ព័ត៌មានសិល្បៈ និងកម្សាន្ត

វង្ស ថាណាន់ កាន់តែខ្លាំងក្នុងចំណោមអតីតCambodian Idol

ក្នុងចំណោមអតីតបេក្ខភាពដែលធ្លាប់ប្រលងក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ គេកត់សម្គាល់ថាតារាចម្រៀងលោក វង្ស ថាណាន់ មានភាពលេចធ្លោជាងគេ ដោយក្រៅពីមានការងារសិល្ប:យ៉ាងណែនពេញដៃ លោកក៏មានបទចម្រៀងលេចធ្លោវាយលុកទីផ្សារគួរឲ្យកត់សម្គាល់ផងដែរ។

យ៉ាងណាមិញ គេនៅតែមើលឃើញថាតារាចម្រៀងរូបនេះ មិនទាន់សម្រេចិត្តហក់ចូលទៅក្នុងផលិតកម្មណាមួយនៅឡើយទេ ជាពិសេសក្នុងពេលដែលគេធ្លាប់ដឹងជំហរថា លោកប្រកាន់ជំហរថាបើមិនមែនជាទ្រនំហង្សមាស ឬជាផលិតកម្មដែលមានទំនុកចិត្ត នោះលោកសុខចិត្តស្ថិតនៅឯករាជ្យ។

អ្នកគាំទ្រច្រើនឡើងបានយល់ឃើញថា ខុសពីតារាចម្រៀងដែលបានធ្លាក់ចេញពីការប្រកួតក្នុងជំនាន់ជាមួយគ្នា លោក វង្ស ថាណាន់ គឺជាអតីតបេក្ខជនឈានឡើង ដោយលោកមានការវិវត្តន៍ ទាំងស្ទីល ទឹកដមសំឡេង និងប្រជាប្រិយភាពនាពេលចុងក្រោយ។ ទោះមិនមានផលិតកម្មជ្រកកោន តែលោកបានបង្ហាញឲ្យឃើញពីការស្ទុះស្ទារនៅក្នុងវិស័យសិល្ប: តាមរយ:ការចេញបទចម្រៀងផ្ទាល់ខ្លួន ហើយចេះបត់បែន ពីច្រៀងតែបទកម្សត់ៗ មនោសញ្ចេតនា ទៅជារាំបានរស់រវើកលើឆាកតន្ត្រី។ មកទល់ពេលនេះ អតីតតារាចម្រៀងដែលត្រូវគេស្គាល់ថាធ្លាប់រស់នៅមណ្ឌលកុមារ ព្រោះតែឪពុកម្ដាយបែកបាក់គ្នាហើយបោះបង់ចោលរូបនេះ កញ្ឆក់បានទីផ្សារការងារខុសគ្នាឆ្ងាយណាស់ ក្នុងចំណោមអតីតបេក្ខជនផ្សេងទៀតក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ ខណ:ដែលកេរ្តិ៍ឈ្មោះលោកក៏បានរះឡើង មិនចាញ់តារាអាជីព។ សូម្បីតែតម្លៃខ្លនក្នុងការឡើងឆាកម្ដងៗ ក៏លោកទទួលបានកម្រិត ប្រែប្រួលខុសប្លែកផងដែរ ចាប់តាំងពីលោកមានក្រុមរាំផ្ទាល់ខ្លួន ហើយអាចតែងខ្លួនបានស្ទាវ និងពេញនិយម ធ្វើឲ្យមហាជនចាប់អារម្មណ៍។

លោក វង្ស ថាណាន់ និយាយថា ធៀបនឹងរយ:ពេលកាលពីមិនទាន់ប្រលង លោកពិតជាមានការប្រែប្រួលលើការងារសិល្ប:ច្រើនមែន ប៉ុន្តែលោកថាគោលដៅដែលខ្លួនចង់បានមិនទាន់ឈានដល់នៅឡើយទេ ដរាបណាកេរ្តិ៍ឈ្មោះមិនទាន់សុះសាយ និងមិនទាន់អាចឲ្យលោកមានលទ្ធភាពរកផ្ទះផ្ទាល់ខ្លួននៅភ្នំពេញ និងមានរថយន្តទំនើបគ្រាន់ជិះសមរម្យ។ លោកថាការងាររាល់ថ្ងៃ បានត្រឹមតែទប់ចំណាយលើការផលិតចម្រៀង លើក្រុមរាំ និងលើការតែងខ្លួនប៉ុណ្ណោះ ទើបលោកត្រូវខំបន្ថែមទៀត ដើម្បីឲ្យមានសន្ទុះឲ្យបានច្រើន ងាយស្រួលបានដល់គោលដៅ។ យ៉ាងណាមិញ លោកថាក្ដីសង្ឃឹមកាន់តែមើលឃើញច្រើន ដោយសារតែនៅរដូវក្ដៅខាងមុខ លោកមានកុងត្រាមួយចំនួនរួចហើយ ឲ្យលោកចេញសម្ដែងខនសឺត ទាំងនៅប៉ុស្ដិ៍ទូរទស្សន៍ និងតាមខេត្តក្រុង។
https://youtu.be/SQjUJutqo2g

មតិយោបល់