ព័ត៌មានសិល្បៈ និងកម្សាន្ត

ចំណាយលុយមួយសន្ធឹក ឈួន សុវណ្ណឆៃ នៅតែខកបំណង

មកទល់ពេលនេះបទចម្រៀងច្រើនបទរបស់តារាចម្រៀងអ្នកនាង ឈួន សុវណ្ណឆៃ ដែលជាប្រភេទ Original Song និងជាបទចម្រៀងបែបចង្វាក់ប្រពៃណីខ្មែរ កាន់តែមានការចាប់អារម្មណ៍ បន្ទាប់ពីសម្ដេចនាយករដ្ឋមន្ត្រី បានប្រកាសឲ្យពលករដ្ឋនៅក្នុងព្រឹត្តិការណ៍សង្ក្រាននៅអង្គរ ងាកមករាំបទចម្រៀងបែបចង្វាក់ប្រពៃណីវិញសម្រាប់ឆ្នាំនេះ ដោយជ្រើសយកចង្វាក់«សារ៉ាវ៉ាន់» ធ្វើជាគោល ដោយមិនយកចង្វាក់បែកស្លុយទៅរាំដូចមុន។ ជាមួយនឹងសន្ទុះបទចម្រៀងថ្មីៗ បានធ្វើឲ្យតារាចម្រៀងកាន់ឆ្នាំក្នុងពិភពសិល្ប:រូបនេះមានទឹកមាត់លេបយ៉ាងខ្លាំង ប៉ុន្តែលទ្ធផលចុងក្រោយ នៅតែខកបំនងដដែល។

អ្នកនាង ឈួន សុវណ្ណឆៃ និយាយថា អ្នកនាងសប្បាយចិត្តយ៉ាងខ្លាំង ដែលបទចម្រៀងបែបទម្រង់ប្រពៃណីត្រូវបានមហាជនខ្មែរមានការចាប់អារម្មណ៍ឡើងវិញ ស្របគ្នាដែលអ្នកនាងក៏ទើបតែបានបញ្ចេញស្នាដៃផលិតបទចម្រៀងចង្វាក់ប្រពៃណីខ្មែរច្រើនបទ ចាប់តាំងពីផលិតកម្មក្រៅស្រុកដែលអ្នកនាងធ្លាប់ច្រៀងក្ស័យធនបណ្ដាក់គ្នា។ អ្នកនាងថាកាន់តែសប្បាយចិត្ត ដែលសម្ដេចនាយករដ្ឋមន្ត្រីប្រកាសឲ្យរាំចង្វាក់ប្រពៃណីខ្មែរ ប្រកាសឲ្យរាំចង្វាក់សារ៉ាវ៉ាន់ ដែលមិនខុសពីធ្វើឲ្យបទចម្រៀងបែបប្រពៃណីដូចដែលអ្នកនាងមានជំនាញបានរស់ឡើងវិញ ទប់នឹងបទចម្រៀងបែកស្លុយដែលវាយលុកខ្លាំង។ ប៉ុន្តែអ្នកនាងមានការសោកស្ដាយយ៉ាងខ្លាំង ដែលបទចម្រៀងផលិតឡើងមានការចាប់អារម្មណ៍ ប៉ុន្តែលទ្ធផលចុងក្រោយគឺមិនមានបទចម្រៀងណាមួយអាចផលិតជា MV ទាន់សម្រាប់អបអរចូលឆ្នាំ។

អ្នកនាងថាបទចម្រៀង«សារ៉ាវ៉ាន់ជុំញាតិ» បទប៉ារ៉ូលថ្មី«ឆ្នាំថ្មីល្បីសារ៉ាវ៉ាន់» និងបទOriginal Song ផ្សេងទៀតរបស់អ្នកនាងសុទ្ធតែមានការពេញនិយម តែអ្នកនាងរកពេលផលិតជាMV មិនបានសូមតែមួយបទ ក្នុងចំណោមច្រើនបទដែលបានដាក់បង្ហោះ ដោយសារតែមិនអាចដកឃ្លាបាន និងត្រូវចេញច្រៀងក្នុងព្រឹត្តិការណ៍សង្ក្រាននៅសៀមរាមផង។ អ្នកនាងសម្ដែងអារម្មណ៍សោកស្ដាយ ដែលបទចម្រៀងត្រូវបានទទួលបានការគាំទ្រត្រូវនឹងបរិបទដែលមានការគាំទ្រ ប៉ុន្តែពេលវេលាជាក់ស្ដែងមិនអាចអំណោយផលឲ្យ។ យ៉ាងណាមិញអ្នកនាងថានោះបណ្ដាលមកពីអ្នកនាងផលិតបទចម្រៀងផ្ទាល់ខ្លួនទាំងនោះ ដោយមិនបាននឹកថានឹងមានការគាំទ្រលើបទចម្រៀងបែបប្រពៃណីជាថ្មីដល់ម្លឹងប៉ុណ្ណោះ ដោយសារតែកត់សម្គាល់ថាមុនអំឡុងពេលចូលឆ្នាំកន្លងមក គេនិយមតែបទបែបបែកស្លុយ ហើយមិនសូវលើកទឹកចិត្តដល់បទប្រភេទរាំវង់រាំក្បាច់ និងសារ៉ាវ៉ាន់ជាំដើម។

អ្នកនាងឈួន សុវណ្ណឆៃ នៅតែមានគម្រោងផលិតជាMV នូវបទចម្រៀងដែលខ្លួនបានបញ្ចេញ ប៉ុន្តែសម្ដែងអារម្មណ៍ខកចិត្ត ដែលបទទាំងនោះនៅពេលផលិតចេញជាMV គឺចប់ឱកាសក្រោយចូលឆ្នាំ ដែលមិនខុសពីផលិតឲ្យតែបានៗបាត់ទៅហើយ។ អ្នកនាងថាខ្លួនមានបទផ្ទាល់ខ្លួនប្រមាណជិត២០បទ ហើយខ្លួននឹងរៀបកម្លាំងចេញថត MV ឲ្យបានគ្រប់បទ ដោយមិនខ្វល់ថាMV ដែលខ្លួនចេញថត វាចប់ចូលឆ្នាំដែលជាពេកវេលាបាត់បង់ការកញ្ជ្រោល ឬយ៉ាងណានោះទេ៕

មតិយោបល់