ព័ត៌មានសិល្បៈ និងកម្សាន្ត

ហេង នរកក្កដា រកបាន៥គ្រាប់ក្នុងជំនួប ក្រុមមហាហង្ស ប៉ះ Man U Khmer

ការប្រកួតបាល់ទាត់ក្រោមដំណក់ទឹកភ្លៀងកាលពីយប់ថ្ងៃទី៥ កញ្ញា រវាងក្រុមបាល់ទាត់មហាហង្ស និងក្រុមជើងខ្លាំងមួយដែលឈ្មោះថា ក្រុមMan U Khmer តារាសម្ដែងលោកហេង នរ:កក្កដា ត្រូវបានគេមើលឃើញថាលេចធ្លោយ៉ាងខ្លាំង ដោយសារតែលោកបានជួយឲ្យក្រុមមហាហង្សឈ្នះយ៉ាងលើសលប់លើក្រុមគូប្រកួត ដល់ទៅលទ្ធផល៧-០។ អ្វីដែលគេកត់សម្គាល់ គឺលោកម្នាក់ឯង រកបានដល់ទៅ៥គ្រាប់ ដែលជួយឲ្យក្រុមមហាហង្សកើនគ្រប់ឈ្នះមិនធម្មតា ក្រោយបញ្ចប់៩០នាទី។

ការប្រកួតដែលបានធ្វើឡើងនៅក្នុងទីលានបាល់ទាត់វេស្ទឺននេះ បានធ្វើឲ្យម្នាក់ៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសពីសំណាក់អ្នកគាំទ្រក្រុមបាល់ទាត់មហាហង្សទាំងមូល ចាប់តាំងពីក្រុមដែលប្រមូលផ្ដុំដោយតារាសិល្ប:យ៉ាងកុះករមួយនេះលេចរូបរាងឡើង។

ក្រុមមហាហង្ស ប្រកួតបានឈ្នះច្រើនជាងបរាជ័យតាំងពីបានបង្ហាញខ្លួន រហូតបានក្លាយជាក្រុមល្បីឈ្មោះមួយក្នុងពិភពបាល់ទាត់ក្នុងកម្រិតមិនមែនអាជីព និងពាក់កណ្ដាលអាជីព។ ក្រុមមួយនេះ កាន់តែមានឈ្មោះបោះសំឡេងច្រើនឡើងថែមទៀត ក្រោយពីអាចប្រមូលបានសមាជិកសុទ្ធសឹងតែជាតារានៅក្នុងពិភពសិល្ប:ល្បីៗ ដោយតារាទាំងនោះក្រៅពីមានកេរ្តិ៍ឈ្មោះក្នុងស្រទាប់មហាជនក្នុងផ្នែកកំប្លែង ចម្រៀង សម្ដែង និងពិធីករ ក៏មានថ្វីជើងលេងបាល់បានល្អ គួរឲ្យភ្ញាក់ផ្អើល។ សមាភាពសមាជិកល្បីៗរួមមាន លោកហេង នរ:កក្កដា លោកលឹម ជាឡាយ លោក ភឹម តារាវិបុល នាយចឺម នាយគ្រឿន លោកសេង នរ:មង្គល និងតារាល្បីៗជាច្រើនរូបទៀត។ លោក ហេង នរ:កក្កដា ដែលជាខ្សែប្រយុទ្ធដ៏ខ្លាំងប្រចាំក្រុម ត្រូវបានគេចាត់ទុកថាជាSuper Star ក្នុងក្រុម ដោយសារតែលោករមែងជួយឲ្យក្រុមមហាហង្សរកបានគ្រាប់បាល់ជាប្រចាំស្ទើរតែគ្រប់ការប្រកួត។

លោកកាន់តែត្រូវតែបានក្រុមទាំងមូលអបអរសារទរ និងទទួលស្គាល់សមត្ថភាពខ្លាំងឡើងថែមទៀត បន្ទាប់ពីអាចរកបាន៥គ្រាប់ម្នាក់ឯង និងបានបិទក្រុម Man U Khmer មិនឲ្យរកបានសូម្បីតែមួយគ្រាប់កាលពីថ្ងៃទី៥ កញ្ញា កន្លងទៅ។ ក្នុងតង់ទី១លោករកបាន៣គ្រាប់ និងតង់ទី២រកបាន២គ្រាប់បន្ថែម ដែលចំនួនគ្រប់ទាំងនោះជួយឲ្យក្រុមមហាហង្សសង្គ្រប់បានដល់៧គ្រាប់ ឈ្នះលប់លើក្រុមគូប្រកួត។ យ៉ាងណាមិញ គេមិនមិនទាន់ដឹងថាតើតារាសម្ដែងរូបនេះ មានបំណងចង់ប្ដូរអាជីពពីតារាសម្ដែងទៅជា កីឡាបាល់ទាត់អាជីព ឬយ៉ាងណានោះទេ បើទោះជាតាំងពីបានប្រឡូកក្នុងក្រុមបាល់ទាត់មហាហង្ស គឺលោកបង្ហាញទម្រង់លេងបានល្អមិនចាញ់កីឡាករវ័យក្មេងអាជីពៗ។

ដនៅក្នុងការប្រកួតដ៏ស្វិតស្វាញនោះ គេឃើញវត្តមានតារាសម្ដែងល្បីៗបង្ហាញខ្លួនដូចជា លោក មូល សារ៉ាវ៉ាន់ ពិធីករ PNN លោកភឹម តារាវិបុល និងតារាជាច្រើនរូបទៀត ក្រៅពីលោក ហេង នរ:កក្កដា ដែលអាចរកបាន៥គ្រាប់ម្នាក់ឯង។ ជំនួបប្រកួតដែលបានធ្វើឡើងនេះ គឺបន្ទាប់ពីតារាសម្ដែង និងក្រុមផលិតករភាគច្រើន បានបញ្ចប់ការសម្ដែងភាពយន្តរឿង«ព្រលឹង» ដែលត្រៀមដាក់បញ្ចាំងគ្រប់រោងកុនក្នុងពេលខាងមុខ ដែលជ័យជម្នះ៧-០ ក៏មិនខុសពីអបអរភាពយន្តនេះត្រូវបានថតបញ្ចប់៕

មតិយោបល់