នៅទីបំផុតតារាសម្ដែងអ្នកនាង តូច ស្រីពេជ្រ ដែលបានបណ្ដែតខ្លួនទៅដល់ទឹកដីអាមេរិកតាមអតីតស្វាមី បានសារភាពហើយថាខ្លួនពិតជាបែកបាក់ប្ដីមែន បន្ទាប់ពីអ្នកនាងបដិសេធមិនលាតត្រដាងជុំវិញរឿងរ៉ាវនេះអស់មួយរយៈ ក្នុងពេលមានការទម្លាយចេញ។ នាងបានទាំងបង្ហោះសារមួយចំនួនវាយបកអ្នករុកគួនអ្នកនាង ពាក់ព័ន្ធនឹងរឿងរ៉ាវដ៏រសើបនេះផង។
អ្នកនាង តូច ស្រីពេជ្រ និយាយថា អ្នកនាងពិតជាបែកបាក់ស្វាមីនៅអាមេរិកនោះមែន ប៉ុន្តែអ្នកនាងមិនទាន់លែងលះគ្នាផ្លូវច្បាប់នោះទេ ដោយនៅតែរាប់អាន និងចេញចូលទៅវិញទៅមកដើម្បីកូន ទើបអ្នកនាងនៅបន្តរស់នៅលើទឹកដីអាមេរិក ដោយគ្រាន់តែរស់នៅផ្ទះបែក និងចេញធ្វើការពឹងលើខ្លួន។ អ្នកនាងបដិសេធទម្លាយអោយដឹងពីមូលហេតុនៃការបែកបាក់ ប៉ុន្តែអ្នកនាងបានថ្លែងប្រាប់យ៉ាងខ្លីថាបញ្ហាចំបងដែលបានកើតឡើង គឺដោយសារតែរស់នៅមិនចុះសម្រុងគ្នា។ អ្នកនាងបញ្ជាក់ថារវាងអ្នកនាង និងអតីតស្វាមី ដ្បិតថាមិនទាន់មានឯកសារផ្លូវការបញ្ជាក់ពីការសម្រេចចិត្ត ប៉ុន្តែដំណោះស្រាយ និងការត្រលប់ត្រូវរ៉ូវគឺមិនអាចនោះទេ ដោយគ្រាន់តែនៅរាប់គ្នាដើម្បីកូន និងដើម្បីកុំអោយកូនស្រីដែលជាដំណក់ឈាមពិបាកចិត្ត។ យ៉ាងណាមិញអ្នកនាងថាមានមនុស្សមួយក្រុមកំពុងលាបពណ៌ និងចាក់រុកស្វាមីអ្នកនាង ដោយបានសម្អុយពីរឿងរ៉ាវបំផ្លើសជាច្រើន ដើម្បីវាយប្រហារថាអ្វីដែលនាំអោយចំណងស្នេហ៍របស់អ្នកនាង និងស្វាមី បែកគ្នា គឺដោយសារតែអ្នកនាងតែម្ខាង។
អ្នកនាងតូច ស្រីពេជ្រ និយាយថា អ្នកនាងមិនចង់ទាមទារចំណាប់អារម្មណ៍ថាខ្លួនគឺជាមនុស្សល្អនោះទេ ប៉ុន្តែអ្នកនាងទទួលយកមិនបាន នៅពេលដែលមនុស្សមួយក្រុមនិយាយទម្លាក់កំហុសអោយអ្នកនាង ហើយធ្វើអោយរឿងរ៉ាវដែលស្ងប់មកហើយ ផ្ទុះជាផ្កាភ្លើងឡើងវិញ។ អ្នកនាងនិយាយថា«ក្រោយពួកខ្ញុំបែកបាក់គ្នា អ្វីៗដូចជាបានស្ងប់ហើយ តែហេតុអ្វីទាំងអ្នកនៅអាមេរិក និងអ្នកនៅស្រុកខ្មែរមួយក្រុម ចេះតែនិយាយប៉ាតណាប៉ាតណី ធ្វើអោយខ្ញុំ និងប្ដីខ្ញុំក្រៅក្រហាយម្ដងទៀត!»។ អ្នកនាងថាគូស្នេហ៍មួយគូ វាមិនអាចបង្កតែពីមនុស្សតែម្នាក់ហើយបាក់បែកគ្នានោះទេ ប៉ុន្តែបណ្ដាលមកពីនាងមិនចង់មានឈ្មោះថាហែកហួរគ្នាឯងក្រោយពេលចែកផ្លូវ ទើបប្រកាន់ជំហរថាមិននិយាយរឿងអ្នកណាខុស ឬអ្នកណាត្រូវទាំងអស់ ដោយសុំអោយតែអ្នកដឹងពីការបែកបាក់របស់ខ្លួនដឹងថា ហេតុផលដែលនាំអោយបែកបាក់គ្នា គឺភាពមិនចុះសម្រុង។ អ្នកនាងបានហៅមនុស្សដែលនិយាយមិនល្អពីខ្លួនថា ជាមនុស្សមាត់ឆ្កែ និងមានការបង្ហាញមុខមាត់អោយខ្មាស់គេក្នុងពេលណាមួយ ដើម្បីកុំអោយមានពេលបំផ្លើសពីជីវិតរបស់អ្នកនាង៕
មតិយោបល់