ខណៈដែលតារាសម្ដែង លោក ហង្ស សម្បើមស័ក្ដ បានបង្ហោះទារលុយផលិតកម្មមហង្សជុំវិញថតរឿង «សង្គ្រាមមរតក» ដោយបញ្ចាំងឡើងចប់ទៅហើយ ប៉ុន្តែនៅតែមិនបានបើកលុយដែលសល់នោះ លោក ហេង នរៈកក្កដា និងលោក អ៉ិន ត្រូវគេឃើញថាចេញមុខប្រតិកម្មតែម្ដង។ ទស្សនៈរបស់អ្នកទាំងពីរ បានធ្វើអោយម្នាក់ៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលស្រទាប់មហាជនកំពុងថ្លឹងថ្លែងថា ភាគីលោក ហង្ស សម្បើមស័ក្ដ ដែលប្រកាសទារលុយជាគឺជាត្រឹមត្រូវ ឬការបកស្រាយរបស់ផលិតករ និងតារាសម្ដែងទាំង២ គឺជារឿងសមស្របជាង។
លោក ហេង នរៈកក្កដា បានបង្ហោះនៅលើហ្វេសប៊ុកថា «ខ្ញុំសូមបញ្ចេញយោបល់បន្តិច សំរាប់ខ្ញុំថតអោយផលិតកម្ម (មហាហង្ស) ខ្ញុំដូចជាអត់ដែលមានបញ្ហាកើតឡើងចឹងសោះ ចុះមិចគេគ្រប់ៗគ្នាមានបញ្ហារហូតចឹង? ដូចរាល់ថ្ងៃនេះចឹង ខ្ញុំកំពុងបំពេញការងារអោយផលិតកម្ម (មហាហង្ស) គឺខ្ញុំកំពុងតែថតរឿង (ព្រលឹង) ខ្ញុំនិយាយដោយស្មោះត្រង់ ខ្ញុំថតអោយគាត់ខ្ញុំស៊ីថ្ងៃ ហើយកុងត្រាបាននិយាយថា ថតចប់បានមួយអាទិត្យបើកលុយ មែន! ខ្ញុំថតចប់បានមួយអាទិត្យខ្ញុំបានបើកលុយទាំងអស់មែន ហើយស្រួលធ្វើការជាមួយខាងពួកគាត់ទៀត.! តែមិចបានពួកគាត់តែងតែមានបញ្ហារហូតចឹង? តែសំរាប់ខ្ញុំគឺវាមិនដែលមានរឿងអីកើតឡើងសោះ អ្វីដែលសំខាន់បំផុត គឺយើងត្រូវមកថតអោយទាន់ពេលវេលា គោរពតាមលក្ខខណ្ឌក្នុងកុងត្រានឹងតាមនៅអ្វីដែលយើងនិយាយគ្នា..! ខ្ញុំសង្ឃឹមថាភាគីទាំងសងខាងនឹងដោះស្រាយបញ្ហានេះបានឆាប់ៗនេះ🙏»។
ស្រដៀងគ្នានឹងលោក ហេង នរៈកក្កដា ចាងហ្វាងផលិតកម្មមហាហង្ស លោក អ៉ិន បានឆ្លើយបញ្ជាក់ថា ហេតុផលដែលខាងមហាហង្សមិនព្រមបើកលុយ៥០ភាគរយអោយលោក ហង្ស សម្បើមស័ក្ដ គឺបណ្ដាលមកពីលោកមិនបានមកថតភាពយន្តរឿង«សង្គ្រាមមរតក»អោយចប់សព្វគ្រប់តាមអ្វីដែលបានព្រមព្រៀងនោះទេ ដោយភាពយន្តទាំងមូលមានចំនួន៥០ភាគ តែភាពយឺតយ៉ាវ ដែលបណ្ដាលមកពីលោក ហង្ស សម្បើមស័ក្ដ មិនមានពេលថតអោយគ្រប់គ្រាន់ ទើបធ្វើអោយក្រុមហ៊ុនសម្រេចចិត្តកាត់ប្លង់មួយចំនួនចោល ហើយថតបានតែ៣៨ភាគអោយខាងទូរទស្សន៍។ លោកបានបញ្ចេញឯកសារបណ្ដឹងមួយ ដែលមេធាវីតំណាងអោយ ក្រុមហ៊ុន បានជូនដំណឹងអោយលោក ហង្ស សម្បើមស័ក្ដ មកបំពេញការងារអោយចប់សព្វគ្រប់ ដើម្បីកុំអោយមានការសងថ្លៃខូចខាតរបស់ផលិតកម្ម ឬត្រូវបង្កកប្រាក់កម្រៃមិនទាន់បើក។ យ៉ាងណាមិញ លោកថាខ្លួនសុខចិត្តដំកល់បណ្ដឹងនោះ ដោយនៅតែប្រកាន់ជំហរបើកលុយអោយគ្រប់ដដែល ដោយគ្រាន់តែសម្រេចចិត្តបង្កកអោយយូរបន្ដិតប៉ុណ្ណោះ ដើម្បីអោយបានដឹងថាបើពេលថតរឿងធ្វើបាបផលិតករ គឺផលិតករត្រូវអោយធ្វើបាបវិញពេលសុំបើកលុយ។
មកទល់ម៉ោងនេះ គេនៅមិនទាន់ឃើញលោក ហង្ស សម្បើមស័ក្ដ បង្ហោះសំណេរថ្មីជាការឆ្លើយតបនោះទេ ក្រៅតែពីការបានបង្ហោះដដែលថា«ជំរាបសួរបងប្រុសអូនឧស្សាហ៍ខ្ញុំខលទៅបងគឺជាប់រវល់រហូតហើយខ្ញុំបានឆាតទៅបងក៏គ្មាnការឆ្លើយតបដែរមូលហេតុដែរជំរុញអោយខ្ញុំផុសព្រោះមិនមានវិធីទាក់ទងបានបងបានសន្យាបើកលុយបញ្ចប់80%ក្នុងរឿងសង្រ្គាមមរតកដែរបានដាក់បញ្ចាំងចប់បរិបូណ៍ហើយនៅស្ថានីយ៍ទូរទស្សយ៍មួយហើយលើកថ្ងៃជាមួយខ្ញុំ4ដងហើយពេលនេះខ្ញុំត្រូវការប្រើប្រាស់ចាំបាច់បើបងបានឃើញហើយសូមទាក់ទងមកប្អូនវិញផងព្រោះគួរតែគោរពសម្តីខ្លួនឯងយើងបានចរចាគ្នាថានឹងបើកបញ្ចប់ហើយបើនៅតែគ្មានការឆ្លើយតបពីបងប្រុសអូនឧស្សាហ៍វាត្រូវជំរុញអោយខ្ញុំសុំចម្លើយពីលោកអគ្គនាយកផលិតកម្មដើម្បីបង្ហាញពីទំនួលខុសត្រូវរបស់ខ្លួនសូមអគុណ!»៕
មតិយោបល់