ភ្នំពេញៈ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីលួចមានស្ថានទម្ងន់ទោស (ប្រើកាំបិតប៉័ងតោ គំរាមប្លន់យកទូរសព្ទដៃ) នៅមុខវិទ្យាល័យច្បារអំពៅ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោង២និង៣០នាទី រំលងអធ្រាត្រ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទឹម វឌ្ឍនៈ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ជនសង្ស័យប្រើប្រាស់គ្រឿងញៀន៣ឆ្នាំ។
ចំណែកជនរងគ្រោះឈ្មោះ អ៊ុក ចន្នី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៤ ភូមិក្តីតាកុយ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ។
មុនពេលកើតហេតុ ជនរងគ្រោះដើរចេញពីផ្ទះមិត្តភក្តិនៅផ្សារអំពៅត្រឡប់ទៅផ្ទះនៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យបានយកកាំបិតប៉័ងតោ មកគំរាមប្លន់យកទូរសព្ទដៃជនរងគ្រោះម៉ាក iPhone6 ពណ៌ទឹកមាស រួចគេចខ្លួនយកទូរសព្ទទៅបញ្ចាំនៅម្តុំច្បារអំពៅ បានលុយ២០ម៉ឺនរៀល យកទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។ លុះដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោង៦និង៣០នាទី ជនរងគ្រោះឃើញជនសង្ស័យនៅមុខវត្តនិរោធ ភូមិបឹងឈូក សង្កាត់និរោធ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅចាត់ការតាមច្បាប់។ ចំណែកកាំបិតជនសង្ស័យបោះចោលបាត់៕
មតិយោបល់