ព័ត៌មានជាតិ

ចាប់ខ្លួនយុវជនម្នាក់ ពីបទជួញដូរគ្រឿងញៀន

ឧត្តរមានជ័យ: កាលពីវេលាម៉ោង១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ច នគរបាលស្រុកបន្ទាយអំពិល សហការជាមួយនគរបាលមូលដ្ឋាន ចុះចាប់ខ្លួនយុវជនម្នាក់ តាមដីកាបង្គាប់ របស់តុលាការ ពីបទជួញដូរសារធាតុញៀនដោយខុសច្បាប់។

ប្រតិបត្តិការនេះ មានកម្លាំងនគរបាលស្រុកបន្ទាយអំពិល ចំនួន៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឃុល ភិន អធិការរង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអំពិល ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ០០៣/១៦ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ របស់លោក អាំង សុភា ចៅក្រុមជំនុំជម្រះ នៃសាលាដំបូងខេត្តឧត្តរមានជ័យ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ផាន់ ម៉ែត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិអំពិលថ្មី ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ពីបទជួញដូរគ្រឿងញៀន ដែលប្រព្រឹត្តនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥។

លោកវរសេនីយ៍ត្រី ឃុល ភិន បានឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីរង់ចាំការវិនិច្ឆ័យទោសទៅតាមច្បាប់៕

មតិយោបល់