ព័ត៌មានសិល្បៈ និងកម្សាន្ត

មូលហេតុដែល សៅ ឧត្តម មិនព្រមជ្រកក្នុងផលិតកម្មណាមួយ

ភ្នំពេញៈ អតីតបេក្ខជនកម្មវិធី Cambodian Idol បានធ្វើការអះអាងថា បច្ចុប្បន្ននេះ លោកពុំមានទ្រនំច្រៀងនោះទេ ដោយសម្ងំផលិតបទចម្រៀង Original Song ដោយខ្លួនឯង វាស្រួលចិត្តស្រួលថ្លើមជាងមានទ្រនំជ្រកកោន។

ថ្លែងប្រាប់អ្នកយកព័ត៌មានរបស់ Post News កាលពីល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ លោក សៅ ឧត្តម ឲ្យដឹងថា ក្រោយបញ្ចប់កម្មវិធី Cambodian Idol ទៅលោកអត់មានទ្រនំជ្រកកោននោះទេ ដោយលោកសូមច្រៀងជាលក្ខណៈឯករាជ្យ ហើយក៏មិនចង់ចូលផលិតកម្មណាមួយដែរ ។

សៅ ឧត្តម ថា«ខ្ញុំមិនចូលផលិតកម្មណាមួយនោះទេ ព្រោះថាច្បាប់ក្នុងផលិតកម្ម មើលទៅវាពិបាក និងស៊ាំញ៉ាំ ខ្លាំងណាស់ ចឹងហើយខ្ញុំ សុខ ចិត្ត ច្រៀងជាលក្ខណៈឯកជនប្រសើរជាង» ។

តារាចម្រៀងខ្មៅស្រអែម ខ្ពស់ស្រឡះ រាងសង្ហារ បានអះអាងផងដែរថា បើយើងក្រឡេកទៅមើល ប្រទេសជិតខាង ជាពិសេស បេក្ខជន ដែលចេញពី កម្មវិធីលំដាប់ពិភពលោក គេតែងតែច្រៀងជាលក្ខណៈឯករាជ្យ ចឹងហើយអាចនិយាយបានថា លោកអាចយកស្តាយ៍តាមគេក៏ថាបានដែរ ទាំងស៊េរីភាព ស្រួលចិត្ត និង ស្រួលថ្លើម។

គួរបញ្ជាក់ផងដែរថា សៅ ឧត្តម និងបញ្ចេញបទចម្រៀង មួយបទរបស់ខ្លួន Original Song នៅខាងមុខ ក្រោមចំណងជើងថា «ម្នាក់នេះ ឬម្នាក់នោះ»៕

មតិយោបល់