កាលពីយប់ថ្ងៃទី២២ ឧសភា តារាចម្រៀងល្បីៗជាច្រើនបានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍កម្រាលព្រំប្រចាំ ឆ្នាំ២០១៧របស់គ្រួសារតារាកម្ពុជា ដោយក្រៅពីលោកណុប បាយ៉ារិទ្ធិ លោកនីកូ លោកនៅស៊ីនឿន និងអ្នកនាងពេជ្រ សោភា គេកត់សម្គាល់ថាតារាស្រី៤រូបក៏ប្រជែងគ្នាលេចធ្លោរណាស់ដែរក្នុងការច្រៀងរាំដើម្បីកន្ទ្រាក់អារម្មណ៍អ្នកគាំទ្រនៅក្នុងព្រឹត្តិការណ៍នោះ។ ក្នុងនោះតារាស្រីទាំង៤ក៏បានលើកឡើងនូវទស្សនៈផ្សេងគ្នាពាក់ព័ន្ធនឹងព្រឹត្តិការណ៍មួយនេះផងដែរ។
កញ្ញាសុខ ពិសី និយាយថាដោយសារតែភ្ញៀវពេលវេលាច្រៀងរាំរបស់នាងត្រូវបានអូសបន្លាយរហូតបណ្ដាលអោយនាងខាងម៉ោងទៅទទួលការងារមួយផ្សេងទៀត ប៉ុន្តែកញ្ញាប្រាប់ថានោះមិនមែនជាបញ្ហាចោទនោះទេដោយសារតែភាពជាក់ស្ដែងគឺភ្លៀងបានរំខានបរិយាកាស ហើយបណ្ដាលអោយសកម្មភាពច្រៀងរាំមានការរាំងស្ទះ។ កញ្ញាថានេះជាលើកទី២ដែលនាងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កម្រាលព្រំរបស់គ្រួសារតារាកម្ពុជា ដោយការបង្ហាញខ្លួនលើកនេះគឺកញ្ញាបង្ហាញអារម្មណ៍សោកស្ដាយ ដោយសារតែនាងមិនអាចច្រៀងបាន៣បទដែលបានគម្រោងទុក ដោយអាចច្រៀងបានតែ១បទ ដើម្បីទៅបំពេញកិច្ចការមួយផ្សេងទៀត។ កញ្ញាគ្មានអ្វីសប្បាយចិត្តជាងបានរួមចំណែកជួយដល់សង្គមនោះទេ ហើយការចូលរួមជាមួយគ្រួសារតារាកម្ពុជាទាំង២លើក គឺជាអ្វីដែលកញ្ញាយល់ថាមានចំណុចល្អសមនឹងការចំណាយកម្លាំងរបស់កញ្ញា។
កញ្ញាទេព បូព្រឹក្ស គឺជាតារាខ្លាំងមួយរូបក្នុងពិភពសិល្បៈ ដែលបានបង្ហាញខ្លួនលើឆាកកម្រាលព្រំរបស់គ្រួសារតារាកម្ពុជាបន្ទាប់ពីសុខ ពិសី។ កញ្ញាក៏បានចំណាយពេលរង់ចាំច្រើនម៉ោងផងដែរ ដោយសារតែបញ្ហាភ្លៀងរំខានកាលវិភាគរបស់តារាចម្រៀង ហើយបណ្ដាលអោយកល់ម៉ោងធ្វើអោយតារាចំណាយពេលរង់ចាំយូរ។ កញ្ញាថានេះជាលើកទី២ ដែលនាងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះ តែមិនមែនជាលើកដំបូងនោះទេសម្រាប់ការងារដែលបានចូលរួមជាមួយនឹងគ្រួសារតារាកម្ពុជា។ កញ្ញាប្រកាសថានឹងច្រៀងមិនយកលុយដោយការស្ម័គ្រចិត្ត អោយតែសកម្មភាពតន្ត្រីសប្បុរសធម៌ទាំងនោះធ្វើឡើងក្នុងគោលបំណងជាប្រយោជន៍ដល់សង្គម។ កញ្ញាសប្បាយចិត្តដែលបានច្រៀងរាំដល់ទៅ៣បទនៅលើកម្រាលព្រំ ដោយកញ្ញាបានចាត់ទុកថាព្រឹត្តិការណ៍កម្រាលព្រំដែលបានធ្វើឡើងឆ្នាំនេះមានការរៀបចំល្អប្រសើរជាងឆ្នាំទី១ និងមានទម្រង់គគ្រឹកគគ្រេងជាង។
កញ្ញាផន ស្រីខួច តារាចម្រៀងហង្សមាសខ្លាំងក្លាម្នាក់ដែរក៏បានបញ្ចេញក្បាច់រាំ និងច្រៀងរាំយ៉ាងរស់រវើកនៅក្នុងព្រឹត្តិការណ៍នោះផងដែរ។ កញ្ញាថានេះជាលើកទី១ដែលនាងបានរួមការងារជាមួយគ្រួសារតារាកម្ពុជា ប៉ុន្តែសម្រាប់ព្រឹត្តិការណ៍កម្រាលព្រំប្រចាំឆ្នាំ គឺលើកទី១ប៉ុណ្ណោះ ដោយសារតែលើកទី១កញ្ញាមិនបានចូលរួម។ កញ្ញាថាកម្មវិធីនេះខុសប្លែកពីព្រឹត្តិការណ៍សប្បុរសធម៌នានា ដោយសារតែម្ចាស់កម្មវិធីបានប្រកាសថាចំណូលដែលបានពីការបរិច្ចាគគឺមិនយកទៅស៊ីសងលើការជួលឆាក និងទីតាំងជាងដើម។ អ្វីដែលពិសេសមួយនេះទៀតគឺកញ្ញាបានកត់សម្គាល់ថាព្រឹត្តិការណ៍កម្រាលព្រំក្នុងឆ្នាំនេះ គឺមានវត្តមានសុទ្ធតែតារាល្បីហើយចម្រុះដោយផលិតករ និងអ្នកមានស្នាដៃធំៗនៅក្នុងពិភពសិល្បៈ។ យ៉ាងណាមិញកញ្ញាបានសម្ដែងអារម្មណ៍សោកស្ដាយដោយសារតែព្រឹត្តិការណ៍នាយប់នោះមានភ្ញៀងរំខានមួយមេធំ ហើយបណ្ដាលអោយការបរិច្ចាគថវិកាពីសប្បុរសជនមិនទទួលបានច្រើន។
លោកផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និងជាអ្នករៀបចំព្រឹត្តិការណ៍កម្រាលព្រំក្រហមនេះបានអះអាងថាកាលពីឆ្នាំទី១ក្នុងពេលសហការជាមួយសាកលវិទ្យាល័យន័រតុន ទទួលបានទឹកប្រាក់ជាង៤ពាន់ដុល្លារ ប៉ុន្តែថវិកាជំនួយលើកនេះមិនរំពឹងថាបានច្រើនដល់ឆ្នាំទី១ទេ ក្នុងពេលដែលភ្ញៀវកិត្តិយសដែលត្រូវបានអញ្ជើញអវត្តមានព្រោះតែភ្លៀង។ លោកថាថវិកាបរិច្ចាគទទួលបានតែជាង១ពាន់ដុល្លារប៉ុណ្ណោះ ក្នុងពេលដែលហិបរបស់តារាសិល្បៈទាំង៦នៅមិនទាន់បានរាប់ដឹងនៅឡើយ។
https://www.youtube.com/watch?v=-V6QWk4eAzM
មតិយោបល់