា តារាចម្រៀងខេម ក្រោយពេលកើតហេតុមិនបានរត់គេចនោះទេ គឺលោកបានចុះមកមើលអ្នកស្លាប់ និងបានទទូចឲ្យមានការជួយដល់ជនរងគ្រោះនោះផង។ ប៉ុន្តែមកពីលោកក៏មានរបួសខ្លះដែរ ហើយប្រជាជននៅទីនោះមិនចង់ឲ្យលោកប្រឈម និងក្រុមគ្រួសាររបស់អ្នកស្លាប់នៅពេលមកដល់ ទើបរុញឲ្យជិះម៉ូតូឌុបចាកចេញ។ យ៉ាងណាមិញ គេមិនទាន់ដឹងថា បន្ទាប់ពីគ្រួសាររបស់ជនរងគ្រោះយល់ព្រមសម្រុះសម្រួល តើភាគីអ្នកបើកគឺលោក ខេម នឹងត្រូវប្រឈមដោយទោសព្រហ្មទណ្ឌនោះទេ៕
ខាងក្រោមនេះ ជារូបភាពជនរងគ្រោះដែលបានស្លាប់នៅក្នុងរថយន្ត ស៊ីលីកា
https://youtu.be/mnR_SFFyI3o
មតិយោបល់