បន្ទាយមានជ័យៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងដឹកអ្នកដំណើរ បានបើកបុកជាមួយរថយន្តយីឌុប និងបើកទៅប៉ះនឹងរថយន្តតួរីស និងរថយន្តប៉ែនទៀត បណ្តាលឲ្យរថយន្តទាំងអស់ខូចខាតយ៉ាងដំណំរៀងៗខ្លួន។ ហេតុការណ៍បុកបន្ដបន្ទាប់គ្នានេះ បានកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៩៨-៣៩៩ ស្ថិតនៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា មុនពេលកើតហេតុនោះ មានរថយន្តក្រុងពាក់ស្លាកលេខ ភ្នំពេញ 3D-3567 បើកដោយឈ្មោះ ផេង សាម៉ុន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្រុងភ្នំពេញ បើកតាមផ្លូវជាតិលេខ៥ លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តនោះបានរេចង្កូតទៅប៉ះ និងរថយន្តយីឌុប បើកពីមុខពាក់ស្លាកលេខ ស្វាយរៀង 3A-0551 បើកដោយឈ្មោះ ឃួន សុខរឿម ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបន្តទៅប៉ះនឹងរថយន្តតួរីសពាក់ផ្លាកលេខ ភ្នំពេញ 2P-7147 បើកដោយឈ្មោះ នង ម៉េងស្រស់ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិជើងវត្ត ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំបណ្តាល ឲ្យរថយន្តនោះធ្លាក់ផ្លូវខូចខាតធ្ងន់ធ្ងរ ហើយបន្តទៅប៉ះនឹងរថយន្តបែនដឹកដីរបស់ចិនគ្មានស្លាកលេខកម្មសិទ្ធិរបស់ក្រុមហ៊ុនចិនធ្វើផ្លូវជាតិលេខ៥៩ បើកដោយឈ្មោះ ទេព ចិន្តា ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅក្រុងភ្នំពេញ ក្នុងហេតុការណ៍បុកគ្នាបន្តកន្ទុយនោះ មិនបណ្តាលឲ្យមានមនុស្សរងគ្រោះទេ។
លោកបានបញ្ជាក់ទៀតថា មូលហេតុបណ្តាលឲ្យប៉ះគ្នានោះ ដោយសាររថយន្តបែនដឹកដីខូចលើទ្រូងផ្លូវ ហើយរថយន្តបែនដឹកដីមួយទៀតមក ចតទន្ទឹមគ្នាដើម្បីកូវអាគុយបញ្ឆេះនឹងមានភ្លៀងធ្លាក់ មានដីរអិលផង។ ក្រោយពីកើតហេតុរួច រថយន្តខូចស្រាល២គ្រឿង ខូចធ្ងន់១គ្រឿង។ ចំពោះរថយន្តខូចខាតស្រាលត្រូវបានស្រុះស្រួលគ្នាជួសជុលរៀងខ្លួន ចំពោះរថយន្តខូចធ្ងន់ នឹងរថយន្តបង្កត្រូវរក្សារទុកនៅអធិការក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់៕
មតិយោបល់