ភ្នំពេញ:បើទោះជាមានករណីវាយតប់ភរិយា រហូតបណ្ដាលប៉ូលិសក្នុងសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ នាំខ្លួនទៅសួរចម្លើយ ក៏កីឡាករល្បីឈ្មោះលោកពៅ ស័ក្ដសិទ្ធិ នៅតែបានឡើងយន្តហោះទាន់ពេលកាលពីរសៀលថ្ងៃទី២៥ មេសា។ លោកទៅជប៉ុនលើកនេះ គឺទៅបង្ហាត់សិស្សក្នុងវិស័យប្រដាល់រយៈពេល២ឆ្នាំ ដែលតាមគម្រោងគឺ១០ខែក្រោយ នឹងចុះមកលេងស្រុកម្ដងទៀត។
ប្រភពពីហ្វេសប៊ុករបស់កីឡាកររូបនេះ បានបង្ហោះរូបឲ្យឃើញថា លោកបានឡើងទៅដល់ប្រទេសជប៉ុនហើយ ក្រោយពីបានបញ្ចប់ជម្លោះជាមួយភរិយាឈ្មោះ សុខ ធារ៉ា វ័យ ២៩ឆ្នាំ បណ្ដាលឲ្យខាងសមត្ថកិច្ចឃាត់ខ្លួន និងតម្រូវឲ្យធ្វើកិច្ចសន្យារឿងប្រើហិង្សា។ យ៉ាងណាមិញ នៅ ក្នុងហ្វេសប៊ុករបស់អ្នកនាង សុខ ធារ៉ា ដែលប្រើឈ្មោះថា Yada Angkor បានអះអាងថាស្វាមីរបស់នាងមិន បានប្រើអំពើហិង្សានោះទេ ហើយជម្លោះដែលបានកើតឡើង ក៏មិនមែនដោយសាររឿងនាងមានសាហាយនោះដែរ តែជារឿងមានជនទី៣ ចាក់ដោតតែប៉ុណ្ណោះ។
នាងសរសេរបង្ហោះថា «ឈប់បានឈប់ទៅ ខ្ញុំមានអារម្មណ៍ហត់ណាស់ហើយក៏ធុញណាស់ សរសេអញ្ចឹងបានប្រយោជន៍អី ប្ដីប្រពន្ធខ្ញុំគ្មានរឿងអីនោះទេ ពាក្យដែលអ្នកឯងសរសេរអ្នក ឯងប្រហែលជាគ្មានកូនស្រី រឺប្រពន្ធ និងម្ដាយជាមនុស្សស្រីទេមើលទៅ ពាក្យថាមានសាហាយវាធ្ងន់ណាស់សំរាប់មនុស្សស្រី»។
នាងបន្តទៀតថា «ខ្ញុំចង់ប្រាប់បងប្អូន និងមិត្តទាំងអស់គ្នាថាប្ដីប្រពន្ធខ្ញុំមិនមានរឿងអីនោះទេ រយៈពេលដែលខ្ញុំរស់នៅជាប្ដីប្រពន្ធ ៧ឆ្នាំហើយ ប្ដីខ្ញុំមិនដែលវ៉ៃ រឺក៏ប្រើអំពើហិង្សាមកលើខ្ញុំនោះទេ ចង់ប្រាប់ថាខ្ញុំស្រលាញ់គាត់ខ្លាំងណាស់ ខ្ញុំសង្ឃឹមថាបងប្អូននឹងលែងយល់ច្រឡំទៀត ហើយពួកខ្ញុំមិនមានបញ្ហាអ្វីទាំងអស់!»។
យ៉ាងណាក៏ដោយអ្វីដែលបានចុះផ្សាយ គឺយោងតាមចម្លើយសារភាពរបស់កីឡាករពៅ ស័ក្ដសិទ្ធិ និងរូបនាងផ្ទាល់ក្នុងពេលផ្ទុះជម្លោះកាលពីថ្ងៃទី២៤ មេសា នៅចំពោះមុខប៉ូលិសប៉ុណ្ណោះ។ នៅក្នុងរបាយការណ៍ដែលផ្ដល់ឲ្យសមត្ថកិច្ចនោះ ភាគីខាងពៅ ស័ក្ដសិទ្ធិ បានសារភាពថាខ្លួនជ្រុលដៃប្រើហិង្សា ដោយសារភរិយាមានសាហាយ និងយកលិខិតឆ្លងដែនរបស់ខ្លួនទៅលាក់ ចំណែកភាគីខាងភរិយាឯណេះវិញ ក៏បានសារភាពដូចគ្នាថាហេតុផលនៃជម្លោះគឺបណ្ដាលមកពី ពៅ ស័ក្ដសិទ្ធិ មានស្រីថ្មី៕
មតិយោបល់