ភ្នំពេញ: ឆ្លើយតបនឹងការទាមទារ របស់លោក យ៉ែម សំអូន ដែលបានទទូចសុំកុំឲ្យអ្នកនាង ហែករឿងអាក្រក់របស់ខ្លួន និងសុំឲ្យអ្នកនាងធ្វើខ្លួនស្ងប់ស្ងាត់ កុំត្រចៀក-ស ឆាប់ជឿពាក្យគេនោះ អ្នកនាង យ៉ាន លីនដា មិនត្រឹមតែមិនទទួលយកនោះទេ គឺបែរជាបន្ថែមកំហឹង ហែករឿងអាស្រូវទៅកាន់លោកខ្លាំងឡើង។
អ្នកនាងបានលើកឡើងនូវរឿងអាស្រូវកាន់តែច្រើន ដែលបង្ហាញថាលោក យ៉ែម សំអូន ល្អតែពាក្យសម្ដីជាសាធារណៈ តែការពិតជាមនុស្សដែលពោរពេញ ដោយទង្វើស្មោគគ្រោក។
អ្នកនាង យ៉ាន លីនដា និយាយថាក្រោយបែកបាក់អ្នកនាង បានទាមទារសុំចំណែកប្រាក់ដែលខ្លួនប្រឹងរកប្រមាណ៥០ភាគរយ ដើម្បីទុកសម្រាប់ផ្គត់ផ្គង់ដល់កូនស្រីនៅក្រោមបន្ទុកផង និងដើម្បីខ្លួនឯងដែលខំប្រឹងប្រែងទាំងលំបាកនោះផង ប៉ុន្តែថាលោក យ៉ែម សំអូន មិនបានប្រគល់ឲ្យសូម្បីតែមួយរៀល។
អ្នកនាងថាអ្វីដែលអ្នកនាងលើកឡើងជាថ្មី គឺបណ្ដាលមកពីលោក យ៉ែម សំអូន ដើរបរិហារកេរ្តិ៍ចំពោះអ្នកនាងដោយយកល្អខ្លួនឯង ដោយមិនមែនបណ្ដាលមកពីអ្នកនាងជឿសម្ដីគេ ដោយមិនពិចារណានោះទេ។ អ្នកនាងថាអ្វីដែលអ្នកនាងរំលេចជាថ្មី មិនមែនដើម្បីចង់បានប្រជាប្រិយភាពនៅលើហ្វេសប៊ុកដូចការចោទប្រកាន់របស់លោក យ៉ែម សំអូន នោះទេ ផ្ទុយទៅវិញ គឺដើម្បីយុត្តិធម៌។
អ្នកនាងនៅតែធានាអះអាងថា អ្វីដែលខ្លួនចោទប្រកាន់ចំពោះលោក យ៉ែម សំអូន គឺ ជាការពិត ដោយអ្នកនាងខ្លួនមានភស្ដុតាងបញ្ជាក់យ៉ាងច្បាស់នោះផង ប្រសិនបើលោក យ៉ែម សំអូន នៅតែមិនទទួលស្គាល់ការពិត ហើយបន្តនិយាយយកល្អថាអ្នកនាងចោទប្រកាន់។
ក្នុងនោះសូម្បីតែរឿងលោក យ៉ែម សំអូន ពាក់ព័ន្ធជាមួយមនុស្សប្រុសក្នុងផ្លូវស្នេហា និងបានវាយតប់អ្នកនាងជាប្រពន្ធរហូតបង្ករបួសស្នាម គឺអ្នកនាងសុទ្ធតែមានភស្ដុតាង។ អ្នកនាងព្រមានថាបើខ្លួនធ្វើខុស សូមទទួលយកទៅ កុំប្រកែកដោះសារ។
អ្នកនាង យ៉ាន លីនដា បញ្ជាក់ថា បើលោក យ៉ែម សំអូន ចង់ឲ្យអ្នកនាងស្ងប់ស្ងាត់ គឺលុះត្រាតែលោកចេះទទួលស្គាល់ចំពោះអ្វីដែលសាងខុស និងឈប់បរិហារកេរ្តិ៍ថាអ្នកនាងមានប្រុស ឬមានអ្នកថ្មីទើបបណ្ដាលឲ្យមានជម្លោះពេលលោកតាមទាន់។
អ្នកនាងថាខ្លួនអត់ធ្មត់ អស់រយៈពេល១៤ឆ្នាំ គឺគ្រប់គ្រាន់ហើយ ក្នុងការរួមរស់ជាមួយលោក យ៉ែម សំអូន ហើយអ្នកនាងក៏យល់ថាខ្លួនឯងគិតត្រូវផងដែរ ដែលសុខចិត្តឈប់ឲ្យមនុស្សកំណាច មនុស្សផិតក្បត់ និងបុរសគ្មានការទទួលខុសត្រូវដូចលោក យ៉ែម សំអូន ត្រួតត្រាជីវិតតទៅទៀត។
អ្នកនាងរំពឹងថា ការបកស្រាយរបស់ខ្លួននឹងធ្វើឲ្យមហាជនកាន់តែច្បាស់ និងធ្វើឲ្យអតីតស្វាមីបញ្ចប់ការបរិហារមិនល្អចំពោះខ្លួន។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហានេះ Post News មិនទាន់ទទួលបានការបកស្រាយរបស់លោក យ៉ែម សំអូន នៅឡើយទេ៕
មតិយោបល់